កូរ៉េខាងជើងថ្កោលទោសការលើកឡើងរបស់លោក ប្ល៊ីងកែន ជុំវិញទំនាក់ទំនងក្រុងព្យុងយ៉ាង-មូស្គូ

ព្យុងយ៉ាង៖ ភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍កាលពីថ្ងៃសៅរ៍ទី ១១ ខែវិច្ឆិកាថា ក្រសួងការបរទេសកូរ៉េខាងជើងបានថ្កោលទោសការអត្ថាធិប្បាយរបស់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អ៊ែនថូនី ប្ល៊ីងកែន លើទំនាក់ទំនងកូរ៉េខាងជើង និងរុស្ស៊ី ដោយហៅអត្ថាធិប្បាយនេះថា វាគ្រាន់តែបង្កើនភាពតានតឹងផ្នែកនយោបាយ និងយោធានៅលើឧបទ្វីបកូរ៉េប៉ុណ្ណោះ។

ក្រសួងការបរទេសកូរ៉េខាងជើងនិយាយថា ៖ «សហរដ្ឋអាមេរិក គួរតែធ្វើធម្មតាទៅនឹងការពិតថ្មីនៃទំនាក់ទំនងកូរ៉េខាងជើង និងរុស្ស៊ី»។

ក្រសួងបានបន្ថែមថា ៖ «មិនថាប្រទេសផ្សេងទៀតអាចនិយាយអ្វីក៏ដោយទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកូរ៉េខាងជើង និងរុស្ស៊ី ដែលកើតចេញពីឯករាជ្យភាព សន្តិភាព និងមិត្តភាព នឹងកាន់តែរឹងមាំជាលំដាប់»។

ក្រសួងការបរទេសកូរ៉េខាងជើងបានបន្តថា ការលើកឡើងរបស់លោក ប្ល៊ីងកែន «គ្រាន់តែបង្កើនភាពតានតឹងផ្នែកនយោបាយ និងយោធាដ៏គ្រោះថ្នាក់នៅក្នុងឧបទ្វីបកូរ៉េ និងតំបន់តែប៉ុណ្ណេះ»។

គួររំឭកថា ក្នុងដំណើរទស្សនកិច្ចទៅក្រុងសេអ៊ូល លោក ប្ល៊ីងកែន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា លោកមានការព្រួយបារម្ភដូចកូរ៉េខាងត្បូងដែរ អំពីការរីកចម្រើននៃកិច្ចសហប្រតិបត្តិការយោធារវាងប្រទេសកូរ៉េខាងជើង និងរុស្ស៊ី ដែលជាទំនាក់ទំនងផ្លាស់ប្ដូរគ្នាទៅវិញទៅមក ពាក់ព័ន្ធនឹងលំហូរអាវុធ និងជំនួយបច្ចេកទេស។

រុស្ស៊ី និងកូរ៉េខាងជើង ដែលជាសម្ព័ន្ធមិត្តប្ដូរផ្ដាច់ជាប្រវត្តិសាស្ត្រ ស្ថិតនៅក្រោមទណ្ឌកម្មអន្តរជាតិ ដោយរុស្ស៊ីតឹងកដោយសារការឈ្លានពានអ៊ុយក្រែន ខណៈកូរ៉េខាងជើងដុនដាបដោយសារតែកម្មវិធីអាវុធនុយក្លេអ៊ែរ និងមីស៊ីលរបស់ខ្លួន។

មួយរយៈចុងក្រោយនេះ ការព្រួយបារម្ភកើនឡើង ជុំវិញការណ៍ដែលថា កិច្ចសហប្រតិបត្តិការយោធារវាងប្រទេសទាំងពីរកំពុងរីកចម្រើន បន្ទាប់ពីកិច្ចប្រជុំកំពូលរបស់មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន និងប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន កាលពីខែកញ្ញា។

ចារកម្មកូរ៉េខាងត្បូងបាននិយាយថា កូរ៉េខាងជើងបានបញ្ជូនគ្រាប់កាំភ្លើងធំមួយលានគ្រាប់ទៅរុស្ស៊ីដើម្បីយកទៅប្រើក្នុងសង្រ្គាមឈ្លានពានអ៊ុយក្រែន ជាថ្នូរនឹងជំនួយដល់ក្រុងព្យុងយ៉ាងលើការបាញ់បង្ហោះផ្កាយរណបចារកម្មលើកទី៣ ក្រោយបរាជ័យពីរលើករួចមក៕ ប្រែសម្រួល៖ ហួន ឌីណា

ads banner