អនុមោទនា ! ពិធីបុណ្យកឋិនទានសាមគ្គី ប្រមូលបច្ច័យបានជាង ៧៦លានរៀល ដង្ហែរឆ្ពោះទៅកាន់ វត្តកែវសិក្ខាគិរីស្វារៈ ហៅវត្តប្រាសាទព្រះវិហារ

ព្រះវិហារ៖ ឯកឧត្តម ប៉ា ម៉េងហុក ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំវាលម្លូរ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ឧត្តមសេនីយ៍ ច័ន្ទ សុខុន មេបញ្ជាការកងពលតូចអន្តរគមន៍លេខ៨ និងឯកឧត្តម ម៉ី ប៊ុនរ៉ុង ទីប្រឹក្សាផ្ទាល់ឯកឧត្តម វង សូត មានសទ្ធាជ្រះថ្លាផ្តួចផ្តើមប្រារព្ធអង្គកឋិនទានដង្ហែទៅវេរប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់កាលត្រីមាស ក្នុងព័ទ្ធសីមាវត្តកែវសិក្ខាគិរីស្វារៈ ហៅវត្តប្រាសាទព្រះវិហារ ស្ថិតនៅធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

បុណ្យកឋិនសាមគ្គី បានធ្វើពិធីដង្ហែអង្គកឋិនទាន ដោយមានត្រៃចីវរ សង្ឃាដី ស្បង់ និងទេយ្យទានផ្សេងៗ ព្រមទាំងបច្ច័យសរុបចំនួន៧៦លានរៀល វេរប្រគេនព្រះសង្ឃគង់ចាំវស្សាអស់កាលត្រីមាស ក្នុងព័ទ្ធសីមាវត្តកែវសិក្ខាគិរីស្វារៈ តាមប្រពៃណីព្រះពុទ្ធសាសនា។

បន្ទាប់ដង្ហែបុណ្យកឋិនទានសាមគ្គី វេជូនជូនវត្តកែវសិក្ខាគិរីស្វារៈ ហៅវត្តប្រាសាទព្រះវិហារ រួចមក ឯកឧត្តម ប៉ា ម៉េងហុក ឧត្តមសេនីយ៍ ច័ន្ទ សុខុន បានដឹកនាំរៀបចំពិធីប្រក់ពលជូនដល់ដួងវិញ្ញាណក្ខន្ធលោកតា ឌី មេទ័ព និងយុទ្ធជនកងកម្លាំង បុព្វបុរសខ្មែរ ដែលបានពលីជីវិត ដើម្បីការពារប្រទេសជាតិ និងសង្គ្រោះអាយុជីវិតប្រជាជន នៅប្រាសាទព្រះវិហារ ស្ថិតនៅធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។

ក្នុងពិធីនេះផងដែរ បានបួងសួងដល់ព្រះរតនត្រ័យ និងបារមីនៃវត្ថុស័ក្តិសិទ្ធថែរក្សាភ្នំត្បែង ព្រមទាំងបារមីម្ចាស់ទឹក ម្ចាស់ដី ដែលថែរក្សានៅគ្រប់ទីកន្លែងក្នុងខេត្តព្រះវិហារ សូមជួយថែរក្សា ឃុំ គ្រង និងប្រទានពរជ័យ សិរីមង្គល បវរមហាប្រសើរ ជូនដល់ថ្នាក់ដឹកនាំ មន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រមទាំងប្រជាពលរដ្ឋនៅទូទាំងខេត្តព្រះវិហារ ឱ្យចៀសផុតពីជំងឺរាត្បាតផ្សេៗ និងដើម្បីឧទ្ទិសកុសលផលបុណ្យទាំងឡាយជូនដល់បុព្វការីជនមានយុទ្ធជន យុទ្ធនារី ដែលបានបូជាសាច់ស្រស់ ឈាមស្រស់ ក្នុងបុព្វហេតុរំដោះជាតិមាតុភូមិឱ្យឆ្លងផុតពីភពខ្មៅងងិត និងសង្គ្រាមរ៉ាំរ៉ៃអស់កាលជាយូរឆ្នាំ រហូតធ្វើឱ្យប្រទេសជាតិមានសុខសន្ដិភាព និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យរហូតមានអ្វីៗគ្រប់យ៉ាងដូចសព្វថ្ងៃនេះ៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner