ភ្លៀងធ្លាក់ខ្លាំងនឹងគំរាមកំហែងដល់ខេត្តចំនួន ៥០ របស់ប្រទេសថៃ
បាងកក៖ នាយកដ្ឋានឧតុនិយមរបស់ប្រទេសថៃ បានចេញការព្រមានអំពីអាកាសធាតុរបស់ខេត្តចំនួន ៥០ ខណៈដែលផ្នែកខ្លះនៃប្រទេសថៃ អាចនឹមានភ្លៀងធ្លាក់ខ្លាំង។ តំបន់ភាគខាងត្បូងត្រូវបានគេរំពឹងថា នឹងមានភ្លៀងធ្លាក់ខ្លាំងបំផុត ដែលអាចនាំឱ្យមានទឹកជំនន់ភ្លាមៗ។
ទីក្រុងបាងកក របស់ប្រទេសថៃ ត្រូវបានគេរំពឹងថា ៦០ភាគរយនឹងមានភ្លៀងធ្លាក់ និងខ្យល់បក់បោកខ្លាំង។ ស្ថានភាពអាកាសធាតុនេះ គឺជាលទ្ធផលនៃប្រព័ន្ធសម្ពាធខ្ពស់ ឬម៉ាស់ខ្យល់ត្រជាក់មកពីប្រទេសចិន រាលដាលចុះមកគ្របដណ្តប់តំបន់ភាគឦសានខាងលើ។ ជាមួយគ្នានេះ ខ្យល់បក់ពីទិសខាងកើតក៏កំពុងបោកបក់មកលើតំបន់ភាគកណ្តាល និងភាគខាងត្បូង អមដោយសម្ពាធទាបដែលគ្របដណ្តប់លើឆ្នេរសមុទ្រម៉ាឡេស៊ី។
ជាលទ្ធផល តំបន់ភាគខាងជើង ខាងកើត និងកណ្តាល ទំនងជាមានផ្គររន្ទះ និងខ្យល់កន្ត្រាក់។
ទន្ទឹមគ្នា ទីភ្នាក់ងារឧតុនិយមបានអំពាវនាវឱ្យសាធារណជន បន្តប្រុងប្រយ័ត្នចំពោះគ្រោះថ្នាក់ ដោយសារខ្យល់កន្ត្រាក់ និងខ្យល់បក់បោកខ្លាំង។ខ្លួនក៏បានណែនាំឱ្យជៀសវាងការស្នាក់នៅតាមទីវាល, ក្រោមដើមឈើធំៗ, អគារមានគ្រឹះមិនរឹងមាំ និងស្លាកសញ្ញាផ្សាយពាណិជ្ជកម្មជាដើម។
បន្ថែមលើនេះ ក៏គួរប្រុងប្រយ័ត្នផងដែរ ក្នុងពេលធ្វើដំណើរកាត់តំបន់ដែលមានភ្លៀងផ្គររន្ទះ។ សម្រាប់តំបន់ភាគខាងត្បូង សាធារណជនត្រូវប្រុងប្រយ័ត្នគ្រោះថ្នាក់ ដោយសារភ្លៀងធ្លាក់ខ្លាំង និងភ្លៀងធ្លាក់រាយប៉ាយ ដែលអាចនាំឱ្យមានទឹកជំនន់ និងទឹកហូរកាត់ព្រៃ ជាពិសេសតំបន់ដែលមានដីជម្រាលក្បែរផ្លូវទឹក និងតំបន់វាលទំនាប៕ ប្រភព៖ Thaiger ប្រែសម្រួលដោយ៖ ឈឹម ទីណា