ក្រុមហ៊ុនជប៉ុនធំមួយ គ្រោងពង្រីករោងចក្រនៅកម្ពុជា ដើម្បីផ្តល់ឱកាសការងារបន្ថែមទៀត

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ នាយកប្រតិបត្តិប្រចាំតំបន់អាស៊ីនៃក្រុមហ៊ុនដេនសូ (Denso) ដែលមានសកម្មភាពវិនិយោគនៅកម្ពុជាតាំងពីឆ្នាំ២០១៣មកនោះបានឱ្យដឹងថា នៅឆ្នាំក្រោយនេះ ក្រុមហ៊ុនគ្រោងនឹងពង្រីករោងចក្ររបស់ខ្លួននៅកម្ពុជា ដើម្បីផ្តល់ឱកាសការងារប្រមាណ៧០០កន្លែងបន្ថែមទៀត។

ការលើកឡើងនេះ ធ្វើឡើងនាជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មការវិនិយោគកម្ពុជា នាទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាកាលពីរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣។

លោក អ៊ីនីហ្ស៊ីកា ណាអូតូ នាយកប្រតិបត្តិប្រចាំតំបន់អាស៊ីនៃក្រុមហ៊ុនដេនសូ (Denso) បានថ្លែងពីគម្រោងពង្រីករោងចក្រនេះតាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដោយលោកបន្តថា បច្ចុប្បន្នក្រុមហ៊ុនដែលកំពុងវិនិយោគនៅកម្ពុជាមានកម្មករប្រមាណជាង៥០០នាក់ បាននិងកំពុងបម្រើការងារនៅក្នុងរោងចក្រDenso។លោកបន្តថា នៅឆ្នាំក្រោយខាងមុខនេះ ក្រុមហ៊ុននឹងមានគម្រោងផ្តល់ឱកាសការងារបន្ថែមទៀតប្រមាណ៧០០កន្លែងផងដែរ។

លើសពីនេះទៀត នាយកក្រុមហ៊ុនជប៉ុនខាងលើនេះ ក៏បានបញ្ជាក់ដែរថា បច្ចុប្បន្នក្រុមហ៊ុនលោកក៏មានកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុន Denso ជាមួយវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) រហូតឈានដល់ការចុះអនុស្សារណៈយោគយល់គ្នា ស្ដីពីការអភិវឌ្ឍមូលធនមនុស្សនៅកម្ពុជាផងដែរ។ ក្នុងនោះដែរ លោកថា បុគ្គលិកដែលជាវិស្វករចំនួន ១០០នាក់ បាននិងកំពុងបម្រើការនៅក្នុងរោងចក្រ Denso ដែលបច្ចុប្បន្ន មាន៥០នាក់ គឺជាសិស្សដែលបានបញ្ចប់ការសិក្សាមកពីសាលាតិចណូផងដែរ។

នាឱកាសនោះដែរឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្តែងនូវការស្វាគមន៍ និងគាំទ្រដល់ក្រុមហ៊ុនជប៉ុនធំមួយនេះ ដែលមានសកម្មភាពវិនិយោគនៅកម្ពុជាតាំងពីឆ្នាំ២០១៣ ហើយឆ្នាំនេះផងដែរ ជាខួបរយៈពេល១០ឆ្នាំក្នុងការបង្កើតក្រុមហ៊ុន Denso នៅក្នុងប្រទេសកម្ពុជាផងដែរ។

លោកបានបន្តថា ៖ «សូមសម្តែងនូវការអបអរសាទរចំពោះការរីកចម្រើនរបស់ក្រុមហ៊ុនដែល ឈានទៅដល់គម្រោងពង្រីករោងចក្រ ជាពិសេសការបណ្តុះបណ្តាលមូលធនមនុស្សកម្ពុជាដើម្បីបង្កើន ផលិតភាពរបស់ក្រុមហ៊ុនបន្ថែមទៀត»។

សូមបញ្ជាក់ដែរថា ក្រុមហ៊ុន DENSO Cambodia គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន DENSO Corporation មានមូលដ្ឋាននៅជប៉ុន ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ប្រព័ន្ធបច្ចេកវិទ្យាទំនើប និងគ្រឿងរថយន្តសកល មានក្រុមហ៊ុនបុត្រសម្ព័ន្ធជាង ២០០ នៅលើពិភពលោក និងមានក្រុមហ៊ុនដៃគូនៅ៣៥ ប្រទេស។ ក្រុមហ៊ុននេះ បានចុះបញ្ជីវិនិយោគមានតម្លៃ ១០ លានដុល្លារនៅក្នុងប្រទេសកម្ពុជា កាលពីឆ្នាំ២០១៣ មកម្ល៉េះ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ។

ជុំវិញរឿងនេះអ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា នៅថ្ងៃទី១៤ ខែវិច្ឆិកា បានថ្លែងសារទរចំពោះគម្រោងពង្រីករោងចក្រ ដើម្បីផ្តល់ឱកាសការងារបន្ថែមទៀតរបស់ក្រុមហ៊ុនជប៉ុន ដោយលោកថានេះជាសញ្ញាមួយដ៏ល្អប្រសើរសម្រាប់អ្នកវិនិយោគនៅកម្ពុជា ពិសេសជាការជួយផ្សព្វផ្សាយដល់ធុរកិច្ចបរទេសដទៃទៀតពីសក្តានុពលវិយោគនៅកម្ពុជា ថាកម្ពុជាពិតជាអាចវិនិយោគបាន។

អ្នកឧកញ៉ាបានបន្តថា ៖ «បច្ចុប្បន្ន ការវិនិយោគរបស់ក្រុមហ៊ុនជប៉ុននៅកម្ពុជា មានចំនួនច្រើនគួរឱ្យកត់សម្គាល់ ហើយការបន្តពង្រីកខ្លួននេះជាសញ្ញាល្អ សម្រាប់កម្ពុជា ព្រោះថាការវិនិយោគរបស់ជប៉ុន នឹងជួយទាក់ទាញវិនិយោគិនជប៉ុនមកវិនិយោគនៅកម្ពុជាបន្ថែម»។

លោក លឹម ហេង បានបន្តថា ៖ «យើងឃើញថា ការវិនិយោគរបស់ក្រុមហ៊ុនភាគច្រើនបណ្តុះបណ្តាលជំនាញបច្ចេកទេស វិជ្ជាជីវៈដល់កម្មករយើង ឱ្យមានឱកាសទទួលបានប្រាក់ខែកាន់តែខ្ពស់ នឹងឈានទៅជំរុញសេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិបានប្រសើរឡើង»។

សូមរម្លឹកដែរថា នៅក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងជប៉ុន កាលពីដើមខែឧសភា លោក ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ក្នុងឆ្នាំ២០២២ ទំហំពាណិជ្ជកម្មកម្ពុជា-ជប៉ុន សម្រេចបាន ១,៩៤៨លានដុល្លារអាមេរិក ក្នុងនោះកម្ពុជានាំចេញទៅជប៉ុនក្នុងតម្លៃ ១,១៧៣លានដុល្លារ ខណៈជប៉ុន នាំចូលកម្ពុជា តម្លៃ ៧៧៤លានដុល្លារ។

ក្នុងនោះ ផលិតផលសំខាន់ដែលកម្ពុជាបាននាំចេញទៅជប៉ុន មានដូចជា៖ ស្បែកជើង គ្រឿងបង្គុំ និងកសិផល។ ចំណែកជប៉ុននាំចូលមកកម្ពុជាវិញ រួមមាន គ្រឿងម៉ាស៊ីន រថយន្ត គ្រឿងអេឡិចត្រូនិក និងគ្រឿងចក្រសម្រាប់វិស័យកសិកម្មជាដើម។

អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា នៅតែបង្ហាញក្តីរំពឹងថា ការវិនិយោគរបស់ជប៉ុននៅកម្ពុជាកាន់តែច្រើន ក៏នឹងឈានទៅចូលរួមអនុវត្តនូវកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់( RCEP) ពិសេសឈានទៅពង្រីកពាណិជ្ជកម្មកម្ពុជា-ជប៉ុនឱ្យកាន់តែខ្លាំងថែមទៀត៕ ដោយ៖ បូរ ពេជ្រហ្សាលីន

ads banner