ខេត្តសៀមរាបជាគោលដៅទេសចរណ៍ដ៏ពេញនិយមមួយក្នុងប្រទេសកម្ពុជា ដែលមានតំបន់ទេសចរណ៍សំខាន់ចំនួន ៣ រួមមាន ៖ ឧទ្យាន បុរាណវិទ្យា និង អង្គរ

(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប សហការជាមួយ GIZ និង Siem Reap Tourism Club-STC បានរៀបចំសិក្ខាសាលាស្តីពី “គ្មានការប្រើប្រាស់ផ្លាស្ទិកតាមលំនាំដើម” នៅសណ្ឋាគារ មីរ៉ាខល អង្គរ រីសត និងស្បា នាព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ ២០២៣នេះ។ ក្នុងខេត្តសៀមរាប គឺជាគោលដៅទេសចរណ៍ដ៏ពេញនិយមមួយក្នុងប្រទេសកម្ពុជា ដែលមានតំបន់ទេសចរណ៍សំខាន់ចំនួន ៣ រួមមាន ឧទ្យាន បុរាណវិទ្យា និងអង្គរ តំបន់ទេសចរណ៍ធម្មជាតិ និងកណ្តាលទីក្រុង ។

លោក យុន លីនណេ អភិបាលរងខេត្តសៀមរាប បានថ្លែងបែបនេះ នៅក្នុងអង្គសិក្ខាសាលាស្តីពី “គ្មានការប្រើប្រាស់ផ្លាស្ទិកតាមលំនាំដើម” បើទោះជាយ៉ាងណាក៏ដោយ ជាមួយនឹងការកើនឡើងនៃចំនួនប្រជាជន និងការកើនឡើងនៃសកម្មភាពទេសចរណ៍ ការគ្រប់គ្រងសំណល់ឱ្យបានត្រឹមត្រូវបានក្លាយជាកត្តាសំខាន់ក្នុងការថែរក្សាអនាម័យទីក្រុង ការពារបរិស្ថាន និងធានាបាននូវសុខុមាលភាពរបស់អ្នករស់នៅ និងភ្ញៀវទេសចរណ៍ផងដែរ ។

លោក បានបន្តថា ដូច្នេះ មានតែយើងគ្រប់គ្នាចូលរួមទប់ស្កាត់ និងពន្យល់ដល់បងប្អូនប្រជាពលរដ្ឋឲ្យពួកគាត់ចូលរួមដោយគ្មានការប្រើប្រាស់ផ្លាស្ទិកសម្រាប់វិចខ្ចប់ម្ហូបអាហារនិងវត្ថុផ្សេងៗទៀតជាចាំបាច់ ជាពិសេស ម្ចាស់សហគ្រាសតូចធំ ម្ចាស់ភោជនីយដ្ឋាន អាហារដ្ឋាន ហាងកាហ្វេ និងអាជីវករ អាជីវកម្មជាដើម។

លោក បានបញ្ជាក់ទៀតថា ករណីការប្រើប្លាស្ទិកនេះ គឺមានហានីភ័យដល់យើងគ្រប់គ្នា ក្រោយពីយើងបានប្រើប្រាស់រួចមិនបានទុកដាក់ឲ្យត្រឹមត្រូវ គឺធ្វើឲ្យបំពុលដល់បរិស្ថានលើភពផែនដី ព្រមទាំងមានផលប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ដោយមិនដឹងខ្លួនទៀតផង ។

លោក អភិបាលរងខេត្ត បានបង្ហាញថា អង្គសិក្ខាសាលានេះ គឺពិតជាមានសារៈសំខាន់ខ្លំាងណាស់ ចំពោះអាជីវករពាក់ព័ន្ធទំាងអស់ ក្នុងវិស័យម្ហូបអាហារ និងភេសជ្ជៈ ក្នុងការបង្កើនការយល់ដឹងពីការគ្រប់គ្រងកាកសំណល់ និង ការកាត់បន្ថយការប្រើប្រាស់ផលិតផលប្លាស្ទិកប្រើបានតែមួយដង នៅក្នុងភោជនីយដ្ឋាន ហាងកាហ្វេ និងកន្លែងលក់ម្ហូបអាហារទាំងអស់ក្នុងខេត្តសៀមរាប ហើយក៏ដូចជា ការផ្តល់ឱកាសដល់អាជីវករក្នុងវិស័យម្ហូបអាហារ និងភេសជ្ជៈ បានចែករំលែកពីបទពិសោធន៍ជោគជ័យ ក្នុងការកាត់បន្ថយការប្រើប្រាស់ផលិតផលប្លាស្ទិកប្រើបានតែមួយដង និងការអនុវត្ត ដែលគិតគូរពីបរិស្ថានក្នុងការប្រកបរបរអាជីវកម្មរបស់ខ្លួនផងដែរ ។

សូមបញ្ជាក់ថា វិស័យម្ហូបអាហារ និងភេសជ្ជៈដើរតួនាទីយ៉ាងសំខាន់ក្នុងសេដ្ឋកិច្ច និងឧស្សាហកម្មទេសចរណ៍របស់ខេត្តសៀមរាប ដោយទាក់ទាញភ្ញៀវជាប្រចាំថ្ងៃឱ្យមកភោជនីយដ្ឋាន ហាងកាហ្វេ និងអាជីវកម្មអាហារផ្សេងៗទៀត។ ការប្រើប្រាស់ប្លាស្ទីកកើនឡើងជាមួយនឹងកំណើននៃវិស័យនេះ ជម្រើសប្រកបដោយនិរន្តរភាព និងការប្តេជ្ញាចិត្តពីវិស័យអាហារ និងភេសជ្ជៈ (F&B) គឺត្រូវការជាបន្ទាន់។ កាកសំណល់ផ្លាស្ទិកដែលកើតចេញពីការវេចខ្ចប់ សេវាអតិថិជន និងប្រភពផ្សេងៗទៀត រួមចំណែកយ៉ាងសំខាន់ដល់បញ្ហាប្រឈមក្នុងការគ្រប់គ្រងកាកសំណល់របស់ខេត្តសៀមរាប ៕

ដោយ ៖ ស៊ាន សុផាត

ads banner