ទីក្រុងឥណ្ឌាចំនួន ៣ ស្ថិតក្នុងចំណោមទីក្រុងទាំង ១០ របស់ពិភពលោក ដែលរងការបំពុលខ្យល់អាកាសខ្លាំងបំផុត
ញូវដែលី៖ ទីក្រុងពីរផ្សេងទៀតរបស់ប្រទេសឥណ្ឌា នៅថ្ងៃចន្ទសប្តាហ៍នេះ បានចូលរួមជាមួយរដ្ឋធានីញូវដែលី ក្នុងការជាប់ចំណាត់ថ្នាក់នៅក្នុងចំណោមបណ្តាទីក្រុងទាំង ១០ របស់ពិភពលោក ដែលរងការបំពុលខ្យល់អាកាសខ្លាំងបំផុត។
ក្នុងចំណោមទីក្រុងទាំង ១០ ដែលរងការបំពុលខ្យល់ខ្លាំងបំផុតលើពិភពលោក គឺទីក្រុងញូវដែលីស្ថិតនៅចំណាត់ថ្នាក់ទី១។ ក្រុមតាមដានគុណភាពខ្យល់អាកាស IQAir ដែលមានមូលដ្ឋាននៅប្រទេសស្វីស បានបញ្ជាក់ថា សន្ទស្សន៍គុណភាពខ្យល់ (AQI) នៃរដ្ឋធានីរបស់ឥណ្ឌា គឺចំនួន៤២០ ដែលត្រូវបានចាត់ទុកជាកម្រិតគ្រោះធ្ងន់ធ្ងរ។
រីឯទីក្រុង ២ ទៀតរបស់ឥណ្ឌា មានដូចជាទីក្រុងកូលកាតា នៅភាគខាងកើត ដែលស្ថិតនៅលេខរៀងទី៤ ជាមួយ AQI ចំនួន១៩៦ ខណៈទីក្រុងមុមបៃ ស្ថិតនៅចំណាត់ថ្នាក់លេខ៨ ជាមួយ AQI ចំនួន១៦៣។ គុណភាពខ្យល់អាកាសនៅក្នុងប្រទេសឥណ្ឌា តែងតែធ្លាក់ចុះខ្លាំងរៀលរាល់ឆ្នាំនៅមុនរដូវរងា នៅពេលដែលខ្យល់ត្រជាក់បង្ខាំងទុកភាគល្អិតកខ្វក់ ដែលបញ្ចេញពីយានយន្ត វិស័យឧស្សាហកម្ម ការសាងសង់ និងការដុតកាកសំណល់កសិកម្មនៅក្នុងស្រទាប់បរិយាកាស។
ចំណែកសន្ទស្សន៍ AQI ចន្លោះ៤០០ ទៅ ៥០០ អាចប៉ះពាល់ដល់សុខភាពរបស់មនុស្ស ហើយគ្រោះថ្នាក់សម្រាប់អ្នកដែលមានជំងឺប្រចាំកាយស្រាប់ ខណៈ AQI កម្រិត១៥០ ទៅ ២០០ អាចបង្កការរំខានដល់អ្នកដែលមានបញ្ហាហឺត សួត និងបេះដូងជាដើម។ ចំណែក សន្ទស្សន៍ AQI ចន្លោះ ០ ទៅ ៥០ ត្រូវចាត់ទុកជាកម្រិតល្អ៕ ប្រភព៖ The Star ប្រែសម្រួលដោយ៖ លន់ សារ៉ាត
![](https://asset.ams.com.kh/central/media/2023/11/photo_2023-11-14_09-03-41-1024x682.jpg)
![](https://asset.ams.com.kh/central/media/2023/11/photo_2023-11-14_09-03-44-1024x682.jpg)
![](https://asset.ams.com.kh/central/media/2023/11/photo_2023-11-14_09-03-54-1024x682.jpg)