សាលារដ្ឋ និង ឯកជន បានរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍន៍ ធនធាន មនុស្ស

បន្ទាយមានជ័យ៖ លោក កែសួន សុភាព អភិបាលរងខេត្តបន្ទាយ មាន ជ័យ បានមានប្រសាសន៍ថា សាលារដ្ឋ និង ឯកជន បានរួមចំណែក យ៉ាងសំខាន់ ក្នុងការអភិវឌ្ឍន៍ ធនធាន មនុស្ស ពោលគឺ ការរៀន បង្រៀន ត្រូវតែមានទាំងបរិមាណ និងគុណភាព ស្របតាមមុំ អភិវឌ្ឍ ន៍ ធនធាន មនុស្ស និងគុណភាពអប់រំ ក្នុងយុទ្ធសាស្ត្របញ្ចកោណរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា ។

លោក កែសួន សុភាព បានលើកឡើងបែបនេះ ក្នុងពិធីសំណេះសំ ណាល និងពិសារអាហារសាមគ្គី ខណៈ ពលរដ្ឋបារាំងដើមកំណើតខ្មែរ សែស្រឡាយចិន លោក ចៅ គឹមហាន និង លោកស្រីឆាន់ សោយ៉ាន់ បន្តឧបត្ថម្ភ ការកសាងសមិទ្ធផលនៅសាលារៀនខ្មែរ ចិនចុងវ៉ា នាភូមិ ប្រឡាយហ្លួង ឃុំឬស្សីក្រោក ស្រុកមង្គលបុរី ខេត្តបន្ទាយមាន ជ័យ ។

លោកឧកញ៉ា អុឹង វ៉ាន់ម៉ៅ ប្រធានសមាគមខ្មែរ-ចិនមង្គលបុរី និងលោកនាយកសាលានេះបានមានប្រសាសន៍ប្រាប់ឱ្យដឹងកាលពីថ្ងៃទី១២វិច្ឆិកា ឆ្នាំ២០២៣ ថា ៖ សាលារៀនខ្មែរ ចិនចុងវ៉ាស្រុកមង្គលបូរី បានបង្កើតឡើងនៅឆ្នាំ២០០០ ។ ដល់ឆ្នាំសិក្សា២០២៣-២៤ ខាងមុខ សាលាមានសិស្សកើនឡើងដល់៨៤៤នាក់/ស្រី៤១២នាក់ បុគ្គលិក ៤៦នាក់/ស្រី៣៧នាក់ ។ ក្នុងនោះ ការសិក្សាពីថ្នាក់មត្តេយ្យ ដល់ថ្នាក់ ទី៩ មាន២វេន ពេលព្រឹក បង្រៀនភាសាអង់គ្លេសនិងភាសាចិន និងរសៀលបង្រៀនភាសាខ្មែរ គឺពីថ្ងៃច័ន្ទដលថ្ងៃសៅរ៍ ។ ក្នុងនោះដែរ ចំពោះលទ្ធផលនៃការសិក្សាឆ្នាំ២០២១-២២កន្លងមកគឺបានល្អ សិស្សជាប់១០០% ។

ជាមោទនាភាព ក្នុងចំណោមសាលារៀន២៣០ នៅទូទាំងប្រទេស ឬដោយ ឡែក ១៣សាលាក្នុងខេត្តបន្ទាយមានជ័យ ក្រសួងអប់រំ យុវជន និងកីឡាបានជ្រើសរើសសិស្សថ្នាក់ទី៨ នៃសាលារៀនចុងវ៉ានេះចំនួន ៣០នាក់ ឱ្យទៅចូលរួមធ្វើតេស្តថ្នាក់ជាតិលើមុខវិជ្ជាភាសាខ្មែរ គណិតវិទ្យា និងរូបវិទ្យា ។

លោកនាយកសាលាបានបន្តថា ៖ ចំពោះការងារកសាងអគារសិក្សា ជាន់ទី២ គឺយោងតាមកំនើនសិស្ស តែខ្វះបន្ទប់រៀន។ ហេតុនេះ លោកឧកញ៉ា អ៊ឹង វណ្ណម៉ៅ ជាប្រធានសមាគមខ្មែរ ចិនស្រុកមង្គលបូរី បានឯកភាពកសាងអគារសិក្សាថែម ១ជាន់ទៀត មានក្រឡាផ្ទៃ ១.០៨០ម៉ែត្រក្រឡា ស្មើនឹង១០បន្ទប់(គឺបន្ទប់រៀន៨ បន្ទប់កុំព្យួទ័រ១ និងទីចាត់ការ១) គម្រោងទឹកប្រាក់ ១៦ម៉ឺនដុល្លាសរអា ។
ហើយបានសាងសង់ពី ខែមករា ឆ្នាំ២០២៣មក សម្រេចបាន៧០% ។ពោលគឺនៅសល់ក្រាលការ៉ូ ដាក់ទ្វារ បង្អួច បង្កាន់ដៃ តុ កៅអីសិស្ស ,ចាក់បេតុងបំពេញទីធ្លា និងផ្លូវចូល ។ ក្នុងនោះចំណូលសប្បុរសជន ក្នុងនិងក្រៅប្រទេស ព្រមទាំងអតីតសិស្ស ទើបបាន ៧ម៉ឺនដុល្លារ ប៉ុណ្ណោះនៅខ្វះ ៩ម៉ឺនដុល្លារទៀត ។

ទោះជាយ៉ាងណា នាពេលជួបជុំគ្នានេះ លោក ចៅ គឹមហាន និង លោក ស្រី ឆាន់ សោយ៉ាន់ ពលរដ្ឋបារាំងដើមកំណើតខ្មែរសែស្រឡាយ ចិន បានឧបត្ថម្ភទឹកប្រាក់ចំនួន ១៣.៣០០ដុល្លារ សម្រាប់សាងសង់ អគារជាន់ទី២ ចំនួន ១បន្ទប់ បំពាក់តុគ្រូ សិស្ស ។ អាចនិយាយ ថា បើគិតពីបង្កើតសាលានេះមក លោកទាំងពីររូបដែលជាស្ថាបនិក សាលានិងក្រុមគ្រួសារ សាច់ញាតិបានបរិច្ចាគថវិកាផ្ទាល់ខ្លួនជិត ១០ម៉ឺនដុល្លាសរអាមកហើយក្នុងការសាងសង់ និងផ្តល់សម្ភារ:។

ចំណែក លោក ចៅ ឆុង និង លោកស្រី ជា លិញ ពលរដ្ឋខ្មែរ រស់នៅស្រុកមង្គលបូរី ហើយសព្វថ្ងៃទៅស្នាក់នៅសហរដ្ឋអាមេរិក ដែលជាស្ថាបនិកសាលានេះដែរ ពេលនេះក៏បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួន ១៣.៣០០ដុល្លារសម្រាប់ការសាងសង់បន្ត និងបំពាក់ឧបករណ៍ ។

លោក កែ សួន សុភាព អភិបាលរងខេត្តបន្ទាយមានជ័យ កោតសរសើរ និងថ្លែងអំណរគុណដល់ប្រធាន អនុប្រធាន សមាជិកសមាគម នាយក នាយករង លោកគ្រូអ្នកគ្រូ បុគ្គលិក សប្បុរសជនក្នុងនិងក្រៅប្រទេស រួមទាំង លោក លោកស្រីមានឈ្មោះដូចខាងលើ ក៏ដូចជាមន្ត្រីអាជ្ញាធរ ដែនដី និងសមត្ថកិច្ចជំនាញដែលបានផ្តួចផ្តើម បង្កើត ស្ថាបនា ឧបត្ថម្ភ គាំទ្រ និងអភិវឌ្ឍន៍គ្រឹះស្ថានសិក្សាឯកជន គឺសាលារៀនខ្មែរ ចិនចុងវ៉ានេះ ដើម្បីរួមចំណែកអភិវឌ្ឍន៍ធនធានមនុស្ស .។

លោក កែសួន សុភាព បានជំរុញ លើកទឹកចិត្តអោយសមាគមខ្មែរ ចិនស្រុកមង្គលបូរីក៏ដូចសាលារៀនចុងវ៉ានេះអោយបន្តដំណើរការលើទស្សនវិស៍យនិងបេសកកម្មរបស់ខ្លួនអោយបានលទ្ធផលល្អ មានប្រសិទ្ធភាពនិងប្រកបដោយការទទួលខុសត្រូវបន្តទៀត ៕

ដោយ ៖ ឃិន គន្ធា

ads banner