ប្រធានាធិបតីឥណ្ឌូនេស៊ី ជំរុញលោក Biden ឱ្យជួយបញ្ចប់ «ភាពសាហាវឃោរឃៅ» នៅហ្គាហ្សា

វ៉ាស៊ីងតោន ឌីស៊ី៖ ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Joko Widodo បានជំរុញប្រធានាធិបតីអាមេរិក ឲ្យធ្វើសកម្មភាពបន្ថែមទៀត ដើម្បីបញ្ចប់នូវអ្វីដែលលោកហៅថា «អំពើសាហាវឃោរឃៅ» នៅក្នុងតំបន់ហ្គាហ្សា និងជួយនាំមកនូវបទឈប់បាញ់មួយ។ ជាការស្នើដោយទទូច ក្នុងពេលដែលលោក Joko Widodo បំពេញទស្សនកិច្ចនៅអាមេរិក ហើយទទួលបានការស្វាគមន៍ នៅសេតវិមាន កាលពីថ្ងៃចន្ទ ដើមសប្តាហ៍នេះ។

ក្នុងពេលចូលជួបពិភាក្សាការងារជាមួយ លោក Jo Biden ប្រធានាធិបតីអាមេរិក លោក Widodo ដែលជាមេដឹកនាំប្រទេសមានប្រជាជនភាគច្រើនកាន់សាសនាឥស្លាម នៅលើពិភពលោក បាននិយាយថា «ឥណ្ឌូនេស៊ីអំពាវនាវដល់សហរដ្ឋអាមេរិក ឱ្យធ្វើបន្ថែមទៀត ដើម្បីបញ្ឈប់អំពើឃោរឃៅ នៅក្នុងតំបន់ហ្គាហ្សា»។

លោកបានបន្តថា «បទឈប់បាញ់គឺជាកត្តាចាំបាច់ សម្រាប់មនុស្សជាតិ»។

មេដឹកនាំឥណ្ឌូនេស៊ីរូបនេះធ្លាប់បានអះអាង នៅមុនជំនួបថា លោកក៏នឹងនាំយកជូនលោក Biden នូវ «សារដ៏សំខាន់មួយ» របស់ស្មារតីកិច្ចប្រជុំកំពូលរួមនៃមេដឹកនាំអារ៉ាប់ និងមូស្លីម នៅទីក្រុង Riyadh កាលពីចុងសប្តាហ៍ ដែលបានថ្កោលទោសអ៊ីស្រាអែល និងបានអំពាវនាវឱ្យមានបទឈប់បាញ់។ លោក Widodo ក៏បាននិយាយផងដែរថា លោកក៏បញ្ជូនសារជាក់លាក់មួយពីប្រធានាធិបតី ប៉ាឡេស្ទីន Mahmoud Abbas ដែលបានសុំឱ្យឲ្យរូបលោក បញ្ជូនទៅប្រធានាធិបតី Biden ទាក់ទងនឹងសង្រ្គាមនេះដែរ។

ប៉ុន្តែលោក Biden មិនបានឆ្លើយអ្វីទេ ដោយគ្រាន់តែបានបន្តផ្តោតលើផែនការធ្វើឱ្យប្រសើរឡើងនូវកិច្ចសហប្រតិបត្តិការជាមួយប្រទេសឥណ្ឌូនេស៊ី ដល់កម្រិតខ្ពស់បំផុត ដែលហៅថាភាពជាដៃគូយុទ្ធសាស្ត្រទូលំទូលាយ។

យ៉ាងណាមិញ នៅមុនពេលមានជំនួបនេះ មន្ត្រីរដ្ឋបាលជាន់ខ្ពស់របស់សហរដ្ឋអាមេរិកធ្លាប់បាននិយាយថា លោក Biden ចង់ឲ្យសមភាគីឥណ្ឌូណេស៊ី ដើរតួនាទីឲ្យធំជាងនេះ ក្នុងការដោះស្រាយស្ថានការណ៍នៅមជ្ឈិមបូព៌ា។ ប្រភពបន្តថា បញ្ហាបទឈប់បាញ់ ក៏មានជជែកដែរ ប៉ុន្តែចង់ឲ្យមានគោលដៅរយៈពេលយូរអង្វែង លើដំណោះស្រាយ និងផ្តោតលើការស្ថាបនាតំបន់ហ្គាហ្សា ស្ទ្រីប ឡើងវិញ។

គួររម្លឹកថា កាលពីថ្ងៃទី៧ ខែតុលា ក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីនបានសម្រុកចូលទៅវាយប្រហារទឹកដីរបស់អ៊ីស្រាអែល ស្លាប់មនុស្ស១២០០នាក់។ ក្រោយមក អ៊ីស្រាអែលបានសងសឹកវិញ ដោយបានបន្តវាយប្រហារតំបន់ហ្គាហ្សា ដែលគ្រប់គ្រងដោយពួកហាម៉ាស ដោយបានសម្លាប់មនុស្សជាង ១១០០០នាក់ហើយ គិតត្រឹមថ្ងៃទី១៣ ខែវិច្ឆិកា បើតាមក្រសួងសុខាភិបាលហ្គាហ្សា៕ ប្រភពពី AFP ប្រែសម្រួល៖ លន់ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner