ប្រជាជនហុងឌូរ៉ាសរាប់ពាន់នាក់ ធ្វើបាតុកម្មប្រឆាំងការក្ដោបអំណាចរបស់រដ្ឋាភិបាល

ហុងឌូរ៉ាស៖ ប្រជាជនហុងឌូរ៉ាសរាប់ពាន់នាក់ បានធ្វើនាំគ្នាដើរដង្ហែនៅក្នុងរដ្ឋធានីរបស់ប្រទេសកាលពីថ្ងៃសៅរ៍ទី១១ ខែវិច្ឆិកា ដើម្បីធ្វើបាតុកម្មតវ៉ាប្រឆាំងរដ្ឋាភិបាលរបស់លោកស្រីប្រធានាធិបតី ហ្ស៊ីអូម៉ារ៉ា ខាស្រ្តូ (Xiomara Castro) ចំពោះអ្វីដែលពួកគេហៅថា ជាការច្បាមអំណាចមិនស្របតាមរដ្ឋធម្មនុញ្ញ។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

ក្នុងបាតុកម្មដែលគាំទ្រដោយគណបក្សប្រឆាំង ក្រុមអ្នកតវ៉ានៅក្នុងប្រទេសអាមេរិកកណ្តាលមួយនេះ បានចោទរដ្ឋាភិបាលរបស់លោកស្រី ខាស្រ្តូ ថាចង់កែប្រែប្រទេសហុងឌូរ៉ាស ដោយជ្រើសរើសមន្ត្រីសាធារណៈដោយការចាត់តាំងមិនឆ្លងកាត់ការបោះឆ្នោតក្នុងសភាត្រឹមត្រូវ។

លោក David Chávez ប្រធានគណបក្សជាតិ ដែលជាគណបក្សប្រឆាំងស្ដាំនិយម បានថ្លែងកាលពីថ្ងៃសៅរ៍ថា ៖ «យើងនៅទីនេះ ដើម្បីការពារលទ្ធិប្រជាធិបតេយ្យ ពីព្រោះយើងមិនចង់បានរបបផ្តាច់ការក្នុងប្រទេសហុងឌូរ៉ាស ដូចនៅប្រទេសគុយបា វេណេហ្ស៊ុយអេឡា និងនីការ៉ាហ្គា ពោលគឺអ្វីដែលរដ្ឋាភិបាលឆ្វេងនិយមរបស់លោកស្រីប្រធានាធិបតី ហ្ស៊ីអូម៉ារ៉ា ខាស្រ្តូ កំពុងដឹកនាំយើងឆ្ពោះទៅរកនោះទេ»។

បើតាមរ៉យទ័រ អ្នកឃ្លាំមើលបាននិយាយថា មនុស្សប្រហែល ១០ ០០០ នាក់បានចូលរួមធ្វើបាតកម្មក្នុងក្រុងរដ្ឋធានីតេហ្គូស៊ីហ្គាល់ប៉ា កាលពីថ្ងៃសៅរ៍ ហើយបាតុកម្មបានបញ្ចប់ទៅដោយសន្តិវិធី។ អាជ្ញាធរហុងឌូរ៉ាសមិនបានចេញតួលេខប៉ាន់ស្មានជាផ្លូវការពីចំនួនអ្នកបាតកម្មនោះទេ។

សូមបញ្ជាក់ថា បាតុកម្មទ្រង់ទ្រាយធំនេះបានផ្ទុះឡើងបន្ទាប់ពីគណបក្សកាន់អំណាច បានបោះឆ្នោតជ្រើសរើសប្រធានអយ្យការបណ្តោះអាសន្នថ្មីនៅថ្ងៃទី ១ ខែវិច្ឆិកា ដោយមិនឆ្លងកាត់ការបោះឆ្នោតក្នុងសភា។ សមាជិកសភាពីគណបក្សសេរីភាព និងការកសាងឡើងវិញ (Libre) របស់លោកស្រី ខាស្ត្រូ បានប្រើប្រាស់ការបោះឆ្នោតគណៈកម្មាធិការ ដែលភាគច្រើនជាសមាជិកបក្សរបស់ខ្លួន ដើម្បីធ្វើការតែងតាំងនេះ ទោះបីជាគណៈកម្មាធិការនោះតំណាងឱ្យក្រុមមួយភាគតូចនៅក្នុងសភាហុងឌូរ៉ាសទាំងមូលក៏ដោយ។ គណបក្សប្រឆាំងអះអាងថា ទង្វើនេះមិនស្របតាមរដ្ឋធម្មនុញ្ញ។

រដ្ឋធម្មនុញ្ញហុងឌូរ៉ាសបានចែងថា គេត្រូវការ ៨៦ សំឡេងពីសមាជិកសភាឯកបក្សដែលមានសមាជិក ១២៨ រូបដើម្បីជ្រើសរើសអគ្គមេធាវី ប៉ុន្តែច្បាប់គោលនេះក៏ផ្តល់អំណាចដល់គណៈកម្មាធិការក្នុងការជ្រើសរើសប្រធានរដ្ឋអាជ្ញាបណ្តោះអាសន្នផងដែរ ប្រសិនបើតំណែងនេះនៅទំនេរ។

លោកស្រី ខាស្រ្តូ ដែលស្បថចូលកាន់តំណែងជាប្រធានាធិបតីស្ត្រីទី១របស់ប្រទេសហុងឌូរ៉ាសក្នុងខែមករា ឆ្នាំមុន បានពណ៌នាខ្លួនឯងថាជាអ្នកសង្គមនិយមប្រជាធិបតេយ្យ ហើយបានព្យាយាមពង្រឹងទំនាក់ទំនងការទូតជាមួយរដ្ឋាភិបាលនៃប្រទេសគុយបា វេណេស៊ុយអេឡា និងនីការ៉ាហ្គា៕ ប្រែសម្រួល៖ ហួន ឌីណា

ads banner