កម្មវិធីអប់រំបេតិកភណ្ឌដល់កុមារក្នុងតំបន់អង្គរ បានជួយឱ្យសិស្សានុសិស្សយល់ច្រើនពីការការពារ ការថែរក្សា និងអភិរក្សវត្ថុបុរាណខ្មែរ
ភ្នំពេញ៖នាយកប្រតិបត្តិអង្គការមរតកវប្បធម៌ខ្មែរបានលើកឡើងថា កម្មវិធីអប់រំបេតិកភណ្ឌកុមារក្នុងតំបន់អង្គរក្រោមកិច្ចសហការជាមួយអាជ្ញាធរជាតិអប្សរា និងអង្គការមរតកវប្បធម៌ខ្មែរ បានចាប់ផ្តើមធ្វើឡើងតាំងពីឆ្នាំ ២០១៨ សម្រាប់សិស្សថ្នាក់វិទ្យាល័យ បឋមសិក្សា និងសិស្សនៃវិទ្យាល័យនៅក្នុងតំបន់អង្គរ។
លោក អ៊ុន មណីនីតា នាយកប្រតិបត្តិអង្គការមរតកវប្បធម៌ខ្មែរនៅថ្ងៃទី១៣ ខែវិច្ឆិកាបានពណ៌នាទាក់ទងនឹងសកម្មភាពខាងលើថា កម្មវិធីអប់រំបេតិកភណ្ឌកុមារក្នុងតំបន់អង្គរនេះ សម្រាប់ជាមូលដ្ឋានគ្រឹះសិក្សា នៅក្នុងថ្នាក់រៀន និងទស្សនាភស្តុតាងជាក់ស្តែងនៅតាមប្រាសាទ ដោយក្នុងនោះមានការសិក្សាស្រាវជ្រាវ និងកន្លែងធ្វើកំណាយនៅតាមតំបន់អង្គរ រួមជាមួយនឹងវត្ថុបុរាណដែលត្រូវបានយកមកដាក់នៅក្នុងសារមន្ទីរ។សាលារៀនដែលត្រូវបានជ្រើសរើសសម្រាប់កម្មវិធីអប់រំបេតិកភណ្ឌកុមារនេះ ត្រូវទស្សនាដោយផ្ទាល់នៅតាមប្រាសាទ យ៉ាងហោចណាស់ពីរដង ក្នុងមួយឆ្នាំ និងសារមន្ទីរមួយដង សម្រាប់សាលារៀនមួយ។ បើគិតជាសរុប មានសិស្សកម្រិតបឋមសិក្សា ជាង៣០០នាក់ និងវិទ្យាល័យប្រមាណ ៥៥ នាក់បានចូលរួមកម្មវិធីអប់រំបេតិកភណ្ឌកុមារក្នុងតំបន់អង្គរនេះ ក្នុងមួយឆ្នាំៗ»។
លោក អ៊ុន មណីនីតា បានបន្តថា ៖ «ក្រោយពេលដែលអង្គការបានដាក់ចេញកម្មវិធីអប់រំបេតិកភណ្ឌកុមារក្នុងតំបន់អង្គរនេះ សិស្សានុសិស្សទាំងនោះ បានយល់ដឹងច្រើនពាក់ព័ន្ធនឹងការពារ ការថែរក្សា និងអភិរក្សវត្ថុបុរាណដែលជាបិតិកភណ្ឌរបស់ជាតិ ជាពិសេសបានយល់ដឹងពីគុណតម្លៃនៃមរតកវប្បធម៌ ខណៈពីមុនមិនបានយល់ដឹងដូច្នេះទេ តែពួកគេជឿតែតាមគ្នីគ្នាប៉ុណ្ណោះ»។
លោកបញ្ជាក់ទៀតថា អង្គការលោកមានគម្រោងច្រើន លើការអនុវត្តកម្មវិធីអប់រំបេតិកភណ្ឌកុមារក្នុងតំបន់អង្គរនេះ ដោយក្នុងនោះ នឹងពង្រីកទៅតាមខេត្តមួយចំនួនទៀត ដែលមានប្រសាទបុរាណខ្មែរផងដែរ។
ទាក់ទងនឹងកម្មវិធីអប់រំបេតិកភណ្ឌកុមារក្នុងតំបន់អង្គរនេះ កាលពីថ្ងៃទី១១ ខែវិច្ឆិកាកន្លងទៅក្រោមកិច្ចសហការជាមួយអាជ្ញាធរជាតិអប្សរា និងអង្គការមរតកវប្បធម៌ខ្មែរ បានដឹកនាំសិស្សានុសិស្សចំនួន១៨៥នាក់ (ថ្នាក់ទី៥ និងទី៦នៃសាលាបឋមសិក្សាក្របីរៀល) បានចុះទស្សនកិច្ចសិក្សានៅប្រាសាទបាយ័ន ដើម្បីឱ្យកុមារដែលរស់នៅក្បែររមណីយដ្ឋានអង្គរ បានសិក្សាស្វែងយល់ពីអារ្យធម៌ ការរៀបចំក្រុងអង្គរធំ រួមទាំងផាត់ពណ៌រូបភាពផ្សេងៗជាផ្នែកមួយកម្មវិធីអប់រំបំណិនជីវិត។
យោងតាមអាជ្ញាធរជាតិអប្សរាបានឱ្យដឹងថា ៖ «កម្មវិធីអប់រំបេតិកភណ្ឌកុមារក្នុងតំបន់អង្គរនេះ ដើម្បីបង្ហាញនូវភាពជាក់ស្តែងនៃកិច្ចការពារ ថែរក្សា អភិរក្ស ការងារគ្រប់គ្រង និងការអភិវឌ្ឍន៍ចីរភាពយូរអង្វែងសម្រាប់តំបន់អង្គរ ផ្ដល់ឱ្យកុមារនូវចំណេះដឹង និងទេព្យកោសល្យសម្រាប់ឱ្យពួកគេស្គាល់សម្បត្តិវប្បធម៌កាន់តែច្បាស់តាមរូបភាពនីមួយៗ ក៏ដូចជាបង្កើនស្មារតីកុមារឱ្យស្រឡាញ់ និងជួយថែរក្សា ការពារបេតិកភណ្ឌបន្ថែមទៀត»។
សូមបញ្ជាក់ថា កម្មវិធីអប់រំបេតិកភណ្ឌកុមារក្នុងតំបន់អង្គរ ដល់សិស្សានុសិស្ស ក្រៅពីបង្រៀនទ្រឹស្តីនៅក្នុងថ្នាក់ ក៏មានកម្មសិក្សានៅតាមរមណីយដ្ឋានផ្ទាល់ដូចជា ចុះទស្សនាតាមប្រាសាទ សារមន្ទីរ កិច្ចពិធីផ្សេងៗនៅក្នុងភូមិ ក្នុងតំបន់រមណីយដ្ឋានអង្គរ និងផ្តល់ចំណេះដឹងតាមរយៈសកម្មភាពផ្ទាល់ផ្សេងៗផងដែរ។
សូមរម្លឹកដែរថា អាជ្ញាធរជាតិអប្សរាបានបិទវគ្គបណ្តុះបណ្តាលស្តីពី ការអប់រំបេតិកភណ្ឌ ដល់សិស្សានុសិស្ស នៃសាលាបឋមសិក្សាក្របីរៀល សម្រាប់ឆ្នាំ២០២៣ កាលពីថ្ងៃទី៨ ខែវិច្ឆិកា បន្ទាប់ពីបានចាប់ផ្តើមកម្មវិធីសិក្សា អស់រយៈពេល១១ខែ កន្លងមក។
ក្នុងពិធីបិទវគ្គនោះដែរ លោក ឡុង កុសល អគ្គនាយករង និងជាអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានថ្លែងថា កិច្ចខិតខំប្រឹងប្រែងរៀនសូត្រ មិនថាកម្មវិធីរបស់សាលារៀន ឬកម្មវិធីអប់រំពីបេតិកភណ្ឌ ផ្សារភ្ជាប់ការទំនាក់ទំនង និងភាពស្មោះត្រង់ គឺជាស្ពាននៃការកសាងអនាគតដ៏ប្រសើរក្នុងថ្ងៃខាងមុខ ដើម្បីក្លាយទៅជាធនធានមនុស្ស ជាអ្នកបន្តវេន មរតកវប្បធម៌ដែលបុព្វបុរសបានបន្សល់ទុក។
លោកមានប្រសាសន៍ថា ៖ «អ្វីៗដែលអាជ្ញាធរជាតិអប្សរា បានបំពេញក្នុងពេលនេះ គ្រាន់តែជាការចូលរួមមួយផ្នែកប៉ុណ្ណោះ ដើម្បីជំរុញឱ្យក្មួយៗទទួលបានចំណេះដឹង អំពីការចូលរួមការពារ ថែរក្សា និងអភិរក្ស សម្បត្តិបេតិកភណ្ឌរបស់ជាតិ»។
លោកបន្តថា កម្មវិធីអប់រំបេតិកភណ្ឌ ពិតមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់អ្នកដែលរស់នៅក្នុងតំបន់បេតិកភណ្ឌ ជាពិសេសសម្រាប់យុវជនជំនាន់ក្រោយ បានយល់ដឹងពីតម្លៃបេតិកភណ្ឌ និងផ្តល់ឱកាសដល់យុវជន បានយល់ដឹងនូវតម្លៃមរតកវប្បធម៌ បេតិកភណ្ឌ បណ្តុះគំនិតជាមួយនឹងបេតិកភណ្ឌ ឱ្យពួកគាត់ចេះស្រឡាញ់ និងចូលរួមថែរក្សាការពារ យល់ដឹងពីភារកិច្ច នៃការការពារ អភិរក្ស និងការងារគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា និងធ្វើជាគម្រូដល់សហគមន៍របស់ខ្លួន៕
ដោយ៖គឹម យុត្ថារ៉ូ