ក្រសួងបរិស្ថាន៖គិតត្រឹមថ្ងៃទី ៧ ខែ វិច្ឆិកា ឆ្នាំ ២០២៣មានអ្នកចូលរួមអនុវត្តលើប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» សរុបជាង២លាន៥សែននាក់
(ភ្នំពេញ)៖ គិតត្រឹមថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ទិន្នន័យសរុប សម្រាប់ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ទូទាំងប្រទេស អនុវត្ត លើប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ»បានកើនជាង ២លាន៥សែននាក់ហើយ ។ នេះបើតាមការឱ្យដឹង ពីសំណាក់ ក្រសួងបរិស្ថាន។

តាមទិន្នន័យខាងលើនេះដែរបានបង្ហាញពីស្តិតិដូចជា៖សាលារៀន ផ្សព្វផ្សាយបានចំនួន ៥, ៦៩២ លើក, លោកគ្រូអ្នកគ្រូ ចូលរួម សរុបចំនួន ១០០, ០៧៥ នាក់ ,សិស្សានុសិស្សចូលរួមសរុបចំនួន ២, ៤០៨, ៧៩៩ នាក់,ផ្សព្វផ្សាយបានចំនួន ៧,៤០៩ លើក,ក្រុង/ស្រុក ១៦៨,អ្នកចូលរួមសរុបចំនួន,២,៥០៨,៨៧៤ នាក់,សាលារដ្ឋផ្សព្វផ្សាយបានចំនួន ៤,៧០៩ លើក,សាលាឯកជនផ្សព្វផ្សាយបានចំនួន ១៦៨ លើក។

គួរបញ្ជាក់ថាឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួង បរិស្ថាន បានលើកឡើងក្នុងយុទ្ធនាការនេះនាកន្លងមកថា ប្រសិន បើសិស្សម្នាក់ ឬ គ្រូម្នាក់ ក៏ដូចជាប្រជាពលរដ្ឋម្នាក់ បានចូលរួម ក្នុងយុទ្ធនាការនេះ នឹងមានមនុស្សយ៉ាងហោចណាស់ ៣នាក់ទៀត រួមមាន ឪពុក ម្តាយ បង ឬប្អូន បានចូលរួមកាត់បន្ថយការប្រើ ប្រាស់ ប្លាស្ទិកនេះ ហើយដែលធ្វើឲ្យប្រជាពលរដ្ឋជិតពាក់កណ្តាល នៃចំនួនប្រជាជនកម្ពុជា។
ឯកឧត្តរដ្ឋមន្រ្តីក្រសួងបរិស្ថាន បាន សង្កត់ ធ្ងន់ថា យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក បានគ្រប ដណ្តប់លើផ្ទៃប្រទេស ដែលបង្កើនសកម្មភាពចូលរួម ឲ្យបរិស្ថាន ស្អាត នៅតាមមូលដ្ឋាននានា ក្រៅពីនៅតាមសាលារៀន រោងចក្រ សហគ្រាសថែមទៀត។

ជាមួយគ្នាឯកឧត្តម រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានបញ្ជាក់បន្ថែមថា ជោគជ័យនៃយុទ្ធនាការនេះ មិនអាចកើតឡើងបានទេ ប្រសិនបើគ្មានការគាំទ្រ និងការចូលរួមពីភាគីពាក់ព័ន្ធនានា និងកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់យើងម្នាក់ៗ ដែលមានគោលដៅ ចូលរួមកែប្រែឥរិយាបថរបស់មនុស្សទាំងក្នុងជំនាន់នេះ និងនាពេលអនាគតផងដែរ។

ឯកឧត្តមរដ្ឋមន្រ្តី បានសំដែងនូវក្តីសង្ឃឹមថាយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» នឹងដោះស្រាយបញ្ហាសំណល់ប្លាស្ទិក ជាមួយនឹងសារដ៏សាមញ្ញ ប៉ុន្តែមានលក្ខណៈស៊ីជម្រៅ ដែលបានលើកទឹកចិត្តពួកយើងម្នាក់ៗ ឲ្យពិចារណាឡើងវិញនូវជម្រើស និងទម្លាប់ការរស់នៅប្រចាំថ្ងៃរបស់យើង ដោយការបោះជំហានយ៉ាងសំខាន់មួយ ឆ្ពោះទៅកម្ពុជាស្អាត នៅពេលខាងមុខ៕
ដោយ ៖ ម៉ា ដេប៉ូ
