សហគ្រិនស្រ្តីកម្ពុជា ស្នើឱ្យមានការយកចិត្តទុកដាក់បន្ថែមទៀតពីរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល វិស័យឯកជន លើសកម្មភាពសេដ្ឋកិច្ចរបស់ស្ត្រី
ភ្នំពេញ៖ នាទិវាសហគ្រិនស្ត្រីកម្ពុជា លើកទី៤ ឆ្នាំ ២០២៣ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកស្រី កែវ មុំ ប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជាបានស្នើឱ្យរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល វិស័យឯកជន វិនិយោគិន និងផ្នែកពាក់ព័ន្ធនានា យកចិត្តទុកដាក់បន្ថែមទៀតដើម្បីជួយគាំទ្រដល់សកម្មភាពសេដ្ឋកិច្ចរបស់ស្ត្រីកម្ពុជា។

លោកស្រីបានថ្លែងនាទិវានោះថា ៖ «យើងគ្រប់គ្នាសុទ្ធតែបានដឹងហើយថា ក្នុងចំណោមសហគ្រាសខ្នាតមីក្រូ តូច និងមធ្យមប្រមាណជាង ៦៥ភាគរយ គឺមានម្ចាស់ជាស្ត្រី ដែលក្នុងនោះ ៩០ភាគរយ ត្រូវបានគ្រប់គ្រង និងដឹកនាំដោយស្រ្តី តែពួកយើងនៅតែមានបញ្ហាប្រឈមជាច្រើននៅឡើយពាក់ព័ន្ធទៅនឹងការធ្វើអាជីវកម្ម និងពាណិជ្ជកម្ម»។

លោកស្រី ប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា បានបន្តថា រហូតមកដល់ពេលនេះមានបញ្ហាជាច្រើនដែលសហគ្រិនស្ត្រីបាននិងកំពុងជួបប្រទះ ដែលបញ្ហាមួយក្នុងចំណោមនោះ គឺការចូលទៅកាន់ទីផ្សារ ដែលជាកង្វល់ដ៏ធំបំផុតរបស់សហគ្រិនទូទៅដែលជាអ្នកផលិត ជាពិសេសសហគ្រិនស្ត្រី។

ដើម្បីឆ្លើយតបទៅនឹងអ្វីដែលបាននិងកំពុងកើតឡើង ក៏ដូចជាតម្រូវការជាក់ស្តែងរបស់សមាជិការបស់សមាគម លោកស្រី កែវ មុំ បានអះអាងថា សមាគមលោកស្រី បាននិងកំពុងធ្វើកិច្ចការជាច្រើនតាមរយៈយន្តការថ្មីៗ មានដូចជា ការបណ្តុះបណ្តាលដោយផ្តោតលើជំនាញឌីជីថល ជំនាញទីផ្សារ ជំនាញទំនាក់ទំនង ជំនាញសហគ្រិនភាព និងជំនាញរួមផ្សំជាច្រើនទៀត, ការស្វែងការគាំទ្រមតិជាមួយនឹងក្រសួង ឬស្ថាប័នពាក់ព័ន្ធនានានៅក្នុងប្រទេស តំបន់ និងពិភពលោកផងដែរ និង ការចូលរួមផ្សព្វផ្សាយ និងការតាំងពិព័រណ៌ផលិតផលរបស់សហគ្រិនស្ត្រីកម្ពុជា។
ជាមួយគ្នានោះដែរ លោកជំទាវ គ្រី ណាល់លីស រដ្ឋលេខាធិការក្រសួងកិច្ចការនារី ក៏បានថ្លែងដែរថា ទិវាសហគ្រិនស្ត្រី ត្រូវបានប្រារព្ធធ្វើឡើងជាសាកលដើម្បីពង្រឹងភាពអង់អាចដល់ស្ត្រី និងយុវតីឱ្យចូលរួមយ៉ាងសកម្មនៅក្នុងប្រព័ន្ធសេដ្ឋកិច្ច តាមរយៈការកសាងបណ្តាញអ្នកដឹកនាំស្ត្រី អ្នកច្នៃប្រឌិត និងសហគ្រិន ដើម្បីផ្តួចផ្តើមអាជីវកម្ម ជំរុញសកម្មភាពសេដ្ឋកិច្ច និងពង្រីកសហគមន៍អាជីវកម្មជុំវិញពិភពលោក។

លោកស្រីមានប្រសាសន៍ថា ៖ «ដោយឡែក ដើម្បីសម្រេចបាននូវគោលដៅដ៏មហិច្ឆតានេះ ការបង្កើត និងការជំរុញបណ្តាញសំខាន់ៗក្នុងអាជីវកម្មដែលដឹកនាំដោយស្ត្រីកម្ពុជា គឺជាការបង្ហាញពីសក្តានុពលពេញលេញរបស់ស្ត្រី និងការផ្លាស់ប្តូរពិភពលោក។ ការវិនិយោគលើចំណេះដឹងរបស់ស្ត្រីលើផ្នែកហិរញ្ញវត្ថុ និងជំនាញឌីជីថល គឺជាគន្លឹះសំខាន់ក្នុងការពង្រីកកាលានុវត្តភាពសម្រាប់ស្ដី្រនៅជនបទក្នុងវិស័យហិរញ្ញវត្ថុ និងឌីជីថល ប្រកបដោយបរិយាបន្នផងដែរ»។
សូមជម្រាបថា ទិវាសហគ្រិនស្ត្រីកម្ពុជាឆ្នាំនេះ បានប្រារព្ធឡើងក្រោម ប្រធានបទ «បញ្ហាប្រឈមរបស់សហគ្រិនស្ត្រីលើកាតព្វកិច្ចបង់ពន្ធដារ និងទស្សនវិស័យពេលអនាគត» នាផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ជាន់ទី១ ដើម្បីដោះស្រាយបញ្ហាប្រឈមនៃកាតព្វកិច្ចបង់ពន្ធដារ និងការធ្លាក់ចុះសេដ្ឋកិច្ចសកលដែលប៉ះពាល់ធ្ងន់ធ្ងរមកលើសហគ្រិនស្ត្រី ដោយផ្តោតលើបរិបទសង្គមសេដ្ឋកិច្ចដែលមានទំនាក់ទំនងជាមួយភាពជាសហគ្រិន និងការកសាងទំនុកចិត្តរបស់សហគ្រិនស្ត្រី៕ ដោយ៖ វណ្ណ សុជាតា
