ហាម៉ាស់និយាយថានឹងដោះលែងចំណាប់ខ្មាំង ៥០ នាក់ ជាថ្នូរនឹងបទឈប់បាញ់ ៥ថ្ងៃ
ហ្គាហ្សា៖ ក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីនបានអះអាងថា ខ្លួនបានសម្រេចផ្តល់ការដោះលែងចំណាប់ខ្មាំង ចំនួន៥០ នាក់ ដោះដូរនឹងបទឈប់បាញ់ រយៈពេលប្រាំថ្ងៃ។ ពួកហាម៉ាសប៉ាឡេស្ទីនបានជូនដំណឹងដល់ក្រុមអ្នកសម្រុះសម្រួលថា ក្រុមរបស់ខ្លួនអាចនឹងដោះលែងស្ត្រីនិងកុមារ ចំនួន៥០ នាក់ ដែលកំពុងត្រូវបានឃុំខ្លួន នៅតំបន់ហ្គាហ្សា ជាការដោះដូរនឹងបទឈប់បាញ់ រយៈពេលប្រាំថ្ងៃ។
អ្នកនាំពាក្យយោធាហាម៉ាសបានបញ្ជាក់ទៀតថា បទឈប់បាញ់នេះរួមបញ្ចូលទាំងការអនុញ្ញាតឱ្យនាំចូលជំនួយសង្គ្រោះមនុស្សធម៌ ទៅកាន់តំបន់ហ្គាហ្សាស្ទ្រីប ទាំងមូលទៀតផង។
អ្នកនាំពាក្យរូបនេះក៏បានថ្លែងចោទប្រកាន់ទៅលើអ៊ីស្រាអែលថា បានពន្យារពេល នៅក្នុងកិច្ចចរចាដោះលែងចំណាប់ខ្មាំង ដែលសម្របសម្រួលដោយប្រទេសកាតា។
គួរបញ្ជាក់ថា ចំណាប់ខ្មាំង ដែលមានទាំងជនបរទេស និងជនជាតិអ៊ីស្រាអែលប្រមាណ២៤០នាក់ត្រូវបានពួកហាម៉ាសចាប់ជាឈ្លើយសឹក អំឡុងការវាយប្រហារ កាលពីថ្ងៃទី៧ ខែតុលា។ អ៊ីស្រាអែល និងហាម៉ាសបានដាក់លក្ខខណ្ឌ ទៅវិញទៅមក ក្នុងនោះ អ៊ីស្រាអែលថា បទឈប់បាញ់អាចមានបាន លុះត្រាណា ចំណាប់ខ្មាំងត្រូវបានដោះលែង រីឯពួកហាម៉ាសវិញ ធ្លាប់បានដាក់លក្ខខណ្ឌដែលថា ចំណាប់ខ្មាំងនឹងត្រូវដោះលែង បើអ្នកទោសខ្លួននៅអ៊ីស្រាអែល មានសេរីភាពវិញ។ អាមេរិក កាតា គឺជាបណ្តាប្រទេសសំខាន់ ក្នុងកិច្ចចរចាដោះលែងឈ្លើយសឹកនេះ។ មកទល់ពេលនេះ មានតែឈ្លើយសឹកជនជាតិអាមេរិក ២នាក់ប៉ុណ្ណោះ ត្រូវបានបានពួកហាម៉ាសដោះលែងឲ្យមានសេរីភាពវិញ៕ ប្រភពពី AFP ប្រែសម្រួល៖ លន់ សារ៉ាត
![](https://asset.ams.com.kh/central/media/2023/11/photo_2023-11-14_08-55-43-1024x682.jpg)