អាមេរិក​ និង​កូរ៉េខាង​ត្បូង ​​ផ្ដោត​លើ​ការ​គំរាម​កំហែង ​ក្នុង​ជំនួប​រវាង​រដ្ឋ​មន្រ្តី​ការពារ​ជាតិ​នៃ​ប្រទេស​ទាំង​ពីរ​

​សេអ៊ូល៖រដ្ឋ​មន្ត្រី​ការពារ​ជាតិ​នៃ​ប្រទេស​កូរ៉េ​ខាង​ត្បូង ​និង​សហរដ្ឋ​អាមេរិក​​ជួប​​ប្រ​ជុំ​គ្នា​​នៅ​​ថ្ងៃ​ចន្ទ​នេះ​សម្រាប់​កិច្ច​ពិ​ភាក្សា​ផ្នែក​សន្តិសុខ​ ​ដោយរំពឹង​ថា​នឹង​​ផ្តោត​លើ​ការ​រួម​គ្នា​ប្រឆាំង​នឹង​ការ​គំរាម​កំហែង​​ពី​កូរ៉េ​ខាង​ជើង​ រួម​ទាំង​តាម​រយៈ​ការ​អនុវត្ត​យុទ្ធសាស្ត្រ​បន្ថែម​ការ​ទប់​ទល់​។ នេះ​បើ​តាម​ការ​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌​មាន​រ៉យទ័រ​។ ​​

​យុទ្ធសាស្ត្រ​បន្ថែម​ការ​ទប់​ទល់​ ​ដែល​សហរ​ដ្ឋ​អាមេរិក​នឹង​ប្រើ​ប្រាស់​ធន​ធាន​​យោធា​ជា​យុទ្ធសាស្ត្រ​រួម​ទាំង​ធន​ធាន​​នុយក្លេអ៊ែរ​ ដើម្បី​ការពារ​សម្ព័ន្ធ​មិត្ត​របស់​ខ្លួន​​ កាន់​តែ​មាន​សារ​សំខាន់​ នៅ​ពេល​ដែល​កូរ៉េ​ខាង​ជើង​ បន្ត​ទៅ​មុខ​ជាមួយ​នឹង​កម្មវិធី​មីស៊ីល​ផ្លោង​ និង​នុយក្លេអ៊ែរ​របស់​ខ្លួន​។

​រដ្ឋ​មន្ត្រី​ការពារ​ជាតិ​កូរ៉េ​ខាង​ត្បូង​ លោក​ ស៊ីន វុន ស៊ិក(Shin Won-sik )​បាន​ស្វាគមន៍​សម​ភាគី​អាមេរិក​ ​លោក​ Lloyd Austin ​សម្រាប់​កិច្ច​ប្រជុំ​ប្រឹក្សា​សន្តិសុខ​ប្រ​ចាំ​ឆ្នាំ​ (SCM) ​ដោយ​អ្នក​ទាំង​ពីរ​រំពឹង​ថា​នឹង​ពិនិត្យ​មើល​ផែន​កា​រ​សម្រាប់​អនាគត​នៃ​សម្ព័ន្ធភាព​ផង​ដែរ​។​

នា​ពេល​នេះ​ សង្គ្រាម​អ៊ីស្រាអែល​-​ហាម៉ាស់ ​និង​ការ​ឈ្លាន​ពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន​ដែល​កំពុង​បន្ត​ បាន​​បន្ថែម​បន្ទុក​លើ​​កិច្ច​ប្រជុំ ​ចំ​ពេល​ទីក្រុង​ព្យុងយ៉ាង​មាន​កិច្ច​សហប្រតិបត្តិការ​យោធា​កាន់​តែ​ខ្លាំង​ឡើង​ជាមួយ​ទីក្រុង​មូស្គូ​ ​និង​កង្វក់​ពាក់​ព័ន្ធ​នឹង​​ការ​គាំទ្រ​របស់​កូរ៉េ​ខាង​ជើង​ចំពោះ​ក្រុម​សកម្ម​ប្រយុទ្ធ​ហាម៉ាស់​​។

​កាល​ពី​ថ្ងៃ​អាទិត្យ​ ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​ លោក​ យូន​ ស៊កយល ​បាន​និយាយ​​ពេល​ជួប​ជុំ​ទទួល​ទាន​​​អាហារ​ពេល​ល្ងាច​ក្នុង​នាម​ជា​​ម្ចាស់​ផ្ទះ​ សម្រាប់​ក្រុម​មន្រ្តី​​ពី​ប្រទេស​ផ្សេង​ៗ​ដែល​​ចូល​រួម​កិច្ច​ប្រជុំ​​ SCM ​ថា​ សម្ព័ន្ធ​មិត្ត​ត្រូវ​តែ​ត្រៀម​ខ្លួន​សម្រាប់​ការ​បង្ក​ហេតុ​ណា​មួយ​​ពី​កូរ៉េ​ខាង​ជើង​ រួម​ទាំង​ «​ការ​វាយ​ប្រហារ​ដ៏​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​បែប​ហាម៉ាស់​»​។

​បន្ថែម​ពី​នេះ​ទៀត​ ការិយាល័យ​របស់​ លោក​ យូន​ បាន​និយាយ​​ក្នុង​ពិធី​ទទួល​ លោក​ Austin ​ថា​ រដ្ឋ​មន្រ្តី​ការពារ​ជាតិ​អាមេរិក​រូប​នេះ​ បាន​អះ​អាង​សារ​ជា​ថ្មី​ថា​ អាមេរិក​មាន​ការ​​​ប្តេជ្ញា​ចិត្ត​​ប្រើ​គ្រប់​សមត្ថភាព​យោធា​របស់​ខ្លួន​ដើម្បី​ការពារ​កូរ៉េខាង​ត្បូង​។ ​

ជាមួយ​គ្នា​នេះ​ផង​ដែរ​ ​ក៏​មាន​សេចក្ដី​រាយការណ៍​នៅ​ថ្ងៃ​ចន្ទ​​​ថា​​ រដ្ឋ​មន្ត្រី​ការពារ​ជាតិ​នៃ​ប្រទេស​ទាំង​ពីរ​​ ​​រំពឹង​ថា​នឹង​ពិភាក្សា​ថា​តើ​កិច្ច​ព្រម​ព្រៀង​យោធា​រវាង​​កូរ៉េ​ទាំង​​២ដែល​សម្រេច​ឡើង​​ក្នុង​ឆ្នាំ​ ២០១៨ ​គួរ​តែ​ត្រូវ​បាន​ផ្អាក​ដែរ​ឬ​អត់​​។ រដ្ឋាភិបាល​​រប​ស់​​លោក​ យូន​ ​កន្លង​មក​ ​បាន​លើក​​ឡើង​​​ពី​​កិច្ច​​ព្រម​​ព្រៀង​​នេះ​​​ថា​​ជា​​ការ​​រារាំង​​ដល់​​ការ​​ឆ្លើយ​​តប​​ខាង​​យោធា​​​ដ៏​​មាន​​ប្រសិទ្ធភាព​​ចំពោះ​​កូរ៉េ​​ខាង​​ជើង​។​

គួរ​​​បញ្ជាក់​ថា​ កិច្ច​ព្រម​ព្រៀង​​​រវាង​មេ​ដឹ​ក​នាំ​កូរ៉េ​ខាង​ជើង​លោក​ គីម ជុងអ៊ុន​ ​និង​អតីត​ប្រធានាធិបតី​កូរ៉េខាង​ត្បូង​នា​ពេល​នោះ​ លោក​ មូន​ ចេអ៊ីន​  ​​អំពាវ​នាវ​ឱ្យ​បញ្ឈប់​​​រាល់​សកម្មភាព​អរិភាព​​ ​​បង្កើត​តំបន់​គ្មាន​ការ​ហោះ​​ហើរ​ជុំ​វិញ​ព្រំដែន​ ​និង​​​លុបបំ​បាត់​មីន​​ ​​​និង​ប៉ុស្តិ៍យាម​ក្នុងតំបន់គ្មានយោធា​។

គេ​មើល​ឃើញ​ថា​ ជំនួប​រវាង​ លោក​​ Austin ​និង​​លោក​ Shin នា​ពេល​នេះ​ កើត​ឡើង​​ក្រោយ​ក្រុង​ព្យុងយ៉ាង​ រង​ការ​ចោទ​ប្រកាន់​ថា​បាន​ដឹក​ជញ្ជូន​​អាវុធ​ទៅ​ឱ្យ​រុស្ស៊ី​ ​​ជា​ថ្នូរ​នឹង​ការ​គាំទ្រ​ផ្នែក​បច្ចេកវិទ្យា​យោធា ​ដើម្បី​ជួយ​ដល់​កម្មវិធី​អាវុធ​របស់​កូរ៉េ​ខាង​ជើង​៕

ប្រែសម្រួល៖ហួន ឌីណា

ប្រភព​៖ North Korea threat to be focus of Austin’s security talks in Seoul

ads banner