ចំនួនពលករថៃ ស្លាប់កើនជិត ៤០នាក់ ក្នុងសង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាស

បាងកក៖ ចំនួនអ្នកស្លាប់របស់ជនជាតិថៃដែលធ្វើការក្នុងប្រទេសអ៊ីស្រាអែល បានកើនឡើងដល់ ៣៩នាក់ នេះបើយោងតាមការបញ្ជាក់ពីក្រសួងការបរទេសថៃ (MFA)។ ស្ថានទូតថៃប្រចាំនៅទីក្រុងតែល អាហ្វីវ បានរាយការណ៍អំពីព័ត៌មាននេះកាលពីថ្ងៃអាទិត្យសប្តាហ៍មុន បន្ទាប់ពីការកំណត់អត្តសញ្ញាណពលរដ្ឋថៃចំនួន ៥នាក់បន្ថែមទៀត ក្នុងចំណោមជនរងគ្រោះដែលរាយការណ៍ដោយអាជ្ញាធរអ៊ីស្រាអែល។

គិតមកទល់ពេលនេះ ក្រៅពីចំនួនជនជាតិថៃស្លាប់នៅប្រទេសអ៊ីស្រាអែល ដែលកើនដល់ ៣៩នាក់ ក៏មានជនជាតិថៃ ១៩នាក់រងរបួស និង ២៥នាក់ផ្សេងទៀតត្រូវបានចាប់ជាចំណាប់ខ្មាំងផងដែរ។ រដ្ឋលេខាធិការអចិន្ត្រៃយ៍ការងាររបស់ប្រទេសថៃ លោក Pairote Chotikasathien បានឱ្យដឹងថា ពលករថៃជាង ៦,០០០នាក់បានដាក់ពាក្យស្នើសុំសំណងពីមូលនិធិជួយដល់ពលករនៅបរទេស។

ហើយប្រហែលពាក់កណ្តាលនៃពាក្យសុំទាំងនេះត្រូវបានដំណើរការ ដោយអ្នកដែលនៅសល់រំពឹងថា នឹងទទួលបានសំណងចំនួន ១៥,០០០បាតក្នុងសប្ដាហ៍ខាងមុខ។ បន្ថែមលើនេះ ក្រុមកម្មករដែលវិលត្រឡប់មកផ្ទះវិញ នឹងទទួលបានប្រាក់សំណងបន្ថែមចំនួន ៥០,០០០បាតក្នុងម្នាក់ៗ ដែលនេះជាវិធានការអនុម័តជាគោលការណ៍ដោយនាយករដ្ឋមន្ត្រីថៃ។
គួរបញ្ជាក់ថា មុនការវាយឆ្មក់ឆ្លងព្រំដែនដោយក្រុមប៉ាឡេស្ទីនហាម៉ាសនៅថ្ងៃទី០៧ ខែតុលា ពលករថៃប្រមាណ ៣០,០០០នាក់រស់នៅក្នុងប្រទេសអ៊ីស្រាអែល។

ចាប់តាំងពីពេលនោះមក ប្រហែល ៨,០០០នាក់បានធ្វើមាតុភូមិនិវត្តន៍ ខណៈដែលជាង ២០,០០០នាក់បានជ្រើសរើសស្នាក់នៅអ៊ីស្រាអែល បើទោះបីជាជម្លោះកាន់តែរីកធំឡើងក៏ដោយ។ កិច្ចខិតខំប្រឹងប្រែងសម្រាប់ការដោះលែងចំណាប់ខ្មាំងនៅតែបន្ត ដោយរដ្ឋមន្ត្រីការបរទេសថៃ លោក Parnpree Bahiddha-Nukara បានបង្ហាញសុទិដ្ឋិនិយមកាលពីសប្តាហ៍មុនថា ចំណាប់ខ្មាំងថៃត្រូវបានគេរំពឹងថា នឹងស្ថិតក្នុងចំណោមចំណាប់ខ្មាំងប្រហែល ២៥០នាក់ដំបូងដែលនឹងត្រូវដោះលែង ខណៈបច្ចុប្បន្នពួកគេទាំងនោះត្រូវបានឃុំខ្លួននៅតំបន់មានសុវត្ថិភាព៕ ប្រភព៖ Thaiger ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner