ផ្លូវដឹកជញ្ជូនសំខាន់ៗចំនួន ២ ត្រូវបានបិទ ដោយសារសង្គ្រាមក្បែរព្រំដែនមីយ៉ាន់ម៉ា

ណៃពិដោ៖ ការវាយប្រហារដ៏ភ្ញាក់ផ្អើលមួយរបស់ក្រុមប្រដាប់អាវុធជនជាតិភាគតិចមីយ៉ាន់ម៉ា នាថ្ងៃសៅរ៍នេះ បានបិទផ្លូវយុទ្ធសាស្ដ្រចំនួន ២ ដែលជាផ្លូវនាំចេញទំនិញទៅកាន់ដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់មីយ៉ាន់ម៉ា គឺប្រទេសចិន។ ការណ៍នេះបានរារាំងដល់ការធ្វើពាណិជ្ជកម្មឆ្លងព្រំដែន និងជះឥទ្ធិពលដល់ការប្ដូរប្រាក់បរទេសផងដែរ។

ការបិទផ្លូវដឹកជញ្ជូនដ៏សំខាន់នេះ កំពុងធ្វើឱ្យមានការកើនឡើងនូវតម្លៃទំនិញលើទីផ្សារ និងរារាំងដល់សមត្ថភាពរបស់រដ្ឋាភិបាលរបបសឹកមីយ៉ាន់ក្នុងការបញ្ជូនកម្លាំងបន្ថែម ដើម្បីដោះស្រាយការវាយលុកនេះ។

ប្រជាជនដែលរស់នៅក្បែរតំបន់ជម្លោះបានលើកឡើងថា តម្លៃអង្ករបានកើនដល់ ៩០ដុល្លារក្នុងមួយបាវ ខណៈដែលតម្លៃមុនពេលមានជម្លោះ គឺនៅត្រឹម ៧៥ដុល្លារតែប៉ុណ្ណោះ។ ប្រសិនបើជម្លោះនៅតែបន្ដ ប្រជាជននឹងពុំអាចផ្គត់ផ្គង់ជីវភាពរស់នៅបានឡើយ។

ក្រុមអ្នកវិភាគក៏បានសង្កត់ធ្ងន់ពីផលប៉ះពាល់ដល់សេដ្ឋកិច្ច និងការនាំចេញរបស់មីយ៉ាន់ម៉ា ដរាបណាជម្លោះនេះនៅតែបន្ដ។ យ៉ាងណាមិញ គេពុំឃើញមានផលប៉ះពាល់ណាមូយទៅលើហេដ្ឋារចនាសម្ព័ន្ធដែលស្ថិតនៅក្នុងតំបន់ជម្លោះនេះឡើយ។

គួរបញ្ជាក់ថា ការប្រយុទ្ធគ្នានៅភាគខាងជើងនៃរដ្ឋ Shan នេះកើតឡើងរយៈពេល ២សប្ដាហ៍មកហើយ ដោយប្រជាជនប្រមាណ ៥ម៉ឺននាក់បានភៀសខ្លួនចេញពីតំបន់នេះ។ ការប្រយុទ្ធគ្នានេះជាបញ្ហាប្រឈមដ៏ធំមួយសម្រាប់រដ្ឋាភិបាលរបបសឹកមីយ៉ាន់ម៉ា ចាប់តាំងពីឡើងកាន់អំណាចក្នុងឆ្នាំ២០២១មក៕

ប្រភព៖ CNA ប្រែសម្រួល៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner