មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ ណែនាំដល់គ្រឹះស្ថានសិក្សាឯកជន ចូលរួមជំរុញប្រសិទ្ធិភាពនៃយុទ្ធសាស្ត្របញ្ចកោណ

ភ្នំពេញ៖ លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការ នៃក្រសួងអប់រំ យុវជន និងកីឡាបានមានប្រសាសន៍ថា គ្រឹះស្ថានអប់រំឯកជននៅតែរួមចំណែកដ៏សំខាន់ ក្នុងការអភិវឌ្ឍន៍ធនធានមនុស្ស នៅកម្ពុជា ។ ក្នុងន័យនេះ លោកជំទាវបានជំរុញដល់គ្រឹះស្ថានអប់រំឯកជន ចូលរួមជំរុញប្រសិទ្ធិភាពនៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល អាណត្តិទី៧ ដែលចាត់ទុកការអភិវឌ្ឍមូលធនមនុស្ស ជាអាទិភាពចម្បង ។

លោកជំទាវ បានមានប្រសាសន៍បែបនេះ អំឡុងពិធីចែកវិញ្ញាបនបត្រ បណ្ណសរសើរ អាហារូបករណ៍ដ ល់សិស្សានុសិស្ស នៃសាលាអន្តរជាតិអាស៊ាន និងសាលារៀនខេមវីសឌឹម សម្រាប់ឆ្នាំសិក្សា២០២២-២០២៣ កាលពីរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣។

លោកជំទាវ គឹម សេដ្ឋានី បានថ្លែងនូវការកោតសរសើរដល់សាលាអន្តរជាតិអាស៊ាន ដែលត្រូវបានចាត់ទុកជាទីកន្លែងផ្តល់ការសិក្សា ប្រកបដោយគុណភាព ឧត្តមភាព និងគុណធម៌ ទើបសម្រេចបានជោគជ័យជាបន្តបន្ទាប់ រហូតមកដល់ពេលនេះ ។

លោកជំទាវបញ្ជាក់ថា ដើម្បីសម្រួចអាទិភាពកំណែទម្រង់វិស័យអប់រំ សម្ដេចធិបតី បានកំណត់អាទិភាពស្នូល ៤ចំណុច រួមមាន ការពង្រឹងអភិបាលកិច្ចសាលារៀន, កម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សាឱ្យស្របទៅតាមតម្រូវការក្នុងការពង្រឹងចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបថរបស់សិស្ស, ការលើកកម្ពស់សុខភាពសិក្សា និងការជំរុញ និងលើកទឹកចិត្តការចូលរួមរបស់មាតាបិតា អាណាព្យាបាល ។

ជាមួយគ្នានេះ លោក ហុង លីម អគ្គនាយកសាលាអន្តរជាតិអាស៊ាន ទារកដ្ឋានអាស៊ានប្រាយឃីដស៍ និងជាប្រធាននាយកប្រតិបត្តិនៃសាលារៀនខេមវីសឌឹម បានមានប្រសាសន៍ថា សាលាអន្តរជាតិអាស៊ានបានបង្កើតឡើងនៅឆ្នាំ២០០៦ ដោយផ្តោតលើចក្ខុវិស័យ គុណភាព ឧត្តមភាព និង គុណធម៌ ជាចំបង គិតមកដល់បច្ចុប្បន្នមានអាយុកាល ១៧ឆ្នាំពេញលេញ។ នៅក្នុងខែតុលា ឆ្នាំ២០២២ សាលាអន្តរជាតិអាស៊ាន បានពង្រីក វិសាលភាព បង្កើតបុត្រសម្ព័ន្ធថ្មីបន្ថែមមួយទៀត ដែលមានឈ្មោះថា សាលារៀនខេមវីសឌឹម។ នៅខែកក្កដា ឆ្នាំ២០២៣ បុត្រសម្ព័ន្ធទី៣ ត្រូវបង្កើតឡើង គឺទារកដ្ឋាន អាស៊ានប្រាយឃីដស៍ ៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner