រដ្ឋមន្រ្តីក្រសួងការងារ៖ ទ្រឹស្តី ផ្សាភ្ជាប់នឹងការអនុវត្ត នឹងការចូលរួមចំណែកជួយកសាងអភិវឌ្ឍ និងពង្រឹងធនធានមនុស្សនៅកម្ពុជា

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម ហេង សួរ បានថ្លែងឱ្យដឹងថា សកម្មភាពហាត់ការសម្រាប់អ្នកសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ នឹងជំរុញឱ្យកម្លាំងពលកម្មកាន់តែមានប្រសិទ្ធភាពក្នុងច្រវាក់ការងារ តាមរយៈការផ្សាភ្ជាប់ទ្រឹស្តីជាមួយនឹងការអនុវត្ត ដើម្បីចូលរួមចំណែកជួយកសាងអភិវឌ្ឍ និងពង្រឹងធនធានមនុស្សនៅកម្ពុជា។

ឯកឧត្តម ហេង សួរ បានថ្លែងបែបនេះ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ន នៅក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើការហាត់ការ និងកម្មសិក្សាដើម្បីគាំទ្រដល់ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ជាមួយសភាពាណិជ្ជកម្មកម្ពុជា និងសមាគមនិយោជកចំនួន១៨ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ រាជធានីភ្នំពេញ។

ឯកឧត្តមបានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការនេះ នឹងផ្តល់ជំនាញ បង្កើនជំនាញ ផ្លាស់ប្តូរជំនាញ និងបង្កើនផលិតភាពការងារ ដើម្បីធានាថា ពលរដ្ឋកម្ពុជាមានជំនាញមួយពិតប្រាកដ ដែលអាចទទួលបានការងារ និងមុខរបរសមរម្យ និងមានស្ថិរភាពចំណូលស្របតាមការអំពាវនាវរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

លោកបានបង្ហាញពីការរំពឹងថា កិច្ចសហប្រតិបត្តិការនេះនឹងជួយដល់សាលាបណ្តុះបណ្តាលវិជ្ជាជីវ: ដើម្បីឱ្យសិស្សមានកន្លែងសម្រាប់ហាត់ការ បើទោះបីជាសាលាមានរោងជាង ឬមន្ទីរពិសោធន៍ ក៏ដោយ។

នាពិធីនោះដែរ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានប្រកាសគាំទ្រការចុះអនុស្សរណៈនេះជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈដើម្បីអភិវឌ្ឍធនធានមនុស្សកម្ពុជាឱ្យមានជំនាញជាក់លាក់ច្បាស់លាស់សម្រាប់ធានាការប្រកួតប្រជែង និងទាក់ទាញការវិនិយោគបន្ថែម។

ចំណែក ឧកញ៉ា លី ឃុនថៃ ប្រធានសមាគមស្បែកជើងកម្ពុជា បានប្រាប់ឱ្យដឹងដែរថា ការចុះអនុស្សរណៈនេះ គឺនឹងផ្តល់ផលល្អ ជាលក្ខណៈត្រី ពោលគឺភាគីរដ្ឋាភិបាល ភាគីនិយោជកនិងភាគីនិយោជិត។

ឧកញ៉ាបានបន្ថែមថា នេះជាគោលនយោបាយមួយដ៏ល្អរបស់រាជរដ្ឋាភិបាល ដែលបានគិតគូរដល់ការបណ្តុះបណ្តាលធនធានមនុស្សលើជំនាញវិជ្ជាជីវៈ ដែលវាមិនត្រឹមតែជួយបង្កើតការងារក្នុងស្រុកទេ តែវាការទាក់ទាញអ្នកវិនិយោគពីក្រៅប្រទេសមកកាន់កម្ពុជាបន្ថែមទៀត ព្រោះថា វិនិយោគិននីមួយៗ មុននឹងសម្រេចបោះទុនវិនិយោគនៅប្រទេសណា មួយ គេតែងគិតគូរពីកំលាំងពលកម្មជំនាញ ថាតើមានជំនាញគ្រប់គ្រាន់ក្នុងការបម្រើការងារក្នុងខ្សែច្រវាក់ផលិតកម្មរោងចក្ររបស់គេ បានឬយ៉ាងណា។

សូមបញ្ជាក់ថា សមាគមដែលក្រសួងការងារបានចុះអនុស្សរណ ជាមួយរួមមាន៖ សភាពាណិជ្ជកម្ពុជា,សមាគមស្បែកកម្ពុជា, សមាគមវាយនភណ្ឌសំលៀកបំពាក់ស្បែកជើង និងផលិតផលធ្វើដំណើរ, សមាគមអ្នកសាងសង់កម្ពុជា, សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា, សមាគមទេសចរណ៍, សមាគមសណ្ឋាគារកម្ពុជា, សហព័ន្ធចុងភៅកម្ពុជា, សមាគមភោជនីយដ្ឋានកម្ពុជា, និងសមាគមសហគ្រិនស្ត្រីកម្ពុជា រួមទាំងស្ថាប័នផ្សេងៗទៀតសរុបចំនួន១៨ស្ថាប័ន ដើម្បីសហប្រតិបត្តិការគ្នាលើការផ្តល់ការហាក់ការ និងកម្មសិក្សាដល់សិស្សដែលរៀនវគ្គបណ្ដុះបណ្ដាលបច្ចេកទេសវិជ្ជាជីវៈ ដើម្បីគាំទ្រដល់ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស។

ការចុះអនុស្សរណៈយោគយល់គ្នារវាងក្រសួងជាមួយនឹងវិស័យឯកជននេះ ធ្វើឡើងនៅមុនពេលដែលរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជានឹងប្រកាសដាក់ឱ្យដំណើរការកម្មវិធីបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈកម្រិត C1 ដល់ក្រុមយុវជនគោលដៅប្រមាណ១,៥លាននាក់មកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យឱ្យមានជំនាញជាក់លាក់ និងឆាប់ទទួលបានការងារធ្វើដើម្បីលើកម្ពស់ជីវភាព និងកាត់បន្ថយការលំបាក៕ ដោយ៖ វណ្ណ សុជាតា

ads banner