ប៉ាគីស្ថានបើកច្រកព្រំដែនថ្មីចំនួន ៣ ដើម្បីនិរទេសជនអន្តោប្រវេសន៍អាហ្វហ្គានីស្ថាន ចំពេលការបង្រ្កាបកំពុងបន្ត

អ៊ីស្លាម៉ាបាដ៖ បើតាមក្រុមមន្ត្រីប៉ាគីស្ថាន កាលពីថ្ងៃចន្ទទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅនេះបានឱ្យដឹងថាប្រទេសប៉ាគីស្ថានបានបើកច្រកព្រំដែនថ្មីចំនួនបី ដើម្បីពន្លឿនការនិរទេស ជនអន្តោប្រវេសន៍ខុសច្បាប់អាហ្វហ្គានីស្ថានដែលកំពុងរស់នៅលើទឹកដីរបស់ខ្លួន។

ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ជនជាតិអាហ្វហ្គានីស្ថានប្រមាណជិត ៣០ម៉ឺននាក់ហើយបានចាកចេញពីប្រទេសប៉ាគីស្ថាន ពោលគឺចាប់តាំងពីអាជ្ញាធរបានផ្តើមចាប់ខ្លួន និងនិរទេសជនបរទេសណាដែលគ្មានឯកសារបន្ទាប់ពីថ្ងៃផុតកំណត់នៅថ្ងៃទី ៣១ ខែតុលា។

ការបណ្តេញជនអន្តោប្រវេសន៍ខុសច្បាប់ គឺប៉ះពាល់ខ្លាំងជាងគេដល់ជនជាតិអាហ្វហ្គានីស្ថាន ដោយសារតែពួកគេជាជនបរទេសភាគច្រើននៅក្នុងទឹកដីនៃប្រទេសប៉ាគីស្ថាន។ ទង្វើរបស់ប្រទេសប៉ាគីស្ថាន ក៏រងការរិះគន់ពីផងដែរពីសំណាក់រដ្ឋាភិបាលអាហ្វហ្គានីស្ថាន ដែលដឹកនាំដោយក្រុមតាលីបង់ និងពីសំណាក់អង្គការសិទ្ធិមនុស្សមួយចំនួន។

បើតាមលោក Jan Achakzai រដ្ឋមន្ត្រីក្រសួងព័ត៌មានប៉ាគីស្ថាន បានឱ្យដឹងថាចំនួនច្រកព្រំដែនដើម្បីនិរទេសជនអាហ្វហ្គានីស្ថានរាប់ពាន់នាក់អាចកើនឡើងដល់ ៥កន្លែង ពោលគឺនៅក្នុងខេត្ត Baluchistan ភាគនិរតីនៃប្រទេស ប្រសិនជាចាំបាច់។

បច្ចុប្បន្ននេះ មានជនជាតិអាហ្វហ្កានីស្ថានប្រមាណ ១៥ ០០០ នាក់បានឆ្លងកាត់ព្រំដែនពីប៉ាគីស្ថានជារៀងរាល់ថ្ងៃ ខណៈមុនមានការបង្ក្រាបពីសំណាក់ប៉ូលីសប៉ាគីស្ថាន ចំនួនមនុស្សឆ្លងកាត់ព្រំដែនមានត្រឹម ៣០០នាក់ប៉ុណ្ណោះ។

នៅលើកម្មវិធី X អង្គការលើកលែងទោសអន្តរជាតិបានសរសេរថា ៖ «ប្រជាជនអាហ្វហ្គានីស្ថានជាច្រើននាក់នៅក្នុងប្រទេសប៉ាគីស្ថាន កំពុងប្រឈមមុខនឹងការវាយឆ្មក់របស់ប៉ូលិស និងការរុះរើផ្ទះរបស់ពួកគេដោយគ្មានដំណើរការត្រឹមត្រូវ។ ខណៈអ្នកជាប់ឃុំមិនទទួលបានសិទ្ធិរកមេធាវី និងសូម្បីតែទំនាក់ទំនងជាមួយសមាជិកគ្រួសារ»។

អង្គការដដែលនេះ ក៏បានស្នើឱ្យប៉ាគីស្ថានបញ្ឈប់ការនិរទេសជាបន្ទាន់ ដើម្បីទប់ស្កាត់ការកើនឡើងបន្ថែមទៀតនៃវិបត្តិនេះ។

ដោយឡែក ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សនៃប្រទេសប៉ាគីស្ថាន លោកស្រី Hina Jilani ក៏បានរិះគន់ចំៗដែរថា ប្រទេសប៉ាគីស្ថានខ្វះយន្តការដើម្បីដោះស្រាយបញ្ហាជនអន្តោប្រវេសន៍អ្នកស្វែងរកសិទ្ធិជ្រកកោន និងជនអន្តោប្រវេសន៍ខុសច្បាប់ ឬគ្មានឯកសារ បើទោះបីជាប្រទេសប៉ាគីស្ថាន ស្ទើរក្លាយជាផ្ទះរបស់ប្រជាជនអាហ្វហ្គានីស្ថានអស់រយៈពេល ៤០ឆ្នាំក៏ដោយ៕ ប្រែសម្រួល៖ ស្រ៊ុន សិរីវឌ្ឍនៈ

ads banner