លោក ណេតាន់យ៉ាហ៊ូ ថា អាចនឹងមានការចរចា ដើម្បីដោះលែងចំណាប់ខ្មាំង
វ៉ាស៊ីនតោន៖ នាយករដ្ឋមន្ដ្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ នៅថ្ងៃអាទិត្យសប្ដាហ៍មុន បានថ្លែងប្រាប់សារព័ត៌មានអាមេរិកថា កិច្ចព្រមព្រៀងក្នុងការដោះលែងចំណាប់ខ្មាំង ដែលក្រុមហាម៉ាស់បានឃាត់ខ្លួននៅតំបន់ហ្កាហ្សា អាចនឹងកើតឡើង ប៉ុន្ដែលោកពុំបានបញ្ជាក់លម្អិតថានឹងត្រូវចរចាជាលក្ខណៈបែបណានោះទេ។
នៅពេលត្រូវបានសាកសួរអំពីចំណាត់ការរបស់រដ្ឋាភិបាលអ៊ីស្រាអែលក្នុងការរំដោះចំណាប់ខ្មាំងដែលឃុំខ្លួនដោយក្រុមហាម៉ាស់ លោក ណេតាន់យ៉ាហ៊ូ បានបញ្ជាក់ថា ការចរចាជុំវិញបញ្ហាដោះលែងចំណាប់ខ្មាំងអាចនឹងកើតមាន ប៉ុន្ដែលោកពុំបានបញ្ជាក់ថាពីចំនួនចំណាប់ខ្មាំងច្បាស់លាស់ដែលត្រូវដោះលែងនោះទេ។
យ៉ាងណាមិញ មន្ដ្រីប្រចាំការនៅតំបន់ហ្កាហ្សា បានស្ដីបន្ទោសដល់លោក ណេតាន់យ៉ាហ៊ូ ដែលពុំមានចំណាត់ការរហ័ស និងជាមូលហេតុធ្វើឱ្យមានការពន្យាពេលក្នុងការដោះលែងអ្នកទោសទាំងអស់នោះ។
គួររំលឹកថា ពីមុនមក លោក ណេតាន់យ៉ាហ៊ូ បានបដិសេធនូវការអំពាវនាវឱ្យមានបទឈប់បាញ់ពីសំណាក់សហគមន៍អន្ដរជាតិ ដរាបណាក្រុមហាម៉ាស់មិនយល់ព្រមដោះលែងចំណាប់ខ្មាំងទាំងអស់ដែលត្រូវបានឃាត់ខ្លួននៅក្នុងតំបន់ហ្កាហ្សា។
ប្រភព៖ AFP ប្រែសម្រួលដោយ សាន ស្រីលក្ខណ៍