ឯកអគ្គរដ្ឋទូតបារាំង៖ បារាំង និងកម្ពុជា រួមគ្នាជាមួយប្រទេសដទៃទៀតថ្កោលទោសសង្គ្រាមកំពុងកើតឡើងនាបច្ចុប្បន្ន

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ សព្វថ្ងៃនេះ ក្នុងពេលដែលសង្គ្រាមកំពុងកើតមានឡើងវិញគ្រប់ទីកន្លែងនៅលើពិភពលោក រួមទាំងនៅលើទឹកដីអឺរ៉ុប ដែលជាសង្គ្រាមមួយដ៏អាក្រក់ខុសច្បាប់ និងមិនសមហេតុផល ប្រទេសបារាំង និងកម្ពុជា ក៏បានរួមគ្នាជាមួយប្រទេសភាគច្រើនដទៃទៀត ដើម្បីថ្កោលទោសសង្គ្រាមទាំងនេះផងដែរ។

នេះជាការថ្លែងឡើងរបស់ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា លោក ហ្សាក់ ប៉ឺឡេ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ នាស្ថានទូតបារាំងក្នុងពិធីរំលឹកខួបនៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងឈប់បាញ់ដែលបាននាំទៅដល់ការបញ្ចប់សង្គ្រាមលោកលើកទី១។

ពិធីនេះបានប្រារព្ធឡើងមួយផ្នែក នៅវិមានរំលឹកដល់អ្នកទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១ និងមួយផ្នែកទៀតនៅក្នុងបរិវេណស្ថានទូតបារាំង ដើម្បីអបអរជ័យជម្នះ សន្តិភាព និងឧទ្ទិសដល់អ្នកដែលបានពលីសម្រាប់ប្រទេសបារាំង។

លោកឯកអគ្គរដ្ឋទូតបារាំង បានមានប្រសាសន៍ថា ៖ «វិមានខាងលើនេះ គឺជានិមិត្តរូបដ៏មានអត្ថន័យនៃប្រវត្តិសាស្ត្ររួមបារាំង និងកម្ពុជា»។

ពាក់ព័ន្ធនឹងស្ថានការណ៍បច្ចុប្បន្ននេះ លោក ហ្សាក់ ប៉ឺឡេ លើកឡើងថា ៖ « សព្វថ្ងៃនេះ ក្នុងពេលដែលសង្គ្រាមកំពុងកើតមានឡើងវិញគ្រប់ទីកន្លែងនៅលើពិភពលោក រួមទាំង នៅលើទឹកដីអឺរ៉ុប ដែលជាសង្គ្រាមមួយដ៏អាក្រក់ ខុសច្បាប់ និងមិនសមហេតុផលបង្កឡើងដោយប្រទេសរុស្ស៊ីប្រឆាំងនឹងប្រទេសអ៊ុយក្រែន ក៏ដូចជាសង្គ្រាមបង្ហូរឈាមរវាង អ៊ីស្រាអែល និងក្រុមហាម៉ាស់។ ប្រទេសបារាំង និងប្រទេសកម្ពុជា បានរួមគ្នាជាមួយប្រទេសភាគច្រើនដទៃទៀត ដើម្បីថ្កោលទោសសង្គ្រាមទាំងនេះ ក៏ដូចជាផលវិបាកនានា ដែលសង្គ្រាមទាំងនេះបង្កឡើង»។លោកបានបន្តថា ប្រទេសបារាំងមានមោទនភាពដែលស្ថិតនៅក្បែរប្រទេសកម្ពុជា ដើម្បីបម្រើបុព្វហេតុសន្តិភាព ពិភពលោក។

លោក ហ្សាក់ ប៉ឺឡេ បានបន្ថែមថា វត្តមានកងទ័ពមួកខៀវនៃមជ្ឈមណ្ឌលជាតិ គ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម (NPMEC) និងសិស្សសាលានាយទាហានសកម្មត្មាតពង ក្នុងពិធីនេះ ស្ថានទូតបារាំងចង់រំលេចពីកិច្ចសហប្រតិបត្តិការដ៏យូរលង់ និងប្រកបដោយទំនុកចិត្ត ជាមួយកម្ពុជាលើផ្នែកបណ្តុះបណ្តាលយោធាកម្រិតខ្ពស់បំផុត។

«ប្រទេសបារាំងក៏មានបំណងបង្ហាញពីការរួមចំណែករបស់កម្ពុជាក្នុងប្រតិបត្តិការថែរក្សាសន្តិភាពពិភពលោក ដែលជាការសម្រេចចិត្តដ៏មោះមុតមួយរបស់កម្ពុជា បន្ទាប់ពីបានឆ្លងកាត់សង្គ្រាមស៊ីវិល និងសោកនាដកម្មជាច្រើនទសវត្សរ៍ ហើយក៏ធ្លាប់ទទួលស្វាគមន៍បេសកកម្មអាជ្ញាធរអន្តរកាល អង្គការសហប្រជាជាតិ(អ៊ុនតាក់)»។ លោកហ្សាក់ ប៉ឺឡេ បញ្ជាក់បន្ថែម។

សូមបញ្ជាក់ដែរថា លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក៏បានអញ្ជើញចូលរួមក្នុងពិធីរំលឹកខួបជ័យជំនះ សន្តិភាព និងគោរពវិញ្ញាណក្ខន្ធដល់យុទ្ធជនកម្ពុជា-បារាំង ដែលបានពលីផងដែរ។

ពិធីរំលឹកខួបបានប្រព្រឹត្តឡើងក្នុងគោលបំណងដើម្បីរំលឹកដល់វិញ្ញាណក្ខន្ធយុទ្ធជនខ្មែរ និងសមមិត្តបារាំង ដែលបានពលីជីវិតក្នុងសង្រ្គាមលោកលើកទី១។ ពិធីនេះត្រូវបានរៀបចំឡើងដោយស្ថានទូតបារាំងនៅរាជធានីភ្នំពេញ ដោយមានការចូលរួមពីឥស្សរជនកម្ពុជា អង្គទូត មន្ត្រី និងនិស្សិតមកពី Lycée Français René Descartes។

បណ្ឌិត គិន ភា អ្នកវិភាគនយោបាយ និងប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា យល់ឃើញថា រាល់សង្រ្គាមដែលកើតឡើងទាំងអស់ មិនថាសង្គ្រាមលោកទាំងពីរលើក និងសង្រ្គាមថ្មីៗនេះ គឺគ្មានសង្រា្គមណាមួយ ដែលបញ្ចប់ដោយការយកសង្រ្គាមទៅបញ្ចប់សង្រ្គាមនោះទេ ដោយចុងក្រោយមកគឺសុទ្ធតែប្រើប្រាស់មធ្យោបាយការទូត ការចុះសន្ធិសញ្ញា និងកិច្ចព្រមព្រៀងផ្សេងៗជាដើម។

លោកបានបញ្ជាក់ថា ៖ «ការបញ្ចប់សង្រ្គាមដោយប្រើប្រាស់មធ្យោបាយសន្តិវិធីមធ្យោបាយការទូត សង្រ្គាមនោះអាចបញ្ចប់ក្នុងរយៈពេលយូរអង្វែង និងមានស្ថិរភាព។ ដូចយើងដឹងហើយ សង្រ្គាមបានបន្សល់ទុកនូវសោដនកម្មច្រើនណាស់ មិនថាសង្រ្គាមក្តៅ ឬសង្រ្គាមត្រជាក់នោះទេ ជាពិសេសធ្វើឱ្យជនស៊ីវិលស្លូតត្រង់ត្រូវបាត់បង់ជីវិត និងរស់នៅយ៉ាងវេទនា»។

លោក គិន ភា បានឱ្យដឹងទៀតថា មេរៀនសង្រ្គាមទាំងអស់នេះ ធ្វើឱ្យគ្រប់មនុស្សជាតិគ្រប់ផ្តល់អាទិភាព និងតម្លៃនៃសន្តិភាព ជាចាំបាច់ និងគួរចៀសវាងនូវការប្រកួតប្រជែងណាមួយដែលនាំមកអស្ថិរភាពសង្គម និងមានសង្រ្គាម។

បើតាមលោកឯអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា ក៏បានថ្លែងឡើងដែរថា បច្ចុប្បន្ន កងទ័ពមួកខៀវកម្ពុជាជាង ៨០០នាក់ ក្នុងនោះមានស្ត្រីជាច្រើន កំពុងបំពេញបេសកកម្មថែរក្សាសន្តិភាពពិភពលោក ជាពិសេសនៅតាមបណ្តាប្រទេសប្រើប្រាស់ភាសាបារាំង ដូចជាម៉ាលី សាធារណរដ្ឋអាហ្វ្រិកកណ្ដាល និងលីបង់ ដែលបង្ហាញឱ្យឃើញពីកិច្ចខិតខំប្រឹងប្រែងមិនចេះនឿយហត់របស់កម្ពុជាក្នុងការថែរក្សាសន្តិភាពពិភពលោក។

សូមជម្រាបថា សង្គ្រាមលោកលើកទី១ ឬហៅថា «មហាសង្គ្រាម» បានបិទបញ្ចប់នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ១៩១៨ ដែលបណ្ដាលឱ្យបាត់បង់ជីវិតមនុស្ស១០លាននាក់ ឬ១៨លាននាក់បើរាប់ទាំងជនស៊ីវិល ក្នុងនោះប្រទេសបារាំងបាត់បង់ជីវិតទាហាន មួយលានបួនសែននាក់ និងមានអ្នករបួស និងពិការច្រើនជាងនេះ៤ដង ហើយបង្កឱ្យជនស៊ីវិល ៣សែននាក់រង គ្រោះផងដែរ។

ចាប់តាំងពីឆ្នាំ២០១២មក ថ្ងៃទី១១វិច្ឆិកា មិនត្រឹមតែជាថ្ងៃរំលឹកដល់ការចុះហត្ថលេខាបញ្ចប់សង្គ្រាមលោកលើកទី១ ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាថ្ងៃសម្រាប់ឧទ្ទិសដល់មនុស្សទាំងអស់ដែលបានពលីជីវិត ដើម្បីប្រទេសបារាំងនៅក្នុងសង្គ្រាម អតីតកាល និងបច្ចុប្បន្នកាល ទាំងជនស៊ីវិល និងទាហាន។

សូមរម្លឹកផងដែរថា កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣កន្លងទៅសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា និងលោក ហ្សាក់ ប៉ឺឡេ ឯករដ្ឋទូតបារាំងប្រចាំនៅកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធវិមានរំលឹកដល់អ្នកដែលទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១ ចន្លោះឆ្នាំ១៩១៤-១៩១៨។

វិមាននេះត្រូវបានសាងសង់ដំបូងក្នុងឆ្នាំ១៩២៥ ដើម្បីឧទ្ទឹសដល់វិញ្ញាណក្ខន្ធប្រជាជនកម្ពុជា១៥១នាក់ និងជនជាតិបារាំងនៅកម្ពុជាចំនួន៣៣នាក់ ដែលបានពលីក្នុងសង្គ្រាមនេះ ប៉ុន្តែត្រូវបានបំផ្លាញដោយរបបខ្មែរក្រហមនៅពេលពួកគេកាន់កាប់ទីក្រុងភ្នំពេញ។ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចកសាងវិមាននេះឡើងវិញតាមលំនាំដើមនៅទីតាំងដដែល នៅក្នុងសួនមួយទល់មុខស្ថានទូតបារាំង។

សំណង់ប្រវត្តិសាស្ត្រនេះមិនត្រឹមតែជានិមិត្តរូបនៃចំណងមិត្តភាពដ៏យូរលង់រវាងបារាំង និងកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការរំលឹកពីផលវិបាកដ៏សោកនាដកម្មនៃសង្រ្គាម ដែលជាអកុសល្យនៅតែបន្តធ្វើឲ្យមានជនរងគ្រោះនៅជុំវិញពិភពលោក។ ការកសាងវិមាននេះឡើងវិញ គឺជាសារសាកលមួយនៃសន្តិភាព និងការអត់ឱន៕ ដោយ៖ វណ្ណ សុជាតា

ads banner