ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ដឹកនាំប្រតិភូ ដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធ ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា

(ភ្នំពេញ)៖ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគររូបនីយ៍កម្ម និងសំណង់ នៅរសៀលថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៣ បានដឹកនាំប្រតិភូថ្នាក់ដឹកនាំនិងមន្រ្តីរាជការ ចូលរួមដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ ក្នុងឱកាសនៃពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា (៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២៣)និងទិវាកំណើតកងយោធពលខេមរភូមិន្ទ នៅវិមានឯករាជ្យ រាជធានីភ្នំពេញ។

បន្ទាប់មកប្រតិភូក្រសួងរៀបចំដែនដី នគររូបនីយ៍កម្ម និងសំណង់បានដាក់កម្រងផ្កា និងគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រខ្មែរ “ព្រះបរមរតនកោដ្ឋ” នៅមណ្ឌលព្រះបរមរូប ខាងកើតវិមានឯករាជ្យផងដែរ។ ការចូលគោរពព្រះវិញ្ញាណក្ខន្ធនេះ ដើម្បីរលឹកនឹកដល់គុណូបការៈ និងវីរភាពដ៏ធំធេងរបស់ សម្តេចព្រះបរមរតនកោដ្ឋ ដែលបានយាងបំពេញព្រះរាជបូជនីយកិច្ច និងបូជាអស់កម្លាំងព្រះកាយពល បញ្ញាញាណ ក្នុងការដណ្តើមឯករាជ្យពីប្រទេសបារាំង។

គួររំលឹកផងដែរថា ទិវាបុណ្យឯករាជ្យជាតិ នៅថ្ងៃស្អែក គឺខួប៧០ឆ្នាំ ដែលប្រជាជាតិកម្ពុជាទាំងមូល បានរំដោះខ្លួនទាំងស្រុងចេញពីអាណានិគមបារាំង ក្រោមព្រះរាជបូជនីយកិច្ចដឹកនាំរបស់ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ” ដែលព្រះអង្គបានបូជាអស់កម្លាំងកាយចិត្តទាមទារយកឯករាជ្យដល់ព្រះរាជាណាចក្រកម្ពុជានៃយើង ពីបារាំង នៅថ្ងៃទី៩ ខែវិឆ្ឆិកា ឆ្នាំ១៩៥៣។ ព្រះវីរៈភាពដ៏អង់អាចក្លាហាននេះ គឺជាព្រះរាជគំរូដ៏ល្អដល់កូនចៅជំនាន់ក្រោយ ក្នុងការកសាង ការពារបូរណភាពទឹកដី។ ផ្តើមចេញពីគំរូព្រះវីរៈភាពនេះ រាជរដ្ឋាភិបាលកម្ពុជា ក្រោមកិច្ចដឹកនាំដ៏ឈ្លាសវៃប្រកបដោយ គតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់សមេ្តចអគ្គមហាសេនាតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឲ្យប្រទេសជាតិ ទាំងមូល មានកិច្ចអភិវឌ្ឍន៍រីកចម្រើន លើគ្រប់វិស័យ និង បានលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ កាន់តែមានភាពល្អប្រសើរឡើង ពីមួយថ្ងៃទៅមួយថ្ងៃ ៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner