មន្រ្តីសុខាភិបាល៖ ជំងឺមិនឆ្លងអាចបង្ការបានរហូតទៅដល់៨០ភាគរយ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ប្រធាននាយកដ្ឋានការពារសុខភាព នៃក្រសួងសុខាភិបាល លោក កុល ហេរ៉ូ បាន​ថ្លែង​ឱ្យដឹងថា ជំងឺមិនឆ្លងអាចបង្ការបានរហូតទៅដល់៨០ភាគរយតាមរយៈការបង្ការ និងការពារ ដោយគ្រាន់តែ​រួមគ្នាដោះស្រាយកត្តាហានិភ័យមួយចំនួន​ប៉ុណ្ណោះ។

លោកបាន​​លើកឡើងដូចនេះ នាពិធី​បើកយុទ្ធនាការទិវាទឹកនោមផ្អែមពិភពលោកឆ្នាំ២០២៣ កាលពីថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២៣ ដែលរៀបចំដោយ​ក្រសួង​សុខាភិបាល, សមាគមលើកកម្ពស់សុខភាពកូរ៉េ និងភ្នាក់ងារកយកា( KOICA) ប្រចាំនៅប្រទេសកម្ពុជា។

លោក កុល ហេរ៉ូ បាន​ឱ្យដឹងថា ជំងឺមិនឆ្លង អាចបង្ការបានរហូតទៅដល់៨០ភាគរយ តាមរយៈការបង្ការ និងកា​រពារ ដោយគ្រាន់តែយើងរួមគ្នាដោះស្រាយកត្តាហានិភ័យ រួមចំនួនបួនធំៗគឺ ឈប់ប្រើប្រាស់ថ្នាំជក់ ,ឈប់ទទួលទានគ្រឿងស្រវឹងប្រកបដោយគ្រោះថ្នាក់ ,របបអាហារដែលមិនមានផាសុខភាព ​និងការអនុវត្តន៍​កា​យ​វប្បកម្មឱ្យបានត្រឹមត្រូវជាប្រចាំ។

ការបង្ការ និងការពារជំងឺមិនឆ្លង ​មិនអាចអនុវត្ត​ប្រកបដោយជោគជ័យតាមរយៈ ក្រសួងសុខាភិបាលតែឯងបានទេ គឺចាំបាច់មានការចូលរួមពីគ្រប់ភាគីទាំងអស់រួមមាន គ្រប់ក្រសួងស្ថាប័ន អង្គការដៃគូ សង្គមស៊ីវិល សប្បុរសជន វិស័យឯកជន ជាពិសេសគឺចេញពី បុគ្គលម្នាក់ៗ។

សូមបញ្ជាក់ដែរថា ផែនការពហុវិស័យជាតិស្តីពីការការពារ និងប្រយុទ្ធទៅនឹងជំងឺមិនឆ្លង ២០១៨-២០​២​៧ ដែល​​ត្រូវបានអនុមតិឱ្យប្រើប្រាស់ ដោយសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី​កម្ពុជាបាននិងកំពុងយកមកជាយន្ត​ការសម្រាប់ក្រសួងស្ថាប័ន អង្គការដៃគូ សង្គមស៊ីវិល សហការអនុវត្ត ក្នុងការកាត់បន្ថយហានិភ័យនៃជំងឺមិនឆ្លង។

​នាឱកាសនោះដែរ លោកស្រី ស៊ិន ជុងយ៉ឺន នាយករងប្រតិបត្តិភ្នាក់ងារកយកាប្រចាំនៅប្រទេ​ស​កម្ពុជាបានថ្លែងដែរថា ​​​ស្របតាមយុទ្ធសាស្ត្រ៥យ៉ាងរបស់រាជរដ្ឋាភិបាលកម្ពុជា ការិយា​ល័យ​កយ​​កានៅកម្ពុជា ខិតខំជួយដល់ប្រជាជនកម្ពុជាទាំងអស់ឱ្យ​រស់នៅមានសុខភាពល្អជាងមុនដោយធ្វើឱ្យ​ប្រ​សើរឡើងនូវកន្លែងថែទាំសុខភាពសាធារណៈពង្រឹងសមត្ថភាពសេវាថែទាំសុខភាព និងគាំទ្រដល់មូលនិធិសមធម៌សុខាភិបាល។

​​លោកស្រីបាន​ថ្លែងថា ៖ «ខ្ញុំសង្ឃឹមថាយុទ្ធនាការ​ ដែល​បានធ្វើឡើងនៅក្នុងឱកាសរំលឹកដល់ទិវាជំងឺទឹក នោ​មផ្អែមពិភពលោកនៅថ្ងៃទី១៤​ ខែវិច្ឆិកានេះ​នឹងក្លាយ​ជាពេលវេលា​មួយដើម្បីដឹងពីភាពធ្ងន់ធ្ងរនៃជំងឺ មិ​នឆ្លងដូចជា ជំងឺទឹកនោមផ្អែម និងជំងឺលើសសម្ពាធឈាម និងការ​យល់ដឹងពីសារៈសំខាន់នៃការការពារជំ​ងឺមិនឆ្លងនេះ»​។

សូមរម្លឹកដែរថា ទាក់ទងនឹងការការពារជំងឺមិនឆ្លងនេះដែរ កាល​ពី​ថ្ងៃទី១២ ខែវិច្ឆិកា ក្រសួង​សុខាភិបាល​បាន​រៀបចំ​​ពិធី «ដើរដើម្បីប្រយុទ្ធនឹងជំងឺមិនឆ្លង» នា​ពហុកីឡដ្ឋានជាតិអូឡាំពិក ដោយមានការគាំទ្រពីនា​យកដ្ឋានការពារសុខភាពនៃក្រសួងសុខាភិបាល រួមសហការឧបត្ថម្ភពីវិស័យឯកជន និងមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋជាង២០០នាក់។

នៅក្នុងពិធីនោះដែរ ​ឯកឧត្តម ង៉ូវ កាង រដ្ឋលេខាធិការក្រសួង​សុខាភិបាល បានលើកឡើងពីអត្ថប្រយោជន៍នៃកា​រធ្វើលំហាត់ប្រាណទៀងទាត់ និងជាប្រចាំ និងការបរិភោគអាហារដែលមានសុវត្តិភាពសម្រាប់សុខភាពដោយចៀសវាង និងកាត់បន្ថយអាហារដែលប្រៃខ្លាំង ផ្អែមខ្លាំង ខ្លាញ់ច្រើន បារី និងគ្រឿងស្រវឹងដែលជាអាហារបង្កគ្រោះថ្នាក់ដល់សុខភាព ពីព្រោះវាជាកត្តាជំរុញនៃការកកើតឡើងជំងឺទឹកនោមផ្អែម លើសស​ម្ពាធឈាម និងជំងឺមហារីកជាដើម។

ទិវាជំងឺទឹកនោមផ្អែមពិភពលោក (World Dabetisday) បានបង្កើតក្នុងឆ្នាំ១៩៩១ ដោយសម្ព័ន្ធជំងឺទឹកនោមផ្អែមអន្តរជាតិ ដោយមានការគាំទ្រពីអង្គការសុខភាពពិភពលោកក្នុងការឆ្លើយតបទៅនឹងការព្រួយបារ​ម្ភកាន់តែខ្លាំងឡើងអំពីសុខភាព និងការគំរាមកំហែងសេដ្ឋកិច្ច បង្កឡើងដោយជំងឺទឹកនោមផ្អែម។ ទិវានេះក្លាយជាថ្ងៃផ្លូវការរបស់អង្គការសហប្រជាជាតិក្នុងឆ្នាំ២០០៦ ដើម្បីបាញ់ឆ្ពោះទៅរកអត្រាប្រេវាឡង់ នៃជំងឺទឹកនោមផ្អែម និងផលប៉ះពាល់ព្រមទាំងអប់រំមនុស្សឱ្យបង្កើនការយកចិត្តទុកដាក់ការពារ និងព្យាបាលជំងឺទឹកនោមផ្អែម៕

ដោយ៖នាង សុគន្ធា

ads banner