អ៊ីស្រាអែលលក់បច្ចេកវិទ្យានៃប្រព័ន្ធការពារដែនអាកាសរបស់ខ្លួនឱ្យប្រទេសហ្វាំងឡង់
ហ្សេរ៊ុយសាឡឹម៖ អ៊ីស្រាអែល នៅថ្ងៃអាទិត្យសប្ដាហ៍នេះ បានប្រកាសលក់បច្ចេកវិទ្យាប្រព័ន្ធការពារដែនអាកាស David’s Sling ក្នុងតម្លៃ ៣៤០លានដុល្លារទៅឱ្យប្រទេសហ្វាំងឡង់ ដែលទើបក្លាយជាសមាជិករបស់អង្គការណាតូក្នុងពេលថ្មីៗនេះ។
ក្រសួងការពារជាតិអ៊ីស្រាអែល ហៅកិច្ចព្រមព្រៀងនេះថា ជា “កិច្ចព្រមព្រៀងបែបប្រវិត្តសាស្ដ្រមិនធ្លាប់មាន” និងបានសង្កត់ធ្ងន់ថា បច្ចេកវិទ្យានៃប្រព័ន្ធការពារដែលរួមគ្នាបង្កើតឡើងដោយក្រុមហ៊ុនអ៊ីស្រាអែល និងអាមេរិកមានសមត្ថភាពក្នុងការទប់ស្កាត់មីស៊ីលប្រភេទ Cruise missiles និង Ballistic missiles ក៏ដូចជាយន្ដហោះចម្បាំង និងដ្រូនពិឃាតផងដែរ។
ការប្រកាសលក់នេះ កើតឡើងក្រោយពេលអ៊ីស្រាអែលទទួលបានជោគជ័យក្នុងការចុះកិច្ចព្រមព្រៀងលក់នូវប្រព័ន្ធមីស៊ីលល្បឿនលឿន Arrow 3 ក្នុងតម្លៃ ៣,៥ពាន់លានដុល្លារទៅឱ្យអាល្លឺម៉ង់ ដោយនេះជាទំហំទឹកប្រាក់ដ៏ធំបំផុតមិនធ្លាប់មានចំពោះការលក់ដូររវាងប្រទេស និងប្រទេសដូច្នេះ។
ប្រព័ន្ធមីស៊ីលល្បឿនលឿន Arrow 3 នេះ ក៏ត្រូវបានបង្កើតឡើងដោយអ៊ីស្រាអែល និងអាមេរិក ដូចគ្នាទៅនឹងប្រព័ន្ធការពារដែនអាកាស David’s Sling។
ក្រុមអ្នកវិភាគយល់ឃើញថា តម្រូវការបច្ចេកវិទ្យាប្រព័ន្ធដែនអាកាសរបស់អ៊ីស្រាអែលនេះ នឹងកាន់តែកើនឡើងក្នុងសហភាពអឺរ៉ុប ប្រសិនបើសង្គ្រាមអ៊ុយក្រែននៅតែបន្ដ៕
ប្រភព៖ AFP ប្រែសម្រួលដោយ៖ សាន ស្រីលក្ខណ៍