ក្រុមសកម្មជនធ្វើយុទ្ធនាការ ទាមទារឲ្យរដ្ឋាភិបាលថៃ ចាត់វិធានការលើការបំពុលបរិយាកាស

បាងកក៖ ក្រុមអ្នកធ្វើយុទ្ធនាការ កាលពីថ្ងៃចន្ទ សប្តាហ៍នេះ បានទាមទារឱ្យរដ្ឋាភិបាលថៃអនុម័តជាបន្ទាន់ នូវអ្វីដែលពួកខ្លួនហៅថា «សកម្មភាពខ្យល់អាកាសបរិសុទ្ធ» ខណៈដែលថៃស្ថិតក្នុងរដូវកាលនៃការបំពុលបរិយាកាសខ្ពស់បំផុត ប្រចាំឆ្នាំ។

ក្រុមបណ្តាញ «ខ្យល់អាកាសស្អាតថៃ» ហៅកាត់ថា CAN ដែលជាក្រុមអ្នកសិក្សា និងសកម្មជនបានដាក់សំណើច្បាប់ទៅរដ្ឋាភិបាល រួមជាមួយនឹងលិខិតចំហមួយ ជំរុញឱ្យនាយករដ្ឋមន្ត្រី ស្រេតថា ថាវីស៊ីន ចាត់វិធានការឱ្យបានឆាប់រហ័ស ដើម្បីបន្ធូរបន្ថយ «ការឈឺចាប់ដែលកើតមានលើសាធារណជនថៃ»។

លិខិតចំហររបស់បណ្តាញ «ខ្យល់អាកាសស្អាតថៃ» បានរៀបរាប់ថា «ទីភ្នាក់ងាររដ្ឋាភិបាលដែលទទួលខុសត្រូវលើរឿងនេះ មិនអាចគ្រប់គ្រងបញ្ហាបំពុលខ្យល់អាកាស ប្រកបដោយប្រសិទ្ធភាពនោះទេ.. មិនអាចគ្រប់គ្រង ដោយសារតែកង្វះការសម្របសម្រួល រវាងក្រសួង និងក្រសួង»

ប្រភពបានបន្តទៀតថា «មិនមានប្រព័ន្ធគ្រប់គ្រងណាមួយ នៅតាមទីកន្លែង ដើម្បីដោះស្រាយបញ្ហានេះ ក្នុងរូបភាពរួមបញ្ចូលគ្នាយ៉ាងពេញលេញនោះទេ ដូច្នេះ ទីភ្នាក់ងាររដ្ឋត្រូវបានជាប់គាំងជាបន្តបន្ទាប់ នៅក្នុងវដ្តដ៏កាចសាហាវ កើតចេញពីផលប៉ះពាល់នៃបញ្ហាបំពុលនេះ»។

យោងតាមក្រសួងសុខាភិបាលថៃ បានឱ្យដឹងថា មនុស្សជាងពីរលាននាក់បានស្វែងរកការព្យាបាលលើជំងឺផ្សេងៗ ដែលទាក់ទងនឹងការបំពុលបរិយាកាស។ ការបំភាយឧស្ម័នចេញពីឧស្សាហកម្ម រួមជាមួយនឹងផ្សែងរថយន្ត និងផ្សែងពីការដុតសំណល់កសិករ បានធ្វើឱ្យគុណភាពខ្យល់ធ្លាក់ចុះ នៅក្នុងប្រទេសថៃ ជារៀងរាល់ឆ្នាំ។ រយៈពេលនៃការបំពុលដ៏អាក្រក់បំផុត គឺជាធម្មតា ចាប់ពីខែធ្នូ ដល់ ខែកុម្ភៈ ស្របពេលជាមួយនឹងរដូវកាលទេសចរណ៍ដ៏មមាញឹក ។ ប៉ុន្តែការកើនឡើងដែលមិននឹកស្មានដល់ នៅទីក្រុងបាងកក កាលពីខែមុន បាននាំមកនូវការសន្យាយ៉ាងប្រញាប់ប្រញាល់ ចំពោះសកម្មភាពដោះស្រាយ ពីសំណាក់ក្រុមមន្ត្រី។

សេចក្តីព្រាងច្បាប់ស្តីពីខ្យល់អាកាសបរិសុទ្ធ ត្រូវបានគេរំពឹងថា នឹងដាក់ចូលគណៈរដ្ឋមន្ត្រី ក្នុងខែវិច្ឆិកានេះ ប៉ុន្តែ CAN បានព្រមានថា បើគ្មានការយល់ព្រមពីលោកនាយករដ្ឋមន្ត្រី ស្រេតថា ទេ មានឱកាសតិចតួចណាស់ ដែលសំណើណាមួយ ដែលអាចក្លាយជាច្បាប់នោះ៕ ប្រភពពី AFP ប្រែសម្រួល៖ លន់ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner