ចិន ស្នើអ្នកផ្តល់កម្ចីដល់ប្រទេសសំប៊ី ចូលរួមទទួលខុសត្រូវក្នុងការរៀបចំរចនាសម្ព័ន្ធបំណុល

ប៉េកាំង៖ ប្រទេសចិនបានជំរុញឱ្យម្ចាស់បំណុលផ្សេងទៀតរបស់ប្រទេសសំប៊ី (Zambia) ចូលរួមជួយជ្រោមជ្រែង និងទទួលខុសត្រូវលើការរៀបចំរចនាសម្ព័ន្ធបំណុលរបស់ប្រទេសនេះ បន្ទាប់ពីអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងម្ចាស់បំណុលផ្លូវការផ្សេងទៀត ដែលរួមមានទាំងចិនផងនោះ បានលើកឡើងពីការព្រួយបារម្ភពីកិច្ចព្រមព្រៀងរបស់ហ្សំប៊ី ជាមួយម្ចាស់បំណុលនៅក្រៅប្រទេសបន្ថែមទៀត។

កាលពីថ្ងៃសុក្រ ក្រសួងហិរញ្ញវត្ថុរបស់ប្រទេសសំប៊ី បានបញ្ជាក់ពីការជជែកពិភាក្សាដែលកំពុងបន្តរវាងសំប៊ី និងគណៈកម្មាធិការម្ចាស់បំណុល។ កិច្ចប្រជុំនេះបានធ្វើឡើងបន្ទាប់ពីគណៈកម្មាធិការម្ចាស់បំណុលផ្លូវការដែលដឹកនាំដោយប្រទេសចិន និងបារាំង រួមជាមួយនឹងអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិបានសម្តែងការព្រួយបារម្ភរបស់ពួកគេក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ។

យ៉ាងណាមិញ គេនៅមិនទាន់មានព័ត៌មានលម្អិតជាក់លាក់ណាមួយអំពីបញ្ហានេះនៅឡើយទេ ប៉ុន្តែក្រុមអ្នកឃ្លាំមើលបំណុល ដែលជាក្រុមយុទ្ធនាការមួយនៅក្នុងប្រទេសសំប៊ី បានប៉ាន់ប្រមាណថា ម្ចាស់បំណុលទាំងនោះនឹងទទួលបានការប្រាក់ត្រឡប់វិញច្រើនជាងម្ចាស់បំណុលផ្លូវការ ប្រសិនបើកិច្ចព្រមព្រៀងរវាងហ្សំប៊ី និងម្ចាស់បំណុលទាំងអស់នោះអាចដំណើរការទៅមុខបាន។

ក្រសួងការបរទេសចិនបានលើកឡើងកាលពីថ្ងៃចន្ទ អំពីការជំរុញឱ្យម្ចាស់បំណុលទាំងអស់នោះថា ៖ «ម្ចាស់បំណុលគ្រប់ស្ថាប័នត្រូវសហការ និងចូលរួមគ្រប់គ្រងបំណុលរបស់ប្រទេសសំប៊ី ដោយផ្អែកលើគោលគំនិតនៃការធ្វើការរួមគ្នាដោយយុត្តិធម៌» នេះគឺជាការឆ្លើយតបរបស់ចិន ចំពោះការស៊ើបអង្កេតរបស់សារព័ត៌មានរ៉យទ័រ (Reuters) ដែលបានរកឃើញពីការព្រួយបារម្ភទាក់ទងនឹងកិច្ចព្រមព្រៀងរវាងម្ចាស់បំណុលថ្មី និងប្រទេសសំប៊ី។

កាលពីបីឆ្នាំមុន ប្រទេសសំប៊ី បានប្រកាសថាខ្លួនគ្មានលទ្ធភាពក្នុងការបង់ប្រាក់កម្ចីផ្លូវការនោះទេ ប៉ុន្តែប្រទេសនេះបែរជារៀបចំបង្កើតកិច្ចព្រមព្រៀងបណ្តោះអាសន្នជាមួយក្រុមម្ចាស់បំណុលថ្មីនៅចុងខែតុលា ពោលគឺតិចជាងពីរសប្តាហ៍បន្ទាប់ពីមានកិច្ចព្រមព្រៀងរៀបចំរចនាសម្ព័ន្ធបំណុលឡើងវិញជាមួយម្ចាស់បំណុលផ្លូវការ។

អ្នកនាំពាក្យមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បាននិយាយថា ៖ «ក្រុមការងាររបស់មូលនិធិរូបិយវត្ថុអន្តរជាតិ បាននឹងកំពុងធ្វើការជាមួយអ្នកមានសមត្ថកិច្ច និងក្រុមប្រឹក្សាពិគ្រោះយោបល់ ដើម្បីវាយតម្លៃផលប៉ះពាល់ដែលមានសក្តានុពលផ្សេងៗនៃកិច្ចព្រមព្រៀងរៀបចំរចនាសម្ព័ន្ធបំណុលនេះ»។

អ្នកនាំពាក្យរូបនេះបានបន្តថា ៖ «ការពិភាក្សា និងការកែតម្រូវបន្ថែមទៀតនឹងអាចកើតមានឡើងជាចាំបាច់ ដើម្បីកែសម្រួលឱ្យកាន់តែប្រសើរឡើងសមស្របនឹងតម្រូវការរបស់កម្មវិធីមូលនិធិ។ យើងយល់យ៉ាងច្បាស់ថា អាជ្ញាធរសំប៊ី គ្រោងនឹងធ្វើការពិភាក្សាបន្ថែមទៀតជាមួយម្ចាស់បំណុលរបស់ពួកគេនៅថ្ងៃខាងមុខ»៕ ប្រែសម្រួល៖ ធា សុណា

ads banner