ប្រធានបក្សភឿថៃជំរុញឱ្យនាំគ្នាផ្សព្វផ្សាយគោលនយោបាយអំណាចទន់របស់ថៃ
ថៃ៖ លោកស្រី ផែថងថាន ដែលជាកូនស្រីពៅរបស់អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលបច្ចុប្បន្នកំពុងជាប់ពន្ធនាគារ បានដឹកនាំកិច្ចប្រជុំនៅទីស្នាក់ការកណ្តាលគណបក្សភឿថៃកាលពីថ្ងៃអង្គារម្សិលមិញ។ គួររំឭកថា លោកស្រីត្រូវបានបោះឆ្នោតជ្រើសរើសជាប្រធានគណបក្សនៅថ្ងៃទី២៧ ខែតុលាកន្លងទៅ។
ក្នុងកិច្ចប្រជុំនោះ នាយករដ្ឋមន្រ្តី លោក ស្រេតថា ថាវីស៊ីន ក៏មានវត្តមានដែរ ហើយលោកបាននិយាយថា រដ្ឋាភិបាលថៃនឹងប្រកាសអំពីផែនការកាបូបឌីជីថលរបស់គណបក្សភឿថៃនៅថ្ងៃសុក្រខាងមុខនេះ។
នាយករដ្ឋមន្ត្រីរូបនេះ ក៏បានប្រាប់ទៅកាន់សមាជិកសភាគណបក្សភឿថៃ ឱ្យជួយផ្សព្វផ្សាយចែករំលែកព័ត៌មានអំពីគម្រោងនេះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមនានាផងដែរ។ គួរដឹងដែរថា រដ្ឋាភិបាលថៃដែលដឹកនាំដោយគណបក្សភឿថៃ កំពុងរៀបចំគម្រោងផ្តល់ប្រាក់ចំនួន ១ ម៉ឺនបាត ដល់ប្រជាជនថៃគ្រប់រូបដែលមានអាយុចាប់ពី ១៦ ឆ្នាំឡើងទៅ តាមរយៈកាបូបឌីជីថល។ យ៉ាងណាក៏ដោយ លោក ថាវីស៊ីន នឹងផ្តល់ព័ត៌មានលម្អិតបន្ថែម ក៏ដូចជាសិទ្ធិទទួលបានថវិកាពីគម្រោងនេះនៅថ្ងៃសុក្រ។
ក្នុងកិច្ចប្រជុំ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ លោក ភូមិថាម វិឆាយយ៉ាឆៃ (Phumtham Wechayachai) បានធ្វើបច្ចុប្បន្នភាពអំពីលទ្ធផលការងារកន្លងមករបស់ក្រសួង ពាក់ព័ន្ធនឹងកសិករថៃ រីឯលោកស្រី ផែថងថាន ក៏បានរៀបរាប់ប្រាប់ទៅកាន់សមាជិកបក្សភឿថៃថា លោកស្រីបានពិភាក្សាអំពីគម្រោងសត្វចិញ្ចឹមដែលលោកស្រីចាត់ទុកថាជា «អំណាចទន់» ជាមួយកូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងអង្គការសហប្រជាជាតិ ដើម្បីទទួលបានការប្រឹក្សាយោបល់ស្តីពីការផ្សព្វផ្សាយវប្បធម៌ និងផលិតផលរបស់ថៃ។
លោកស្រី ក៏បានជជែកពិភាក្សាអំពីលទ្ធភាពនៃការបង្កើនចំនួននិស្សិតថៃដែលកំពុងសិក្សានៅសហរដ្ឋអាមេរិក តាមរយៈកម្មវិធីផ្លាស់ប្តូរការសិក្សាផងដែរ។ លោកស្រីបានថ្លែងថា «និស្សិតថៃអាចរៀនជំនាញថតភាពយន្តនៅហូលីវូដ ប៉ុន្តែវាត្រូវការចំណាយប្រាក់ច្រើនក្នុងការធ្វើដំណើរទៅកាន់ទីនោះ»។ ដូច្នេះហើយ លោកស្រីបានស្នើឱ្យគណៈប្រតិភូអាមេរិកស្វែងរកជម្រើសផ្សេងណាមួយសម្រាប់ជួយដល់និស្សិតថៃក្នុងការចំណាយលើការសិក្សានេះ។
លោកស្រីបានរំលេចថា ដើម្បីជំរុញអំណាចទន់របស់ថៃ ពួកគេត្រូវការផ្សព្វផ្សាយផលិតផលនៅក្នុងឧស្សាហកម្មចំនួន ១១ ដែលរួមមានដូចជាភាពយន្ត កម្មវិធីទូរទស្សន៍ សៀវភៅ និងហ្គេមជាដើម។ លោកស្រីក៏បានបញ្ជាក់ផងដែរថា រដ្ឋាភិបាលដឹកនាំដោយគណបក្សភឿថៃ មានគោលបំណងបង្ហាត់បង្រៀនជនជាតិថៃឡើងវិញ ដើម្បីឱ្យគ្រប់ក្រុមគ្រួសារទាំងអស់អាចបង្កើតផលិតផលផ្សេងៗដោយខ្លួនឯង និងស្របតាមគោលនយោបាយគ្រួសារមួយ អំណាចទន់មួយ (One Family One Soft Power) របស់គណបក្សភឿថៃ។
លោកស្រីក៏បានលើកទឹកចិត្តសមាជិកសភាទាំងអស់ ឱ្យជួយផ្សព្វផ្សាយ និងចែករំលែកព័ត៌មានអំពីសមិទ្ធិផលរបស់គណបក្ស។ បន្ទាប់ពីកិច្ចប្រជុំរួច សមាជិកសភាមកពីគណបក្សនេះទាំងអស់ បានទទួលកាដូជាថង់ក្រណាត់មួយ ដែលមានរូបភាពលោកស្រី ផែថងថាន និងលោក ស្រេតថា រួមជាមួយនឹងពាក្យស្លោកថា «បេះដូងភឿថៃគឺប្រជាជន»៕ ប្រែសម្រួល៖ ធា សុណា