ក្រសួងវប្បធម៌ត្រៀមរៀបចំការសម្តែងសិល្បៈជាច្រើនទម្រង់ជូនដល់សាធារណៈជនទស្សនាក្នុងព្រះរាជពិធីបុណ្យអុំទូកខាងមុខ

ភ្នំពេញ៖ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និង សំពះព្រះខែ អក អំបុកនឹងប្រព្រឹត្តិទៅរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី ២៦-២៧និង២៨ ខែ វិច្ឆិកា ឆ្នាំ២០២៣ខាងមុខ។ក្នុងព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំនេះដែរ ក្រសួង វប្បធម៌ និងវិចិត្រសិល្បៈនឹងមានរៀបចំកម្មវិធី សិល្បៈច្រើនទម្រង់ សម្ដែង ជូនមហាជនទស្សនា ផងដែរ។

ឯកឧត្តម ហ៊ឺ វីរៈ រដ្ឋលេខាធិការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបាន បញ្ជាក់ថា រៀងរាល់ឆ្នាំនៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និង អកអំបុក សំពះព្រះខែ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ តែងរៀបចំ សម្តែងសិល្បៈជូនដល់មហាជនទស្សនា ។ ដោយឡែកឆ្នាំនេះក្រសួង បានរៀបចំទីតាំងចំនួនបួន។ក្នុងនោះ ទីតាំងទី១ នៅខាងមុខវត្តបទុម ដែលមានការសម្តែងនូវទម្រង់របាំប្រពៃណី។ ទីតាំងទី២ នឹងរៀបចំ ឡើងដោយមន្ទីរវប្បធម៌និងវិចិត្រសិល្បៈរាជធានីភ្នំពេញដោយ មានការ សម្តែងជាទម្រង់ល្ខោនខោល និងរបាំងផ្សេងៗទៀត។ សម្រាប់ទី តាំង ទី៣ រៀបចំសម្តែងជូនកីឡាករអុំទូកទស្សនានៅកន្លែងស្នាក់នៅ និងទី តាំងទី៤ ក្រុមភ្លេងប្រពៃណី នឹងសម្តែងរយៈពេលបី ថ្ងៃជូនមហា ជន ទស្សនា។

ឯកឧត្តមរដ្ឋលេខាធិការបានអធិប្បាយថា សម្រាប់ទម្រង់សម្តែងក្នុង ឆ្នាំនេះមានដូចជា ល្ខោនខោល យីកេ ល្ខោនស្បែកតូច និងល្ខោនស្បែក ធំជាដើម។ការរៀបចំសម្តែងនេះក៏មានកិច្ចសហការរវាងវិស័យឯកជន និងក្រសួង។

ចំណែកអង្គភាពពាក់ព័ន្ធ ក្រសួងមាន នាយកដ្ឋានសិល្បៈ និងទស្សនីយ ភាព សាកលវិទ្យាល័យភូមិន្ទវិចិត្រ សិល្បៈ ,សាលាមធ្យមវិចិត្រ សិល្បៈ និងសិល្បៈមកពីមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញ។ក្រៅ ពីនេះក៏មានការចូលរួមពីសំណាក់វិស័យឯកជន ចូលរួមដែរ ដូចជា ក្រុមល្ខោនបុរាណមកពីក្រុមល្ខោនបុរាណវត្តកៀនស្វាយក្រៅ ខេត្តកណ្តាល, ក្រុមល្ខោនស្បែកតូច ក្រុមល្ខោន ស្បែកធំ មកពីខេត្ត សៀមរាប, ចំប៉ីដងវែង យីកេ មកពីខេត្តកំពង់ធំ។ ក្រសួងក៏បានអញ្ជើញក្រុមសិល្បៈករទាំងក្នុងប្រព័ន្ធនិងក្រៅ ប្រព័ន្ធ មកចូលរួមដែរ

ឯកឧត្តម រដ្ឋលេខាធិការ ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈបានឱ្យ ដឹងបន្ថែមថា ក្រៅពីរៀបចំសម្តែងជាទម្រង់សិល្បៈមន្ទីរវប្បធម៌ និង វិចិត្រសិល្បៈរាជធានីភ្នំពេញក៏បានរៀបចំពិធីសម្តែងបែបបទនៃប្រពៃណីបុណ្យអុំទូកនៅវត្តភ្នំ ។ឆ្នាំនេះជាឆ្នាំទី៣ ក្រសួងក៏បានរៀបចំ ប្រទីប របស់ក្រសួង ចូលរួមបណ្ដែតក្នុងព្រះរាជពិធីបុណ្យអុំទូក ។

ឯកឧត្តម ឈិន កេតនា ទីប្រឹក្សារាជរដ្ឋាភិបាល អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិនៅថ្ងៃទី ១៣ ខែ វិច្ឆិកា ឆ្នាំ ២០២៣បានឱ្យដឹងថា ព្រះរាជ ពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំនេះ ដែលប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ពោលគឺនៅថ្ងៃទី ២៦-២៧-និង២៨ ខែវិច្ឆិកានៅតាមដងទន្លេសាប មុខព្រះបរមរាជវាំង ។ក្នុងនោះ មានទូក សរុបចំនួន ៣៣៨ នឹងចូលរួមប្រកួត ព្រមទាំងប្រទីបចំនួន៣០ ក៏នឹង បង្ហាញខ្លួនក្នុងព្រះរាជពិធីផងដែរ៕
អត្ថបទ៖ លោក ជិន ម៉ាដេប៉ូ,រូបភាព៖លោក ជីម ភារ៉ា

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner