ប៉ូលិសអូស្រ្តាលីបើកការស៊ើបលើបញ្ហាសន្តិសុខអ៊ិនធឺណិត ដែលបង្កការបិទកំពង់ផែជាច្រើនកន្លែងទូទាំងប្រទេស

កង់បេរ៉ា៖ ប៉ូលិសសហព័ន្ធអូស្ត្រាលី បាននិយាយនៅថ្ងៃអាទិត្យទី១២ ខែវិច្ឆិកានេះថា ពួកគេកំពុងស៊ើបអង្កេតលើបញ្ហាសន្តិសុខតាមអ៊ីនធឺណិត ដែលបង្ខំឱ្យក្រុមហ៊ុនប្រតិបត្តិករកំពង់ផែ DP World Australia បិទជាបណ្ដោះអាសន្ននូវប្រតិបត្តិការតាមកំពង់ផែជាច្រើនតាមបណ្ដារដ្ឋទូទាំងប្រទេសអូស្រ្តាលី។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

អ្នកនាំពាក្យប៉ូលិសសហព័ន្ធអូស្ត្រាលីបាននិយាយថា ៖ «យើងបានចាប់ផ្តើមការស៊ើបអង្កេតលើបញ្ហានេះ ហើយយើងមិនធ្វើអត្ថាធិប្បាយបន្ថែមទេ ព្រោះវាជាការស៊ើបអង្កេតដែលកំពុងបន្ត»។

ក្រុមហ៊ុន DP World Australia បានប្រាប់រ៉យទ័រកាលពីថ្ងៃសៅរ៍ថា ប្រតិបត្តិការនៅកំពង់ផែដែលរងផលប៉ះពាល់ មិនទាន់បន្តឡើងវិញនៅឡើយទេ។ ក្រុមហ៊ុននិយាយក្នុងសេចក្តីថ្លែងការណ៍ថា ខ្លួនកំពុងធ្វើការដោយដុតដៃដុតជើង ដើម្បីស្តារប្រតិបត្តិការកំពង់ផែឡើងវិញប្រកបដោយសុវត្ថិភាព បន្ទាប់ពីជួបបញ្ហាហែកចូល ដែលប៉ះពាល់ដល់ «ប្រព័ន្ធ និងទិន្នន័យ» របស់ក្រុមហ៊ុន កាលពីថ្ងៃសុក្រ។

គួរបញ្ជាក់ថា ក្រុមហ៊ុន DP World Australia ដែលជាផ្នែកមួយនៃក្រុមហ៊ុនកំពង់ផែរដ្ឋដ៏ធំនៅទីក្រុងឌូបៃ DP World កំពុងដំណើរការផែកុងតឺន័រចំនួនបួន នៅក្នុងប្រទេសអូស្ត្រាលី រួមមាននៅទីក្រុងម៉ែលប៊ន ក្រុងស៊ីដនី ក្រុងប្រ៊ីសបេន និងក្រុងហ្រេមិនថលត៍។

កាលពីល្ងាចថ្ងៃសៅរ៍ អ្នកសម្របសម្រួលផ្នែកសន្តិសុខតាមអ៊ិនធឺណិតជាតិរបស់អូស្ត្រាលី លោក Darren Goldie បាននិយាយថា «ការរំខាន» ទំនងជានឹងបន្តរយៈពេលជាច្រើនថ្ងៃ ហើយនឹងជះឥទ្ធិពលដល់ចលនាទំនិញនាំចូល និងនាំចេញរបស់អូស្រ្តាលី។

បើតាមក្រុមហ៊ុន DP World នៅតំបន់អាស៊ីប៉ាស៊ីហ្វិក ខ្លួនមានបុគ្គលិកជាង ៧ ០០០ នាក់ ដែលធ្វើការនៅកំពង់ផែចំនួន ១៨ ទីតាំងទូទាំងតំបន់៕ ប្រែសម្រួល៖ ហួន ឌីណា

ads banner