អ្នកជំនាញសេដ្ឋកិច្ច៖ការបណ្តុះបណ្តាលបច្ចេកទេស​របស់រាជរដ្ឋាភិបាលគឺជាយុទ្ធសាស្រ្តចាប់វិស័យឧស្សាហកម្មពីប្រទេសអភិវឌ្ឍន៍

ភ្នំពេញ៖អ្នកជំនាញសេដ្ឋកិច្ចនៅកម្ពុជា បានមើលឃើញថា គោលនយោបាយបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈមិនត្រឹមតែអាចពង្រីកកម្លាំងជំនាញក្នុងស្រុកទេ តែ​ជាយុទ្ធសាស្រ្តចាប់យកអ្នកវិនិយោគខាងវិស័យឧស្សា​ហកម្មធំតូច និងមធ្យមដែលកំពុងហូរចេញពីបណ្តាប្រទេសអភិវឌ្ឍមកកាន់ប្រទេសកំពុងអភិវឌ្ឍន៍ ។   

អ្នកជំនាញសេដ្ឋកិច្ចលោក​ គី សេរីវឌ្ឍន៍ បានថ្លែង​ឱ្យដឹង​ថា មូលធនមនុស្សគឺជាសសរស្តម្ភមួយនៃយុទ្ធសា​ស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧នេះ ហើយការដាក់ឱ្យមានគោលនយោបាយជា​តិស្តីពីការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈគឺជាយុទ្ធសាស្រ្តមួយក្នុងចំណោមកិច្ចការអាទិភា​ពនានារបស់ខ្លួន។ ​

លោកបានថ្លែង​ថា ៖ «ប្រទេសសិង្ហបុរីគេបានអនុវត្ត​លើគោលនយោបាយបណ្តុះបណ្តាលជំនាញបច្ចេ​ក​ទេស​ និងវិជ្ជាជីវៈនេះបានជិត៤០ឆ្នាំហើយ ។ដោយឡែកកម្ពុជាក៏បានចាប់ផ្តើមលើគោលនយោបាយថ្នាក់ជា​តិមួយនេះផងដែរ។ នេះគឺជាការចាប់ផ្តើមមួយដ៏សំខាន់ណាស់ ជាការចាប់ផ្តើមថ្មីមួយដើម្បីជំរុញសេដ្ឋកិច្ចជាតិមួយដ៏ចាំបាច់ តាមរយៈការបង្កើនកម្លាំងជំនាញលើការផលិតក្នុងស្រុក»។ ​

អ្នកជំនាញសេដ្ឋកិច្ចរូបនេះ ​បញ្ជាក់ផងដែរថា ការដាក់ចេញនូវគោលនយោបាយថ្នាក់ជាតិលើការបណ្តុះបណ្តាលជំនាញបច្ចេកទេសនេះ ក៏ជាយន្តការផ្តល់ផលប្រយោជន៍ និងជំរុញសេដ្ឋកិច្ចរយៈពេលវែងផងដែរ​។ ​លោក គី សេរីវឌ្ឍន៍ មើលឃើញថា យន្តការនេះអាចទាក់ទាញអ្នកវិនិយោគពីក្រៅប្រទេស និងលើកកម្ពស់លើវិស័យឧស្សាហកម្ម និងវិស័យផលិតកម្ម លើសហគ្រាសធន់តូច និងមធ្យមនៅកម្ពុជានាពេលអនាគតផងដែរ។​

លោកបានបញ្ជាក់ថា ៖ «កាលណាយើងពុំមានកម្លាំងជំនាញទេ គឺយើងមិនអាចទាញការវិនិយោគធំៗពីក្រៅប្រទេសបាននោះទេ បើទោះបីរាជរដ្ឋាភិបាលលើកលែងពន្ធ ឬក៏ផ្តល់ការលើកទឹកចិត្តផ្សេងៗដល់ការវិនិ​យោគក៏ដោយ វានៅតែពិបាកដដែល ព្រោះយើងខ្វះកម្លាំងពលកម្មជំនាញ»។​

គោលនយោបាយថ្នាក់ជាតិលើការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនេះ អាចជាយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលអាណត្តិថ្មីក្នុងការត្រៀមខ្លួនស្វាគមន៍វិនិយោគខាងវិស័យឧស្សាហកម្មពីបណ្តាប្រទេសអភិវឌ្ឍន៍មកកាន់កម្ពុជា ដែលកត្តានេះហើយរាជរដ្ឋាភិបាលបានដាក់គោលដៅដុតដៃដុតជើងក្នុងការពង្រីកកម្លាំងជំនាញ ឬក៏មូលធនមនុស្សនេះ។ លោក គី សេរីវឌ្ឍន៍ បាន​បញ្ជាក់បន្ថែម។

លោកបានបន្តថា ៖ «លំហូរវិនិយោគលើវិស័យឧស្សាហកម្មមកពីប្រទេសចិន ឥណ្ឌា រុស្សី និងបណ្តាប្រ​ទេ​សអភិវឌ្ឍបាននិងកំពុងហូរចូលមកកាន់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍​ ដូច្នេះកម្ពុជាត្រូវចេះឆ្លៀតឱកា​ស​នេះ​លើការទាក់ទាញការ​វិនិយោគ និងលំហូរសេដ្ឋកិច្ចទាំងនេះ តាមរយៈការ​ពង្រីកសមត្ថភាពជំនាញរបស់ពលរដ្ឋ»។

លោកក៏បាន​អំពាវនាវឱ្យពលរដ្ឋក្រីក្រ និងងាយរងគ្រោះ ក៏ដូចជាពលរដ្ឋទូទៅមកទទួលយកវគ្គបណ្តុះបណ្តា​លនេះដើម្បីបង្កើនសមត្ថភាពរបស់ខ្លួនឯងពីអតិពលកម្ម មកជាកម្លាំងជំនាញវិញ ដើម្បីមានឱកាសវិវត្តខ្លួនមកចាប់យកឱកាសការងារនៅវិស័យធំៗ ដែលមានប្រាក់ចំណូលខ្ពស់ជាងមុន។​

ចំណែកនាយកនៃមជ្ឈមណ្ឌលនវានុវត្តន៍ផ្នែកអភិបាលកិច្ច និងប្រជាធិបតេយ្យនៃវិទ្យាស្ថានចក្ខុវិស័យ​អា​ស៊ី លោក​ ឆេង គឹមឡុង បានថ្លែង​ឱ្យដឹងដែរ​ថា ការបណ្តុះបណ្តាលបច្ចេកទេស និង​វិជ្ជាជីវៈគឺមានសារសំ​ខា​ន់ណាស់សម្រាប់ពលរដ្ឋក្រីក្រ និងងាយរងគ្រោះ ​ព្រោះពួកគាត់អាចមានជំនាញ ហើយអាចឆ្លើយតបទៅ​លក្ខខណ្ឌការងារនៅក្នុងស្រុកបាន និង​មានចំណូលខ្ពស់​ជាងមុន។ ​

លោកបានឱ្យដឹងថា ៖ «ការលើកកម្ពស់កម្លាំងជំនាញបច្ចេកទេស និងវិជ្ជាជីវៈគឺជាផ្នែកមួយដែល​ធ្វើ​ឱ្យពលរដ្ឋ​ឆ្លើយ​តបទៅនឹងវិបត្តិផ្សេងៗ ឆ្លើយតបក្នុងន័យថាពួកគាត់ទទួលបានចំណេះជំនាញថ្មីៗសមស្របទៅនឹងស្ថានភាពការងារបច្ចុប្បន្ន»។ ​

លោកបាន​បន្ត​ថា ការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនេះមានទិសដៅ៣សំខាន់ គឺ​​ បណ្តុះបណ្តាលជំនាញដែលមានស្រាប់, បណ្តុះបណ្តាលជំនាញ​ថ្មីៗ និង​បណ្តុះបណ្តាលជំនាញបន្ថែម (Reskill)។ ទាំងនេះសុទ្ធសឹងតែជាទិសដៅសំខាន់ៗក្នុងយន្តការជាតិនេះ ដែលរាជរដ្ឋាភិបាលគួរតែយកចិត្តទុកដាក់ និ​ងផ្តោតលើការបណ្តុះបណ្តាលនាពេលខាងមុខ។ ​

លោក ឆេង គឹមឡុង មានប្រសាសន៍​ថា ៖ «កាលណាកម្ពុជាជោគជ័យលើការបណ្តុះបណ្តាលនេះ កម្ពុជានឹ​ងប្រែក្លាយជាប្រទេសដែលមានភាពទាក់ទាញ។ មានន័យថា ទាក់ទាញការវិនិយោគពីខាងក្រៅមកហើ​យ យើងអ្នកនៅក្នុងស្រុកបានត្រៀមខ្លួនរួចជាស្រេចលើកម្លាំងជំនាញដែលយើងមាន»។ ​

កាលពីពេលថ្មីៗកន្លងទៅនេះ សម្ដេចធិបតីនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ​បានលើកឡើង​ថា រាជរដ្ឋាភិបាលអា​ណត្តិថ្មីនេះ បានដាក់ចេញនូវគោលនយោបាយលើការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈលើគ្រួសារក្រីក្រ និងងាយរងហានិភ័យឱ្យ​បាន១,៥ លាននាក់​ ហើយសម្ដេចផ្ទាល់នឹង​ប្រកាសដាក់ឱ្យ​អនុវត្ត​ជាផ្លូវការនៅ​វគ្គបណ្តុះបណ្តាលនេះនៅថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ២០២៣​ខាងមុខននេះ។

ទាក់ទងនឹងការបណ្តុះបណ្តាល​ជំនាញនេះដែរ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួង​ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែង​កាលពីថ្ងៃទី៧ ខែវិច្ឆិកាថា ការ​បណ្តុះបណ្តាល​ជំនាញបច្ចេកទេសវិជ្ជាជីវៈ ដល់យុវជនមកពីគ្រួសារក្រីក្រ គ្រួសារងាយ​រងហានិភ័យ និងកម្មករនិយោជិត​ប្រមាណ១,៥លាននេះ គឺក្រសួង​បាន​បញ្ចប់ និង​ត្រៀមលក្ខណៈ​សម្បត្តិ​ជាមួយ​ស្ថាប័ន និង​ដៃគូពាក់ព័ន្ធ​កំណត់​យន្តការមុខ​សញ្ញា វិធីសាស្រ្ត ចុះឈ្មោះសិស្ស កម្មវិធីសិក្សា និង​សេចក្តីជូនដំនឹង​នានា​ផងដែរ​។

ឯកឧត្តម​បានថ្លែងថា ៖ «ក្រសួងបា​នជ្រើសរើស​វិស័យ​ចំនួន​១០ និង​ជំនាញអាទិភាពចំនួន​៣៨ មុខ​ជំនាញ សម្រាប់​ជំហានដំបូង ដែលទីផ្សារ​ការងារ​កំពុងមាន​តម្រូវ​ការខ្ពស់ និង​បាន​បញ្ចប់​ការធ្វើ​វិក្រឹតការគ្រូបច្ចេ​កទេសចំនួន​២៤៨នាក់ កាលពី​ថ្ងៃទី​៤ ខែវិច្ឆិកា​ផងដែរ​»៕

ដោយ៖វង្ស ដារាវ៉ាឌី

ads banner