ធនធានមនុស្ស មានសារៈសំខាន់ជាយុទ្ធសាស្ត្រ ធានាដល់ការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយ គុណភាព និរន្តរភាព និងបរិយាបន្ន
ភ្នំពេញ៖ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លើកឡើងថា កសាងមូលធនមនុស្ស និងការគិតគូរកម្មវិធីសិក្សាប្រកបដោយភាពច្នៃប្រឌិត និងភាពរស់រវើក ធានាឱ្យបានអ្នកបម្រើការងារក្នុងវិស័យទេសចរណ៍មានសមត្ថភាព និងក្រមសីលធម៌វិជ្ជាជីវៈ ដែលអាចសម្របខ្លួនបានទៅនឹងការប្រែប្រួលនាពេលអនាគត និងរក្សាបាននូវឧត្តមភាពប្រកួតប្រជែងខ្ពស់របស់កម្ពុជានៅក្នុងតំបន់ និងសកលលោក។ ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនអង្គពិធីនូវគំនិតផ្តួចផ្តើមយុទ្ធសាស្រ្ត “ បង្កើន៥” និង “ អភិវឌ្ឍ៣” (BUILD plus 3Ds) ផ្តោតលើការអភិវឌ្ឍធនធានមនុស្សដែលជាកត្តាស្នូលមួយ និងត្រូវការរៀបចំយន្តការអនុវត្តឱ្យបានល្អ ដើម្បីធានាប្រសិទ្ធភាពក្នុងការបណ្តុះបណ្តាល។ ការថ្លែងបែបនេះ ធ្វើឡើងក្នុងដំណើរទស្សនកិច្ច និងត្រួតពិនិត្យវឌ្ឍនភាពការងារសាងសង់នៅការដ្ឋានអគារសាលាវិជ្ជាជីវៈទេសចរណ៍ និងសំណេះសំណាលជាមួយបុគ្គលិក កម្មករ កម្មការនីរបស់ក្រុមហ៊ុនសាងសង់ សរុប២៥០នាក់ នៅខេត្តព្រះសីហនុ កាលពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣។
ឯកឧត្តម រដ្ឋមន្ត្រី បានបញ្ជាក់ពីសារៈសំខាន់នៃសាលាវិជ្ជាជីវៈទេសចរណ៍ ទាំងនៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ដែលជាសមិទ្ធផលដ៏ចាំបាច់ថ្មីមួយបន្ថែមទៀតក្នុងការបង្កើនការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ ដែលនឹងផ្តល់ឱកាសឱ្យសិស្ស និសិ្សត យុវជន អ្នកបម្រើការងារក្នុងវិស័យទេសចរណ៍ និងអ្នកដែលមកពីគ្រួសារខ្សត់ខ្សោយ និងងាយរងគ្រោះ អាចមានលទ្ធភាពទទួលបានការបណ្តុះបណ្តាលតាមស្តង់ដាជាតិ និងអាស៊ាន ឱ្យទទួលបានជំនាញពិតប្រាកដ ដើម្បីលើកកម្ពស់កម្រិតជីវភាពរស់នៅ និងចូលរួមអភិវឌ្ឍន៍វិស័យទេសចរណ៍ កម្ពុជា ប្រកបដោយគុណភាព និរន្តរភាព និងបរិយាបន្ន។
ឯកឧត្តមរដ្ឋមន្រ្តី បានកោតសរសើរ និងវាយតម្លៃខ្ពស់ ដល់វឌ្ឍនភាពនៃគម្រោង តាមផែនការគ្រោងទុក និងបានស្នើឱ្យបន្តជំរុញបញ្ចប់ការសាងសង់អគារសាលាទាំងពីរទីតាំង ឈានទៅដាក់ឱ្យដំណើរការជាផ្លូវការនៅក្នុងឆមាសទី២ ឆ្នាំ២០២៤ ខាងមុខ ដើម្បីចូលរួមបណ្តុះបណ្តាល បង្កើនកម្លាំងពលកម្មជំនាញក្នុងវិស័យ ទេសចរណ៍ ទាំងបរិមាណ និងគុណភាព សំដៅសម្រេចបានគោលដៅយុទ្ធសាស្ត្រក្នុងការ បណ្តុះបណ្តាលរបស់ក្រសួងទេសចរណ៍ ក៏ដូចជាចូលរួមអនុវត្តគោលនយោបាយអភិវឌ្ឍន៍មូលធនមនុស្សរបស់រាជរដ្ឋាភិបាល អាណត្តិទី៧ ឱ្យសម្រេចបានជោគជ័យ៕ ដោយ ចាន់ វិចិត្រ







