ក្រុមអ្នកប្រមាញ់រូបភាពជីវចម្រុះនៅកម្ពុជា៖ “ពួកយើងនឹងធ្វើឱ្យគេស្គាល់សត្វ រុក្ខជាតិ និងព្រៃព្រឹក្សាដ៏ស្រស់ស្អាតរបស់ខ្មែរយើង”

ភ្នំពេញ៖ ក្រុមមួយដែលបានដាក់ឱ្យឈ្មោះខ្លួន ថា”ក្រុមអ្នកប្រមាញ់ រូបភាព ជីវ ចម្រុះនៅកម្ពុជា”បានប្តេជ្ញាថានឹងធ្វើឱ្យគេស្គាល់សត្វ រុក្ខជាតិ និងព្រៃព្រឹក្សាដ៏ស្រស់ស្អាត។អ្វីដែលក្រុមនេះកំពុងធ្វើឱ្យមានចាប់ អារម្មណ៍ខ្លាំងជាងនេះទៅទៀតនោះគឺតាមរយៈការដើរប្រមាញ់រូបភាពសត្វស្លាបដ៏ស្រស់ស្អាត និងពិសេសនោះគឺឱ្យសាធារណៈជន បាន ស្គាល់ សត្វ កម្រៗ នៅក្នុងប្រទេសកម្ពុជា។

តាមរយៈរូបភាពដែលត្រូវបានផ្សព្វផ្សាយដោយក្រុមអ្នកប្រមាញ់រូបភាពជីវចម្រុះនៅកម្ពុជានេះដែរបានជួយជំរុញឱ្យមនុស្សកាន់តែច្រើនស្រឡាញ់ចូលចិត្តសត្វព្រៃ ជួយទាក់ទាញក្នុងការចូលរួមក្នុងការអភិរក្ស និង ពិសេសនោះក៏ជាផ្នែកមួយជួយទាក់ទាញលើវិស័យទេសចរណ៍ទៀតផង។

ក្នុងសកម្មភាពចូលរួមតាំងពិព័រណ៍រូបថតសត្វស្លាបនៅកម្ពុជាដើម្បីផ្សព្វផ្សាយដល់សាធារជន ជាពិសេសក្នុងស្រទាប់យុវជន ឱ្យយល់ដឹង អំពីកិច្ច គាំពារ បរិស្ថាន និងការអភិរក្សជីវៈចម្រុះដែលជា សម្បត្តិធនធាន ធម្មជាតិរបស់កម្ពុជារយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី ១០-១១ ខែ វិច្ឆិកា ឆ្នាំ ២០២៣នាមជ្ឈមណ្ឌលកោះពេជ្រ កន្លងទៅលោក សួង ម៉ារឌី ដែល ជាអ្នកប្រមាញ់រូបភាពស្ម័គ្រចិត្តដ៏សំខាន់មួយរូបក្នុងក្រុមអ្នកប្រមាញ់រូបភាពជីវចម្រុះនៅកម្ពុជាបានឱ្យដឹងថាក្រុមរបស់លោកមានសមាជិកចម្រុះគ្នាមានមកពីស្ថាប័នរដ្ឋ ឯកជន ដែលសុទ្ធសឹងជាអ្នកស្រឡាញ់ ប្រមាញ់រូបភាពបានរួមគ្នាដើរថតរូបភាព ហើយបានផ្សព្វផ្សាយ ដល់ពលរដ្ឋកម្ពុជា និងក៏ដូចជាមនុស្សក្នុងពិភពលោកបានឃើញ និងស្គាល់។

លោកបានបញ្ជាក់ថា”រូបភាពជាច្រើនប្រភេទ ដែលពួកយើងបានថត ប៉ុន្តែ ក្នុងពិព័រណ៍នេះគឺយើងបានលើកយកតែសត្វស្លាបមក បង្ហាញ ប៉ុណ្ណោះ។ក្រុមយើងបានបង្ហាញពីប្រភេទសត្វព្រៃ រុក្ខជាតិនានា ដែលកប់ជ្រៅក្នុងព្រៃភ្នំ និងក៏ដូចជាតំបន់នានានៅកម្ពុជាដើម្បី ឱ្យបានឃើញនិងស្គាល់”។

តាមរយៈការថតរូបភាពនេះដែរលោក សួង ម៉ារឌី បានឱ្យដឹងថានៅ បរទេសគេមានអ្នកថតបែបនេះច្រើនតែសម្រាប់នៅកម្ពុជាយើងគឺមានតិចតួចបំផុត ។ពេលនេះក្រុមលោកដែលមានសមាជិកជិត៣០ នាក់នឹង ខិតខំយ៉ាងណាដើរប្រមាញ់រូបភាពមកបង្ហាញ ដើម្បីឱ្យពិភពលោកបាន ស្គាល់ ពីសត្វព្រៃក៏ដូចជាជីវចម្រុះនៅកម្ពុជាដែលជាផ្នែក មួយសម្រាប់ ទាក់ទាញលើវិស័យទេសចរណ៍ផងដែរ។

ក្នុងនាមជាអ្នកប្រមាញ់រូបភាពស្ម័គ្រចិត្ត លោក សួង ម៉ារឌីបានឱ្យដឹង ថា ឆ្លងកាត់ការដើរប្រមាញ់រូបភាពកន្លងមករូបលោក ជួបឧបសគ្គ ច្រើនរាប់មិនអស់ ពិសេសការសម្រាកតាមព្រៃភ្នំ និង ការដើរផ្សងព្រេង គ្រប់ទីកន្លែងពីព្រោះតែចងបានរូបភាព។

លោកបានប្រាប់ឱ្យដឹងដែរថាសម្រាប់រូបភាពនីមួយៗដែលថតបានចាំបាច់ត្រូវតែមានម៉ាស៊ីនថតទំនើប និងភាពប៉ិនប្រសព្វក្នុងការថតផង។សម្រាប់រូបភាពសត្វព្រៃពិសេសសត្វស្លាបត្រូវការប្រើពេលខ្លីបំផុតដើម្បីចាប់រូបភាពបានស្រស់ស្អាតបំផុត។រូបភាពកម្រខ្លះនៅពេលថតបាន ត្រូវចាត់ទុកថា សំណាងពីព្រោះថាសកម្មភាពរបស់សត្វ និង បូករួមផ្សំ ជា មួយទេសភាពគឺជាការពិបាក បំផុតក្នុងការ ថតបានរូបដ៏អស្ចារ្យបាន ខ្លាំង ណាស់។
លោក ម៉ៅ ស្រស់ ជាអ្នកថតរូបភាពរបស់ក្រុមអ្នកប្រមាញ់ រូបភាព ជីវចម្រុះនៅកម្ពុជាមួយរូបបានឱ្យដឹងដែរថាការថតរូបភាពតាមព្រៃភ្នំពិតជាជួបការលំបាកតែដោយបេះដូងស្រឡាញ់សត្វស្លាប ជីវចម្រុះទើប ជំរុញឱ្យលោកទៅគ្រប់ទីកន្លែងដើម្បីថតរូបភាពផ្សព្ចផ្សាយដល់ពលរដ្ឋបានឃើញនិងស្គាល់។សត្វស្លាបខ្លះមានយូរមកហើយតែគ្រាន់តែ យើង មិនមានអ្នកថតរូបភាពទើបយើងមិនបានឃើញ និង ស្គាល់វា ប៉ុណ្ណោះ។

 ដោយឡែកលោក សុខ ភិន បានឱ្យដឹងថា លោកបានចាប់ផ្តើមថត រូបភាពជីវចម្រុះនេះរយៈពេលជាង៤ឆ្នាំមកហើយ។សម្រាប់រូបភាព លោក ថតបានមានច្រើនមិនទាបជាង២០០រូបភាពទេ ដែលសុទ្ធសឹងជា រូបភាពសត្វព្រៃ រុក្ខជាតិកម្រៗក្នុងប្រទេសកម្ពុជា។

គួរបញ្ជាក់ថា បើយោងតាមរបាយការណ៍ក្រសួងបរិស្ថាន បានឱ្យដឹង នាពេល កន្លងមកថាកម្ពុជាសម្បូរទៅដោយ សក្តានុពលធនធាន ជីវៈចម្រុះដ៏សម្បូរបែប។នៅភាគខាងជើង និងឦសាននៃប្រទេស មានប្រភេទព្រៃល្បោះ និងព្រៃស្រោងកំពុងគ្របដណ្តប់ នៅភាគនិរតី មាននូវព្រៃរងទឹកភ្លៀងនៃតំបន់ជួរភ្នំក្រវ៉ាញ និងនៅភាគកណ្តាល មាន ប្រព័ន្ធផ្លូវទឹកដ៏ធំធេងនៃបឹងទន្លេសាប និងទន្លេមេគង្គ។ តំបន់ភូមិ សាស្ត្រនីមួយៗ បង្កើតបាននូវភាពសម្បូរបែបនៃធនធានជីវៈ ចម្រុះ ដែលក្នុងនោះ គេឃើញមានរុក្ខជាតិចម្រុះតូចធំប្រមាណ ២៣០០ ប្រភេទ(USAID, August 23, 2019) និងប្រភេទសត្វដូចជា ថនិក សត្វ ១២៣ប្រភេទ សត្វស្លាប ៥៤៥ប្រភេទ ឧរង្គសត្វ ៨៨ប្រភេទ ត្រី ៨៧៤ប្រភេទ និងថលជលិក ៦៣ប្រភេទ (របាយការណ៍ជាតិលើកទី៤ ស្តីពីជីវៈចម្រុះ)ជាដើម៕
អត្ថបទ៖លោក ជិន ម៉ាដេប៉ូ
រូបភាព៖លោក ជីម ភារ៉ា

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner