នេប៉ាល់នឹងបិទកម្មវិធី តីក តុក របស់ចិន ដោយលើកឡើងពីផលប៉ះពាល់សង្គម

កដ្ឋមណ្ឌូ៖ ប្រទេសនេប៉ាល់បាននិយាយកាលពីថ្ងៃចន្ទថា ខ្លួននឹងហាមឃាត់កម្មវិធីទូរសព្ទចិន តីកតុក (TikTok) ដោយលើកឡើងពីផលប៉ះពាល់សង្គម ដោយសារការប្រើប្រាស់វាមិនត្រឹមត្រូវ។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង និងបច្ចេកវិទ្យាព័ត៌មានរបស់នេប៉ាល់ លោក Rekha Sharma បាននិយាយថា ការសម្រេចចិត្តហាមឃាត់តីកតុក សម្រេចឡើងក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីព្រឹកថ្ងៃចន្ទ។ លោក បានប្រាប់រ៉យទ័រថា ៖ «ក្រុមការងារកំពុងធ្វើការបិទវាតាមបច្ចេកទេស»។

ចំណែកឯប្រធានអាជ្ញាធរទូរគមនាគមន៍នេប៉ាល់ លោក Purushottam Khanal វិញ បាននិយាយថារដ្ឋាភិបាលបានស្នើសុំឱ្យក្រុមហ៊ុនផ្តល់សេវាអ៊ីនធឺណិតបិទកម្មវិធីនេះ។ លោកថា ៖ «ក្រុមហ៊ុនមួយចំនួន បានបិទរួចហើយ ខណៈក្រុមហ៊ុនផ្សេងទៀតកំពុងបន្តដំណើរការបិទ»។

ក្រុមហ៊ុនតីកតុកមិនបានចេញប្រតិកម្មយ៉ាងណាភ្លាមៗទេ ចំពោះបញ្ហានេះ ប៉ុន្តែក្រុមហ៊ុនធ្លាប់និយាយថា ការហាមឃាត់បែបនេះគឺជាការណែនាំខុស ផ្អែកលើការយល់ខុស។

ចំណែកឯមេដឹកនាំបក្សប្រឆាំងនេប៉ាល់វិញ បានរិះគន់ចំណាត់ការបែបនេះ ដោយហៅវាថា ខ្វះប្រសិទ្ធភាព ភាពចាស់ទុំ និងការទទួលខុសត្រូវ។

លោក Pradeep Gyawali អតីតរដ្ឋមន្ត្រីការបរទេស និងជាមេដឹកនាំជាន់ខ្ពស់នៃបក្សកុម្មុយនិស្តនេប៉ាល់ បាននិយាយថា ៖ «មានអ្វីដែលអត់ប្រយោជន៍ជាច្រើនលើបណ្ដាញសង្គមផ្សេងទៀតដែរ តែអ្វីដែលត្រូវធ្វើ គឺត្រូវគ្រប់គ្រង មិនមែនរឹតបន្តឹងទេ»។

គួរបញ្ជាក់ថា ចំណាត់ការរបស់រដ្ឋាភិបាលនេប៉ាល់នាពេលនេះ ធ្វើឡើងស្របពេលដែលប្រទេសមួយចំនួន បានហាមឃាត់កម្មវិធីទីកតុករួចទៅហើយ ដោយលើកឡើងពីការព្រួយបារម្ភផ្នែកសន្តិសុខ។ បើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ករណីឧក្រិដ្ឋកម្មតាមអ៊ិនធឺណិតដែលទាក់ទងនឹងតីកតុក ច្រើនជាង ១ ៦០០ ករណី ត្រូវបានចុះក្នុងបញ្ជីក្នុងរយៈពេល៤ឆ្នាំចុងក្រោយនេះនៅនេប៉ាល់។

ឥណ្ឌាដែលជាប្រទេសជិតខាងរបស់នេប៉ាល់ បានបិទកម្មវិធីតីកតុក រួមជាមួយនឹងកម្មវិធីទូរសព្ទរាប់សិបផ្សេងទៀតមកប្រភពពីអ្នកបង្កើតចិន នៅក្នុងខែមិថុនា ឆ្នាំ២០២០ ក្រោមកង្វល់នៃសន្តិសុខជាតិ។

ប៉ាគីស្ថានឯណោះវិញ បានហាមឃាត់តីកតុកយ៉ាងហោចណាស់៤ដងរួចមកហើយ ដោយនិយាយថា កម្មវិធីនេះពោរពេញដោយមាតិកាអសីលធម៌៕ ប្រែសម្រួល៖ ហួន ឌីណា

ads banner