ប្រទីបចំនួន៣០ និងទូកចំនួន ៣៣៨ នឹងបង្ហាញខ្លួននៅក្នុងព្រះរាជពិធី បុណ្យអុំទូក នាពេលខាងមុខនេះ
(ភ្នំពេញ)៖ នៅក្នុងឱកាសនៃព្រះរាជពិធីបុណ្យអុំទូ បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ប្រព្រឹត្តទៅនៅថ្ងៃទី២៦-២៧-២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅតាមដងទន្លេសាប មុខព្រះបរមរាជវាំង នាពេលខាងមុខនេះ មានប្រទីបចំនួន ៣០ និងទូកចំនួន ៣៣៨ នឹងបង្ហាញខ្លួននៅក្នុងព្រះរាជាពិធីបុណ្យ ។
កម្ពុជាបានត្រៀមខ្លួនរួចជាស្រេចដើម្បីរៀបចំពិធីដ៏មហោឡារិក និងអធិកអធមជាទីបំផុត ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ កម្ពុជា ស្តេចយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតនៅក្នុងព្រះរាជបិធីបើកការប្រណាំងទូក នៅរសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣ និង ស្តេចយាងក្នុងព្រះរាជពិធីកាត់ព្រ័ត្រនៅរសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣។
នេះបើយោងតាមលទ្ធផលនៃកិច្ចប្រជុំ កាលពីព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅ អគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ក្រោមអធិបតីភាព ឯកឧត្តម ឈិន កេតនា ទីប្រឹក្សារាជរដ្ឋាភិបាល អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ។
ឯកឧត្តម ឈិន កេតនា បានគូសបញ្ជាក់ថា ប្រទីបចំនួន ៣០នោះ នឹងចាប់ផ្តើមចេញដំណើរតាមក្បួន ដឹកនាំជាដំបូងដោយប្រទីបព្រះបរមរាជវាំង ប្រទីបស្ថាប័នព្រឹទ្ទសភា រដ្ឋសភា រាជរដ្ឋាភិលបាល និងប្រទីបក្រសួងស្ថាប័ន ជាបន្តបន្ទាប់ តាមដងទន្លេសាប មុខព្រះបរមរាជវាំង។ ជាមួយគ្នានេះដែរ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បានឱ្យដឹងថា ទូកចំនួន ៣៣៨ មានប្រភេទទូកអុំ ទូកចែវ ទូកខ្នាតអន្តរជាតិ និងមានកីឡាករចំណុះទូកបុរស នារី សរុបចំនួន ២០,៤៤៤នាក់ មកពីរាជធានី ខេត្ត ក្រសួងស្ថាប័ន និងចូលរួមអុំប្រណាំងរយៈពេល ៣ថ្ងៃ ។
សូមជម្រាបជូនថា ព្រះរាជពិធីបុណ្យអុំទូក ត្រូវបានគេតំណាលថា ជាពិធីបុណ្យរំលឹកដល់ការដឹងគុណ ចំពោះកងទ័ពជើងទឹករបស់កម្ពុជា ដែលបានពលីជីវិតបូជាចំពោះទឹកដីក្នុងចម្បាំង នាស.វទី១២ ក្នុងរាជព្រះបាទ ជ័យវរ្ម័នទី៧ ក្នុងឆ្នាំ១១៧៧ ដល់ឆ្នាំ១១៨១ នៃគ.សករាជ ។ ឆ្នាំនេះរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ កម្ពុជា អាណត្តិទី ៧ បានប្រារព្ធរៀបចំព្រះរាជពិធីបុណ្យនេះឡើង ក្រោមម្លប់នៃសន្តិភាព ៕
អត្ថបទ ង៉ាន់ ទិត្យ
រូបភាព រិន រចនា