រាជរដ្ឋាភិបាលដាក់ទិសដៅរកកំណើនទេសចរណ៍បរទេសមកខេត្តសៀមរាប (Video Inside)
រាជរដ្ឋាភិបាលដើម្បីជំរុញឱ្យខេត្តសៀមរាបមានកំណើនទេសចរណ៍សាឡើងវិញ បានដាក់ចេញនូវ «កម្មវិធីទស្សនាសៀមរាបឆ្នាំ២០២៤»។
ខេត្តសៀមរាប គឺជាខេត្តមួយដែលល្បីល្បាញលើពិភពលោក ដោយសារប្រាសាទបុរាណខ្មែរ ជាពិសេសប្រាសាទអង្គរវត្ត។ ប៉ុន្តែក្រោយមានវិបត្តិកូវីដ១៩នោះមក លំហូរទេសចរណ៍បរទេសបានធ្លាក់ចុះ និងវិស័យនេះ បានងើបឡើងមកវិញតិតតួច មិនដូចមុនការផ្ទុះឡើងនូវជម្ងឺរាតត្បាតនោះឡើយ។
សម្តេចធិបតី ក្នុងវេទិការាជរដ្ឋាភិបាល និងផ្នែកឯកជនលើកទី១៩ នាថ្ងៃចន្ទនេះ បានថ្លែងថា ដើម្បីឱ្យខេត្តសៀមរាបក្លាយជាខេត្តដែលសម្បូរណ៍ដោយទេសចរបរទេសសាឡើងវិញ រាជរដ្ឋាភិបាលគ្រោងដាក់ចេញកម្មវិធីពិសេសមួយ គឺ «ទស្សនាសៀមរាបឆ្នាំ២០២៤»។ តើកម្មវិធីពិសេសនោះនឹងមានអ្វីខ្លះ?
សម្តេចធិបតីបានស្នើក្រសួងទេសចរណ៍ ត្រូវរៀបចំ និងដាក់ចេញនូវផែនការសកម្មភាពជាក់លាក់ ដើម្បីអនុវត្តកម្មវិធីទស្សនាសៀមរាប ឆ្នាំ២០២៤ ឱ្យរួចរាល់ក្នុងដំណាច់ឆ្នាំ២០២៣នេះ។
សម្តេចធិបតីបានប្រាប់ក្រសួងទេសចរណ៍ ត្រូវតភ្ជាប់ជើងហោះហើរដោយត្រង់ ពីគោលដៅទេសចរណ៍ល្បីៗ មកខេត្តសៀមរាប ក្នុងនោះរួមមានការហោះហើរដោយត្រង់ពីតំបន់ភូកេត នៃប្រទេសថៃ មកសៀមរាប, ពីតំបន់បាលី នៃប្រទេសឥណ្ឌូណេស៊ី មកខេត្តសៀមរាប, ពីដាណាំង នៃប្រទេសវៀតណាម មកសៀមរាប ឬពីសេប៊ូ នៃប្រទេសហ្វីលីពីន មកខេត្តសៀមរាបជាដើម។