ឡាវ ស្នើកម្ពុជាពិនិត្យពិចារណាលើការបង្កើនការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ និងកែលម្អច្រករបៀងដឹកជញ្ជូន
ភ្នំពេញ៖រដ្ឋមន្រី្តក្រសួងសាធារណការ និងដឹកជញ្ជូនឡាវ បានស្នើដល់ភាគីកម្ពុជា ឱ្យពិនិត្យពិចារណាទៅលើការបង្កើនការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ និងបង្កើនការកែលម្អច្រករបៀងដឹកជញ្ជូន ដើម្បីបង្កើនលំហូរទំនិញ និងទេសចរណ៍ទ្វេភាគីឱ្យកាន់តែប្រសើរឡើងថែមទៀត។
ការស្នើនេះ បានធ្វើឡើងតាមរយៈជំនួបពិភាក្សាការងារទ្វេភាគី នាប្រទេសឡាវ ជាមួយឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា កាលចុងសប្តាហ៍មុន។
ប្រភពក្រសួងសាធារណការនិងដឹកជញ្ជូននៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣បានឱ្យដឹងថា ជំនួបពិភាក្សានេះ ក្នុងគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យដឹកជញ្ជូនរវាងប្រទេសកម្ពុជា និងឡាវដែលជាប្រទេសមានភូមិផងរបងជាប់គ្នា។នាឱកាសនោះឯកឧត្តម ង៉ាមប៉ាសុង ម៉ុងម៉ានី( Ngampasong Muongmany )រដ្ឋមន្រី្តក្រសួងសាធារណការ និងដឹកជញ្ជូនឡាវ ក៏បានថ្លែងដោយស្នើឱ្យភាគីកម្ពុជា ជួយពិនិត្យពិចារណាទៅលើការបង្កើនការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ បង្កើនការកែលម្អច្រករបៀងដឹកជញ្ជូន និងបង្កើនលំហូរទំនិញ-ទេសចរណ៍-សេវា រវាងប្រទេសពីរ។
លោកបានបន្តថា ៖ «ការស្នើនេះ សំដៅធ្វើឱ្យកាន់តែប្រសើរឡើង ធ្វើយ៉ាងណាឈានទៅរួមចំណែកជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងវប្បធម៌ ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងតំបន់បន្ថែមទៀត»។
ជាការឆ្លើយតបទៅនឹងការលើកឡើង និងសំណើរបស់ភាគីឡាវ ឯកឧត្តម ប៉េង ពោធិ៍នា បានចាត់ទុកថាការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធរវាងប្រទេសទាំងពីរ ពិតជាមានសារៈសំខាន់ណាស់។
លោកបានបញ្ជាក់ថា ៖ «ជារួម ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធរវាងប្រទេសទាំងពីរ គឺពិតជាសំខាន់ ក្នុងការអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ច ហើយដែលការតភ្ជាប់នេះគឺស្របទៅតាមផែនការមេគ្រប់ជ្រុងជ្រោយ ស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្ម ២០២៣-២០៣៣ ដែលរាជរដ្ឋាភិបាលកម្ពុជាទើបបានអនុម័តកាលពីពេលថ្មីៗនេះផងដែរ»។
ពាក់ព័ន្ធរឿងនេះ លោក គី សេរីវឌ្ឍន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ច និងជាប្រធានមជ្ឈមណ្ឌលសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា ថ្លែងនៅថ្ងៃទី១៣ ខែវិច្ឆិកាថា កន្លងមកកម្ពុជា ក៏គ្រោងតភ្ជាប់ផ្លូវដែកល្បឿនលឿនពីប្រទេសចិន កាត់តាមប្រទេសឡាវផងដែរ ហើយការដាក់ស្នើឱ្យពន្លឿនការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធរបស់ ឡាវនាពេលនេះ គឺជាចរន្តសេដ្ឋកិច្ចដ៏ធំមួយរបស់កម្ពុជា ពិសេសអាចជួយលើកកម្ពស់ពាណិជ្ជកម្មទ្វេភាគីកាន់តែប្រសើរបន្ថែមទៀត។
លោកបន្តថា ៖ «យើងដឹងថា កំពង់ផែរបស់កម្ពុជា នឹងដើរតួនាទីសំខាន់ក្នុងការឆ្លងកាត់ទំនិញទៅកាន់ប្រទេសឡាវពីព្រោះប្រទេសឡាវមិនមានព្រំដែនសមុទ្រទេ មានតែកម្ពុជាទេ។នេះជាឱកាសរបស់កម្ពុជាក្នុងការដឹកជញ្ជូនពាណិជ្ជកម្មទៅកាន់ប្រទេសឡាវ និងការកសាងទំនាក់ទំនងបន្ថែម»។
លោក គី សេរីវឌ្ឍន៍ បានបន្តថែមថា លើសពីនេះ កិច្ចសម្រួលពាណិជ្ជកម្មតាមតំបន់ព្រំដែនរវាងប្រទេសទាំងពីរ ក៏ជាកត្តាសំខាន់ក្នុងការលើកទឹកចិត្តឱ្យមានពាណិជ្ជកម្មទៅវិញទៅមកកាន់តែខ្លាំង ព្រមទាំងធ្វើឱ្យកម្ពុជាកាន់តែមានឱកាសទិញវារីអគ្គិសនីពីប្រទេសឡាវនៅក្នុងតម្លៃសមស្របថែមទៀត។
បើតាមសភាពាណិជ្ជកម្មកម្ពុជា ធ្លាប់បានលើកឡើង កាលពីខែកុម្ភៈ ឆ្នាំ២០២៣កន្លងមកថា ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ឡាវ បានកើនឡើងពី ១៦០ លានដុល្លារអាមេរិកក្នុងឆ្នាំ២០២១ ដល់ ២១០ លានដុល្លារអាមេរិកនៅឆ្នាំ២០២២។
បើតាមក្រសួងសាធារណការដដែលនោះ នៅក្នុងជំនួបរវាងរដ្ឋមន្រ្តីដឹកជញ្ជូនកម្ពុជា-ឡាវ ក៏បានឯកភាពគ្នាបង្កលក្ខណៈងាយស្រួលទៅវិញទៅមកដើម្បីបន្ត និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ពិសេសការអនុវត្តន៍គម្រោងនានាដែលនឹងផ្តល់ផលប្រយោជន៍ទៅវិញទៅមកជូនប្រជាពលរដ្ឋប្រទេសទាំងពីរថែមទៀត៕
ដោយ៖បូរ ពេជ្រហ្សាលីន