ចលនារើសអើងជនជាតិជ្វីហ្វ កើនឡើងបន្ទាប់ពីអ៊ីស្រាអែលបន្តទម្លាក់គ្រាប់បែកនៅតំបន់ហ្កាហ្សាពេញមួយខែ

បែរឡាំង៖ ការរើសអើងជនជាតិជ្វីហ្វបានកើនឡើងនៅក្នុងប្រទេសអាល្លឺម៉ង់ចាប់តាំងពីថ្ងៃវាយប្រហាររបស់ក្រុមហាម៉ាសទៅលើអ៊ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣។

ប្រធានស្ថាប័នអ្នកគិតគូរប្រឆាំងនឹងការរើសអើងនៅអាល្លឺម៉ង់បានសម្តែងការព្រួយបារម្ភ ដោយកត់សម្គាល់ថា បច្ចុប្បន្ននេះ ជនជាតិអាល្លឺម៉ង់មួយចំនួនមានទំនោរចង់មើលរំលងអំពើខុសឆ្គងដែលធ្លាប់កើតមាននៅក្នុងប្រវត្តិសាស្ត្រ ហើយរិះគន់អ៊ីស្រាអែល។

កាលពីថ្ងៃអង្គារម្សិលមិញ លោក នីកូឡាស ឡេយ៉េ (Nikolas Lelle) បានបង្ហាញពីលទ្ធផលនៃការឃ្លាំមើលការរើសអើងប្រឆាំងជនជាតិជ្វីហ្វពីស្ថាប័នមូលនិធិអង់តូនីញ៉ូ អាម៉ាដេវ (Antonio Amadeu) ថា ក្រុមស្តាំជ្រុលនិយមនៅអាល្លឺម៉ង់កំពុងមានឥទ្ធិពលយ៉ាងខ្លាំងទៅលើប្រវត្តិសាស្ត្រ ដោយមានគោលបំណងធ្វើឱ្យអាល្លឺម៉ង់ឃ្លាតឆ្ងាយពីការទទួលខុសត្រូវទង្វើប្រល័យពូជសាសន៍នៅតំបន់ ហូឡូខស (Holocaust) ដែលជាកន្លែងជនជាតិជ្វីហ្វ ៦ លាននាក់ត្រូវបានសម្លាប់រង្គាល។

សង្គមវិទូ អ្នកស្រី ប៊ីតេ គូអេបផឺ (Beate Kuepper) បានរាយការណ៍ពីការកើនឡើងយ៉ាងខ្លាំងនៃអាកប្បកិរិយាប្រឆាំងនឹងជនជាតិជ្វីហ្វ ពោលគឺ ៥,៧% នៃចំនួនប្រជាជនអាល្លឺម៉ង់ កំពុងមានអាកប្បកិរិយាបែបនេះ។ តួលេខនេះគឺខ្ពស់ជាងបីដងនៃតួលេខដែលបានរកឃើញកាលពី ២ ឆ្នាំមុន។ អ្នកស្រីបានកត់សម្គាល់ថា បុគ្គលដែលមានដើមកំណើតនៅក្នុងប្រទេសតួកគី ឬរុស្ស៊ី មានជំនឿប្រឆាំងនឹងជនជាតិជ្វីហ្វខ្លាំងជាងគេ ហើយបានគូសបញ្ជាក់ថា ភាគច្រើនជាមនុស្សវ័យចំទង់។

ចលនារើសអើងប្រឆាំងជនជាតិជ្វីហ្វបានកើនឡើងក្នុងប្រទេសអាល្លឺម៉ង់ ជាពិសេសប្រឆាំងនឹងការទម្លាក់គ្រាប់បែកអស់រយៈពេលមួយខែរបស់អ៊ីស្រាអែលទៅលើតំបន់ហ្កាហ្សា។ ការទម្លាក់គ្រាប់បែកនេះ បានធ្វើឡើងបន្ទាប់ពីការវាយឆ្មក់របស់ក្រុមហាម៉ាស់ទៅលើភាគខាងត្បូងអ៊ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា ដោយបានបណ្តាលឱ្យជនជាតិអ៊ីស្រាអែលស្លាប់ ១៤០០ នាក់ និងចាប់ចំណាប់ខ្មាំងចំនួន ២៤០ នាក់។

ចាប់តាំងពីសង្គ្រាមលោកលើកទី២ មក ប្រទេសអាល្លឺម៉ង់បានខិតខំធ្វើយ៉ាងណាដើម្បីទទួលបានការគោរពពីអន្តរជាតិឡើងវិញ ជាពិសេសបន្ទាប់ពីសកម្មភាពនៃពួកណាស៊ីរបស់លោកហ៊ីត្លែរ (Adolf Hitler)។ បន្ថែមលើនេះ អាល្លឺម៉ង់ក៏បានព្យាយាមបង្កើតទំនាក់ទំនងជាមួយអ៊ីស្រាអែល និងខិតខំដើម្បីសុំទោស ហើយធ្វើការកែប្រែកេរ្តិ៍ឈ្មោះរបស់ប្រទេសឡើងវិញ។

លោក ឡេយ៉េ បានថ្លែងថា «ក្រុមស្ដាំជ្រុលនិយមកំពុងធ្វើឲ្យខូចខាតដល់ការចងចាំព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ»។ លោកបានបន្ថែមថា «អ្នកប្រវត្តិសាស្ត្រជឿនលឿនមួយចំនួនក៏បានរួមចំណែកក្នុងរឿងនេះផងដែរ ដោយបានផ្តល់យោបល់ថា អាល្លឺម៉ង់អាចមានទំនាក់ទំនងជាមួយអ៊ីស្រាអែលស្រដៀងទៅនឹងប្រទេសលោកខាងលិចដទៃទៀតទៅបានហើយ មិនបាច់ល្អប្រសើរជាងនេះនោះទេ»។

លោកបានពន្យល់ថា ៖ «នៅក្នុងការជជែកតស៊ូមតិ ពួកគេមិនបានខ្វល់ពីផលប៉ះពាល់នៃការរើសអើងប្រឆាំងជនជាតិជ្វីហ្វដែលទាក់ទងនឹងអ៊ីស្រាអែលនោះទេ។ ពួកគេបានអះអាងថា វាជារឿងដែលអាចទទួលយកបានក្នុងការរិះគន់អ៊ីស្រាអែល»។ ចាប់តាំងពីថ្ងៃទី៧ ខែតុលាមក មានការវាយប្រហារជាច្រើនបានកើតមានឡើងនៅប្រទេសអាល្លឺម៉ង់ ដូចជាការបំផ្លិចបំផ្លាញអគារ ការគប់ដបភ្លើងនៅក្នុងសាលាប្រជុំ និងការវាយកម្ទេចផ្នូររបស់ជនជាតិជ្វីហ្វទៀតផង។

លោក ហ្វេលិច ក្លេន (Felix Klein) ស្នងការទទួលបន្ទុកប្រយុទ្ធប្រឆាំងនឹងការរើសអើងជនជាតិជ្វីហ្វបានសម្តែងការសោកស្ដាយ ដោយបានសង្កត់ធ្ងន់ថា ឥទ្ធិពលដ៏គ្រោះថ្នាក់នៃការប្រឆាំងជនជាតិជ្វីហ្វ នៅតែបន្តកើតមាន។

លោក ឡេយ៉េ បានចង្អុលបង្ហាញថា «មនុស្សមួយចំនួនធំនៃអ្នកពាក់ព័ន្ធក្នុងការតវ៉ាគាំទ្រប៉ាឡេស្ទីន បានគិតថាពួកគេជាអ្នកជឿនលឿននិយម» នេះជាការលើកឡើងនៅពេលដែលមានការសាកសួរអំពីការចូលរួមរបស់ក្រុមដូចជា Black Lives Matter និងក្រុមអ្នកតស៊ូមតិសិទ្ធិ LGBTQ+។

លោកបានបន្តពន្យល់ថា នៅក្នុងរង្វង់សង្គមមួយចំនួនដែលកំណត់ថាជឿនលឿន ការរិះគន់អ៊ីស្រាអែលត្រូវបានគេមើលឃើញថាជាគំនិតទាន់សម័យ ឬអាចទទួលយកបាននៅក្នុងសង្គមនោះ។ ម្យ៉ាងវិញទៀត មនុស្សមួយចំនួននៅក្នុងក្រុមទាំងនេះជឿថា វាជាការយល់ឃើញដ៏ពេញនិយម ឬទាន់សម័យក្នុងការប្រកាន់យកទស្សនៈប្រឆាំងនឹងអ៊ីស្រាអែល៕ ប្រែសម្រួល៖ ធា សុណា

ads banner