ហាម៉ាសចង់ដោះដូររវាងអ្នកទោស និង ចំណាប់ខ្មាំង

ហ្គាហ្សា៖ ក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីនបានបញ្ជាក់ថា ចំណាប់ខ្មាំងនឹងត្រូវដោះលែង ជាថ្នូរនឹងសេរីភាពអ្នកទោសហាម៉ាស។ ថ្មីៗនេះ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលទទូចឲ្យក្រុមហាម៉ាសដោះលែងឈ្លើយសឹកជាមុនសិន ទើបមានបទឈប់បាញ់។

តាមរយៈវីដេអូឃ្លឹបមួយ កាលពីថ្ងៃពុធ សប្តាហ៍នេះ លោក Abu Obeida អ្នកនាំពាក្យនៃយោធាក្រុមហាម៉ាសបានបញ្ជាក់ថា ដំណោះស្រាយតែមួយគត់ចំពោះ «បញ្ហាចំណាប់ខ្មាំង» គឺ »កិច្ចព្រមព្រៀង ដោះដូរអ្នកទោស»។ យ៉ាងណាមិញ ហាម៉ាសមិនបានបញ្ជាក់លម្អិតថាតើមានអ្នកទោសជាគ្នីគ្នារបស់ខ្លួន ប៉ុន្មាននាក់ ដែលត្រូវដោះដូរ ជាមួយនឹងចំណាប់ខ្មាំងទេ។

ថ្មីៗនេះ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយម្តងហើយម្តងទៀតថា បទឈប់បាញ់មិនអាចមានទេ ប្រសិនបើចំណាប់ខ្មាំង មិនត្រូវបានដោះលែង ពីកណ្តាប់ដៃក្រុមហាម៉ាសនោះ ហើយថែមទាំងអះអាងថា បើមិនដោះលែងទេ ការនាំចូលប្រេងសាំង ដែលជាតម្រូវការបន្ទាន់ ក៏គ្មានដែរ។

យ៉ាងណាមិញ ប្រភពស្និទ្ធនឹងក្រុមហាម៉ាសបាននិយាយ កាលពីថ្ងៃពុធ សប្តាហ៍នេះថា កិច្ចពិភាក្សាកំពុងដំណើរការ សម្រាប់ការដោះលែងចំណាប់ខ្មាំងរាប់សិបនាក់ ជាថ្នូរនឹងបទឈប់បាញ់ រយៈពេលបីថ្ងៃ ក្នុងតំបន់ហ្គាហ្សា ស្ទ្រីប។ ប្រភពឲ្យដឹងដែរថា ការផ្អាកប្រយុទ្ធគ្នានេះ ក៏សម្របសម្រួលដើម្បីឲ្យអេហ្ស៊ីប បន្លាយពេលវេលាបន្ថែមទៀត សម្រាប់ការដឹកជញ្ជូនជំនួយមនុស្សធម៌ ជាមួយនឹងការដោះលែងចំណាប់ខ្មាំង ចន្លោះពី១០ ទៅដល់ ១៥នាក់ ដោយមានភាគីសម្រុះសម្រួល មកពីប្រទេសកាតា និងអាមេរិក។

គួររម្លឹកថា អំឡុងការវាយប្រហារទៅលើអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ក្រៅពីសម្លាប់មនុស្ស១៤០០នាក់ ក្រុមសកម្មប្រយុទ្ធហាម៉ាសក៏បានចាប់ឈ្លើយសឹក អ៊ីស្រាអែល និងជនជាតិបរទេស ចំនួន២៣៩នាក់។ មកដល់ពេលនេះ ទើបតែមានចំណាប់ខ្មាំងជនជាតិអាមេរិក ចំនួន២នាក់ប៉ុណ្ណោះ ដែលត្រូវបានដោះលែងឲ្យមានសេរីភាពវិញ កាលពីចុងខែតុលា។

គិតត្រឹមថ្ងៃទី៨ ខែវិច្ឆិកា ការសងសឹករបស់អ៊ីស្រាអែល ដែលវាយប្រហារលើតំបន់ហ្គាហ្សា គ្រប់គ្រងដោយហាម៉ាសនោះ បានបណ្តាលឲ្យស្លាប់មនុស្ស ១០៥៦៩នាក់ហើយ នេះបើតាមក្រសួងសុខាភិបាលហ្គាហ្សា៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner