លោក ស៊ូណាក់ បណ្ដេញរដ្ឋមន្ត្រីក្រសួងមហាផ្ទៃចេញពីតំណែង
ឡុងដ៍៖កាលពីថ្ងៃចន្ទ នាយករដ្ឋមន្ត្រីអង់គ្លេស លោក រីស៊ី ស៊ូណាក់ (Rishi Sunak) បានដករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកស្រី ស៊ូឡា ប្រាវឺម៉ាន (Suella Braverman) ចេញពីតំណែង បន្ទាប់ពីលោកស្រីបានរិះគន់ប៉ូលិសអង់គ្លេសថាមានភាពយឺតយ៉ាវក្នុងការចាត់វិធានការទៅលើក្រុមបាតុករគាំទ្រប៉ាឡេស្ទីន និងប្រឆាំងអ៊ីស្រាអែល។
រដ្ឋាភិបាលបានលើកឡើងថា ការចាកចេញរបស់លោកស្រី ប្រាវឺម៉ាន គឺជាផ្នែកមួយនៃការរុះរើគណៈរដ្ឋមន្ត្រីដែលផ្តួច ផ្តើមដោយ លោក ស៊ូណាក់ ដើម្បីរៀបចំក្រុមរដ្ឋាភិបាលកំពូលៗរបស់គាត់។
គួរដឹងដែរថា លោក ជេម ខ្លេវឺលី (James Cleverly) អតីតរដ្ឋមន្ត្រីការបរទេស ត្រូវបានជ្រើសតាំងឱ្យចូលកាន់តួនាទីជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃជំនួសឱ្យលោកស្រី ប្រាវឺម៉ាន។ លោកស្រីក៏បានសម្តែងការដឹងគុណចំពោះពេលវេលាកន្លងមកដែលលោកស្រីបានបំពេញតួនាទីជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ហើយបាននិយាយថា លោកស្រីនឹងចែករំលែកព័ត៌មានលម្អិតបន្ថែមទៀតនាពេលអនាគត។
ក្រោយការដកតំណែងរបស់លោកស្រី ប្រាវឺម៉ាន លោក ស៊ីម៉ុន ចេនគីន (Simon Jenkins) អ្នកនិពន្ធអត្ថបទបែបអធិប្បាយប្រចាំនៅកាសែត The Guardian បានចេញផ្សាយអត្ថបទរិះគន់លោកស្រី ប្រាវឺម៉ាន ថា លោកស្រីមិនគួរត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃតាំងតែពីដំបូងមកម៉្លេះ ពោលគឺលោកស្រីត្រូវបានតែងតាំងដោយសារហេតុផលមិនសមរម្យពីរយ៉ាង ទី១ ដើម្បីជាការលើកទឹកចិត្តសម្រាប់ការគាំទ្រលោកស្រី លីស ត្រាស្ស (Liz Truss) និងលោក ស៊ូណាក់ ក្នុងយុទ្ធនាការដឹកនាំរបស់ពួកគេ។ ទី២ ដើម្បីមានសំឡេងស្តាំនិយមនៅក្នុងគណៈរដ្ឋមន្ត្រី។
លោក ចេនគីន បានបន្ថែមថា ការបណ្តេញចេញពីមុខតំណែងរបស់លោកស្រី មិនមែនដោយសារគាត់បានបង្ខំមេប៉ូលិសជាន់ខ្ពស់ឱ្យបញ្ឈប់បាតុកម្មប្រឆាំងអ៊ីស្រាអែលនោះទេ ប៉ុន្តែគឺដោយសារតែលោកស្រីបានធ្វើឱ្យលោក ស៊ូណាក់ ខឹងសម្បារព្រោះតែបានសរសេរអត្ថបទកាសែតមួយអំពីបញ្ហានេះ។ លោកបានរំលេចថា នេះមិនមែនជាវិធីសាស្ត្រដ៏មានប្រសិទ្ធភាពក្នុងការគ្រប់គ្រងប្រទេសនោះទេ។
លោក ចេនគីន បានធ្វើការរំឭកថា ៖ «វាជារឿងធម្មតាទេដែលនាយករដ្ឋមន្ត្រីតែងតាំងមនុស្សពីបក្សពួកផ្សេងៗគ្នាចូលក្នុងគណៈរដ្ឋមន្ត្រី។ ប៉ុន្តែគេគួរតែជ្រើសរើសមនុស្សដែលមានសមត្ថភាពបំផុត មិនមែនមនុស្សស្មោះត្រង់បំផុតនោះទេ។ លោក បូរីស ចនសុន (Boris Johnson) មិនបានធ្វើដូចលោក ស៊ូណាក់ នោះទេកាលពីឆ្នាំ២០១៩ នៅពេលដែលគាត់បានបណ្តេញរដ្ឋមន្ត្រីដែលមានសមត្ថកិច្ចចេញពីគណៈរដ្ឋមន្ត្រីរបស់លោកស្រី ថឺរីសា ម៉េ (Theresa May) ហើយជំនួសពួកគេដោយមនុស្សដែលមិនសូវមានសមត្ថភាព។ លោក ស៊ូណាក់ ហាក់មិនបានកែកំហុសត្រង់ចំណុចនេះនោះទេ»។
គួរកត់សម្គាល់ថា រដ្ឋាភិបាលអង់គ្លេសបច្ចុប្បន្ន មានសំឡេងភាគច្រើននៅក្នុងសភា ប៉ុន្តែក៏តែងតែមានវិបត្តិឥតឈប់ឈរ ដោយសារក្រុមមេដឹកនាំរបស់ខ្លួនមិនសូវល្អ។ នាយករដ្ឋមន្ត្រី ស៊ូណាក់ បានជ្រើសរើសក្រុមរដ្ឋមន្ត្រីដែលមិនសូវពូកែខាងដឹកនាំនោះទេ លើកលែងតែលោក មីខែល ហ្គវ (Michael Gove) និងលោក ខ្លេវឺលី។ លោកបានផ្លាស់ប្តូរគណៈរដ្ឋមន្ត្រីដោយឥតឈប់ឈរ ដោយមានរដ្ឋមន្ត្រីដូចជា លោក ហ្គ្រែន ហ្សេប (Grant Shapps) ជាដើម ដែលធ្លាប់បានកាន់តំណែងគណៈរដ្ឋមន្ត្រីចំនួនបួនផ្សេងៗគ្នាក្នុងរយៈពេលត្រឹមតែជាងមួយឆ្នាំប៉ុណ្ណោះ នេះជាការលើកឡើងរបស់លោក ចេនគីន។
លោក ចេនគីន ក៏បានបញ្ជាក់ផងដែរថា ៖ «វាពិតជាពិបាកសម្រាប់រដ្ឋមន្ត្រីថ្មីក្នុងការបំពេញការងាររបស់ពួកគេឱ្យបានល្អ។ ប៉ុន្តែដោយសារតែភាពមិនមានប្រសិទ្ធភាពនៃការបំពេញមុខងារស៊ីវិល និងការផ្លាស់ប្តូររដ្ឋមន្ត្រីញឹកញាប់ពេក រដ្ឋាភិបាលមិនអាចដំណើរការប្រកបដោយប្រសិទ្ធភាព ដែលនាំឱ្យមានបញ្ហាផ្សេងៗជាច្រើនកើតមាននៅក្នុងក្រសួង ដូចជាក្រសួងសុខាភិបាល និងក្រសួងយុត្តិធម៌ជាដើម»។
លោក ស៊ូណាក់ គឺជានាយករដ្ឋមន្ត្រីដែលឧស្សាហ៍ព្យាយាម ប៉ុន្តែគាត់មិនមានទីប្រឹក្សាល្អនោះទេ។ គាត់ទំនងជាត្រូវបានជំនួសមុខតំណែងក្នុងរយៈពេលតិចជាងមួយឆ្នាំទៀត។ គួរដឹងដែរថា លោក ស៊ូណាក់ បានសម្រេចតែងតាំងលោក ខ្លេវឺលី ឱ្យទទួលបន្ទុកក្រសួងមហាផ្ទៃ ហើយបានឱ្យលោក ដេវីដ ខេមឺរ៉ុន (David Cameron) ចូលកាន់ដំណែងជារដ្ឋមន្ត្រីក្រសួងការបរទេស។ លោក ខេមឺរ៉ុន ជាមនុស្សមានបទពិសោធន៍ ប៉ុន្តែលោកមិនមែនជាសមាជិកសភានោះទេ។ ដូច្នេះ វាបានបង្ហាញថា គណបក្សអភិរក្សនិយមអង់គ្លេសរបស់លោក ស៊ូណាក់ កំពុងមានបញ្ហាហើយ។
លោក ចេនគីន ក៏បានរិះគន់យ៉ាងធ្ងន់ៗថា ៖ «គណបក្សអភិរក្សនិយម ធ្លាប់តែជាគណបក្សដែលមានថ្នាក់ដឹកនាំស្និទ្ធស្នាលនឹងគ្នា និងស្មោះស្ម័គ្រ ហើយមានអាកប្បកិរិយាល្អ ជាពិសេសពេលកាន់អំណាច។ ប៉ុន្តែពេលនេះ គណបក្សនេះពោរពេញទៅដោយមនុស្សអាត្មានិយម និងមានគម្រោងកម្ចាត់លោក ស៊ូណាក់ ចេញពីតំណែង ក្នុងគោលបំណងចង់ក្លាយទៅជានាយករដ្ឋមន្ត្រីរៀងៗខ្លួន»៕
ប្រែសម្រួល៖ធា សុណា
ប្រភពព័ត៌មាន៖ The Guardian When the solution to your problem is David Cameron, you know you’re in deep trouble