សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលបានសម្រេចកំណត់យកអាទិភាពគន្លឹះចំនួន៥ និងបានដាក់ចេញនូវកម្មវិធីគោលនយោបាយអាទិភាពចំនួន៦ សម្រាប់ការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១
ថ្លែងនៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងកម្មវិធី «វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩» នៅវិមានសន្តិភាព នៃទីស្តីការគណៈរដ្ឋមន្រ្តី ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ដើម្បីអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ប្រកបដោយប្រសិទ្ធភាព តាមបាវចនា កំណើន, ការងារ, សមធម៌, ប្រសិទ្ធភាព និងចីរភាព រដ្ឋាភិបាលបានកំណត់យកយុទ្ធសាស្រ្តចំនួន៥ បូករួមនឹងកម្មវិធីគោលនយោបាយអាទិភាពចំនួន៦។
អាទិភាពគន្លឹះទាំង៥ មានដូចជា៖
១.ការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដែលផ្ដោតសំខាន់លើការពង្រឹងគុណភាព ប្រសិទ្ធភាព និងសមិទ្ធកម្ម របស់មន្ត្រី និងស្ថាប័ន
២.ការលើកកម្ពស់គុណភាពអប់រំ ផ្ដោតសំខាន់លើគុណភាពសាលារដ្ឋ ចាប់ពីថ្នាក់មត្តេយ្យ ដល់ថ្នាក់មធ្យមសិក្សា
៣.ការលើកកម្ពស់គុណភាពសេវាសុខាភិបាល ដែលផ្ដោតសំខាន់លើការពង្រឹងប្រសិទ្ធភាពផ្ដល់សេវាសុខាភិបាលបឋមនៅមូលដ្ឋាន
៤.ការពង្រឹងការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ដែលផ្ដោតការយកចិត្តទុកដាក់ជាពិសេសលើការកាត់បន្ថយ និងឈានទៅលុបបំបាត់ការជួញដូរ និងប្រើប្រាស់គ្រឿងញៀនក្នុងសហគមន៍
៥.ការពង្រឹងនិងលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃប្រព័ន្ធយុត្តិធម៌។
ដោយឡែក កម្មវិធីគោលនយោបាយអាទិភាពចំនួន៦ មានដូចជា៖
១.ពង្រីកសេវាថែទាំសុខភាពឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសាកល ពោលគឺ នៅពេលមានជំងឺ មន្ត្រីរាជការស៊ីវិល កម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ជាពិសេសពលរដ្ឋក្រីក្រនិងងាយរងគ្រោះ ត្រូវទទួលបាននូវសេវាថែទាំសុខភាពគ្រប់ៗគ្នា។
២.យុវជនដែលជាកូនអ្នកក្រីក្រ និងងាយរងគ្រោះ នឹងទទួលបានការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដើម្បីពួកគេអាចយកទៅប្រកបរបរចិញ្ចឹមជីវិតបានងាយស្រួល។ ការបណ្ដុះបណ្ដាលនេះធ្វើឡើងដោយឥតបង់ប្រាក់ហើយថែមទាំងទទួលបានការឧបត្ថម្ភកំឡុងពេលបណ្ដុះបណ្ដាលបន្ថែមទៀត។
៣.ពលរដ្ឋក្រីក្រ និងងាយរងគ្រោះ នឹងទទួលបាននូវភាពកក់ក្តៅតាមរយៈកម្មវិធីជាតិជំនួយសង្គមដែលនឹងត្រូវពង្រឹងឱ្យទៅជាកម្មវិធីជាតិរឹងមាំមួយ ពោលគឺ នៅពេលពលរដ្ឋជួបវិបត្តិ ឬហានិភ័យផ្សេងៗ កម្មវិធីជាតិជំនួយសង្គមនឹងរង់ចាំជួយពួកគេប្រកបដោយប្រសិទ្ធភាពខ្ពស់។
៤.អ្នកប្រកបរបរក្រៅប្រព័ន្ធនឹងទទួលបានការយកចិត្តទុកដាក់ ហើយពួកគេក៏អាចទទួលបានអត្ថប្រយោជន៍ដូចអ្នកប្រកបរបរក្នុងប្រព័ន្ធដែរនៅពេលដែលពួកគេជួបវិបត្តិ ឬហានិភ័យផ្សេងៗ។
៥.ប្រជាកសិករនឹងទទួលបាននូវការគាំពារតាមរយៈការដាក់ចេញនូវយន្តការសម្របសម្រួល និងកម្មវិធីហិរញ្ញប្បទាន (ការផ្ដល់ប្រាក់កម្ចីដើម្បីប្រកបមុខរបរកសិកម្ម) ជាពិសេស គឺទទួលបាននូវការការពារតម្លៃកសិផលឱ្យបានសមរម្យ ដោយមិនឱ្យកសិករខាតបង់ឡើយ។
៦.រាជរដ្ឋាភិបាលនឹងបញ្ជូនមន្ត្រីបច្ចេកទេសកសិកម្មទៅជួយកសិករនៅគ្រប់ឃុំ-សង្កាត់ដែលមានពលរដ្ឋប្រកបរបរកសិកម្ម និងបង្កើតសហគមន៍កសិករនៅទូទាំងប្រទេសដើម្បីការពារផលប្រយោជន៍របស់កសិករ៕
ដោយ៖ពលជ័យ
រូបភាព៖ហ្វេសប៊ុកសម្តេចធិបតី ហ៊ុន ម៉ាណែត