ជប៉ុនប្ដេជ្ញាពង្រឹងការរឹតត្បឹតលើការនាំចេញបច្ចេកវិទ្យាប្រើក្នុងវិស័យយោធា

តូក្យូ៖ រដ្ឋាភិបាលរបស់ប្រទេសជប៉ុន កំពុងពិចារណាលើការពង្រឹងការរឹតត្បឹតការនាំចេញបច្ចេកវិទ្យាដែលអាចយកទៅប្រើក្នុងវិស័យយោធា ក្រោយមានរបាយការណ៍កាលពីពេលថ្មីៗនេះថា បច្ចេកវិទ្យាឧបករណ៍ម៉ាស៊ីនទំនើបរបស់ជប៉ុនត្រូវបានចិនយកទៅប្រើប្រាស់ក្នុងកម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួន។ នេះបើតាមការចុះផ្សាយរបស់កាសែត Nikkei Asia កាលពីថ្ងៃសៅរ៍។

អ្នកតំណាងម្នាក់មកពីនាយកដ្ឋានគ្រប់គ្រងពាណិជ្ជកម្មរបស់ក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន Nikkei Asia ដោយមិនបញ្ចេញឈ្មោះថា ៖ «យើងមានគម្រោងធ្វើឱ្យប្រាកដថា ក្រុមហ៊ុននានាកំពុងធ្វើអ្វីដែលពួកគេត្រូវធ្វើ» ដើម្បីទប់ស្កាត់ការយកបច្ចេកវិទ្យាប្រើប្រាស់បានពីរមុខទៅប្រើក្នុងកម្មវិធីយោធា។ បច្ចេកវិទ្យាប្រើប្រាស់បានពីរមុខ សំដៅលើបច្ចេកវិទ្យាដែលអាចប្រើប្រាស់បានទាំងកម្មវិធីផ្នែកស៊ីវិល និងយោធា។

អ្នកតំណាងដដែលនិយាយថា ៖ «យើងកំពុងពិចារណាលើការវាយតម្លៃឡើងវិញនៃកម្មវិធីដែលបានដាក់នៅក្រោមច្បាប់ស្តីពីការផ្លាស់ប្តូរ និងពាណិជ្ជកម្មបរទេស រួមទាំងការត្រួតពិនិត្យការនាំចេញ ស្របតាមបរិយាកាសសន្តិសុខអន្តរជាតិថ្មី»។

គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះកាសែត Nikkei Asia បានចេញផ្សាយរបាយការណ៍របស់ខ្លួនក្រោមបំណែកនៃការស៊ើបអង្កេតមួយ ដែលបង្ហាញពីរបៀបដែលថា បច្ចេកវិទ្យាស៊ីវិលទំនើបរបស់ជប៉ុន និងលោកខាងលិច ត្រូវបានចិនប្រើប្រាស់ក្នុងការអភិវឌ្ឍអាវុធនុយក្លេអ៊ែររបស់ខ្លួន។

យ៉ាងណាមិញ កាលពីថ្ងៃទី១ នៃដើមខែនេះ គណៈកម្មាធិការប្រឹក្សារបស់ក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន បានចាប់ផ្តើមពិភាក្សាលើបញ្ហានេះ ក្នុងគោលបំណងបង្កើនប្រសិទ្ធភាពនៃការត្រួតពិនិត្យការនាំចេញ ដើម្បីការពារការបង្វែរបច្ចេកវិទ្យារបស់ខ្លួនយកទៅប្រើក្នុងកម្មវិធីយោធា ចំពេលមានការពង្រីកវិសាលភាពនៃបច្ចេកវិទ្យាប្រើប្រាស់បាន២មុខ។

ជុំវិញបញ្ហានេះផងដែរ ប្រធានលេខាធិការខុទ្ទកាល័យជប៉ុនលោក Hirokazu Matsuno បានប្រាប់សន្និសីទសារព័ត៌មានកាលពីថ្ងៃសុក្រថា ៖ «វាមានសារៈសំខាន់សម្រាប់ប្រទេសជប៉ុនដែលមានបច្ចេកវិទ្យាដ៏រសើប និងទំនើបបំផុត ក្នុងការវាយតម្លៃកម្មវិធីត្រួតពិនិត្យការនាំចេញរបស់ខ្លួន និងក្នុងការវាយតម្លៃឡើងវិញលើបទប្បញ្ញត្តិផ្សេងៗ»។

គួរបញ្ជាក់ថា ប្រទេសជប៉ុនទាមទារអាជ្ញាប័ណ្ណនាំចេញលើឧបករណ៍ម៉ាស៊ីនមួយចំនួនរួចហើយ ហើយបទប្បញ្ញត្តិនៃការនាំចេញដ៏តឹងរឹង ក៏មានជាធរមានដែរ។ ប៉ុន្តែនៅពេលដែលវិធីសាស្រ្តនៃពាណិជ្ជកម្មទំនិញកាន់តែទំនើប ហានិភ័យនៃបច្ចេកវិជ្ជាសំខាន់ៗ និងទំនិញដែលគេយកទៅប្រើប្រាស់ក្នុងកម្មវិធីយោធា មានកាន់តែច្បាស់។

ដូចប្រទេសដទៃទៀតដែរ ជប៉ុនមានការគ្រប់គ្រងលើការនាំចេញបច្ចេកវិទ្យាដែលអាចប្រើក្នុងអាវុធ។ ប្រទេសនេះតម្រូវឱ្យមានការត្រួតពិនិត្យជាមុន ហើយអ្នកនាំចេញត្រូវតែបញ្ជាក់គោលបំណងនៃការប្រើប្រាស់បច្ចេកវិទ្យារបស់ខ្លួន និងថាតើនរណាជាអ្នកប្រើប្រាស់ចុងក្រោយ។

ងាកទៅមើលលោកខាងលិច ដែលភាគច្រើនជាសម្ព័ន្ធមិត្តរបស់ជប៉ុនវិញ បញ្ហាសន្តិសុខ និងការអភិវឌ្ឍបច្ចេកវិទ្យាយ៉ាងឆាប់រហ័ស បានជំរុញឱ្យរដ្ឋាភិបាលវាយតម្លៃឡើងវិញនូវការត្រួតពិនិត្យការនាំចេញរបស់ខ្លួន។ ជំហានបែបនេះ បានកំណត់គោលដៅលើបច្ចេកវិទ្យាថ្មី ដែលអាចនឹងត្រូវបានគេយកទៅប្រើឡើងវិញក្នុងវិស័យយោធា៕ ប្រែសម្រួល៖ ហួន ឌីណា

ads banner