សប្តាហ៍ម្ហូបអាហារអាមេរិក នឹងបើករយៈពេលមួយសប្ដាហ៍ នៅកម្ពុជា
ភ្នំពេញ៖ ស្ថានទូតអាមេរិកប្រចាំកម្ពុជាបានបើកព្រឹត្តិការណ៍ «សប្តាហ៍ម្ហូបអាហារអាមេរិក» ជាលើកដំបូងនៅរាជធានីភ្នំពេញ រយៈពេលមួយសប្ដាហ៍ ដើម្បីផ្សព្វផ្សាយផលិតផលកសិកម្មរបស់ខ្លួន ទៅដល់ប្រជាជន និងអ្នកបើកអាជីវកម្មខាងធ្វើម្ហូបអាហារនៅកម្ពុជា។
ព្រឹត្តិការណ៍នេះបានចាប់ផ្ដើមពីថ្ងៃទី១៣ រហូតដល់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយមានភោជនីយ ដ្ឋានរបស់អាមេរិកចំនួន១៥ហាង ចូលរួមផ្តល់នូវជម្រើសម្ហូបអាហារដ៏គួរឱ្យទាក់ទាញជាច្រើន។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជាកាលពីថ្ងៃទី១៣ ខែវិច្ឆិកា។

លោក ផាទ្រិក មួរហ្វី( W. Patrick Murphy) ឯកអគ្គរាជទូតអាមេរិកប្រចាំកម្ពុជា បានថ្លែងតាមរយៈសេចក្តីប្រកាសព័ត៌មានថា «សប្តាហ៍ម្ហូបអាហារអាមេរិក គឺជាឧទាហរណ៍មួយនៃសកម្មភាពទីផ្សារជាច្រើនដែលក្រសួងកសិកម្មអាមេរិកធ្វើនៅជុំវិញពិភពលោកដើម្បីណែនាំអ្នកប្រើប្រាស់ឱ្យស្គាល់អាហារអាមេរិកដែលមានគុណភាពខ្ពស់ មានជីវជាតិ និងសុវត្ថិភាព»។
លោកបានបន្តថា ទំនាក់ទំនងពាណិជ្ជកម្មកសិកម្មរវាងប្រទេសកម្ពុជា និងសហរដ្ឋអាមេរិក នៅតែបន្តមានភាពរីកចម្រើន ខណៈដែលការនាំចេញសាច់គោពីសហរដ្ឋអាមេរិកមកកម្ពុជាបានកើនឡើង ១៣០ភាគរយពីឆ្នាំ២០២១ ដល់ឆ្នាំ២០២២។
បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជា ដដែលបានបញ្ជាក់ថា សប្តាហ៍ម្ហូបអាហារអាមេរិកនេះ នឹងឈានដល់ការពង្រីកនៃផលិតផលម្ហូបអាហារដែលមានគុណភាពខ្ពស់ និងមានការទទួលស្គាល់ពីសហរដ្ឋអាមេរិកនៅក្នុងទីផ្សារបដិសណ្ឋារកិច្ចផងដែរ។

ស្ថានទូតអាមេរិកប្រចាំកម្ពុជា បានសរសេរលើហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃទី១៣ ខែវិច្ឆិកាថា ៖ «តោះញុំា! ជាមួយសិស្សហាត់ការរបស់យើង នៅស្ថានទូតអាមេរិក ដោយគេរីករាយក្នុងការណែនាំ Burger សាច់គោអាមេរិក និងឆ្អឹងជំនីខ្លី នៅក្នុងសប្តាហ៍ផ្សព្វផ្សាយភោជនីយដ្ឋានអាមេរិក»។
ឯកឧត្តម តុប សុភ័ក អ្នកនាំពាក្យក្រសួងទេសចរណ៍ បានថ្លែងឱ្យដឹងនៅថ្ងៃទី១៤ ខែវិច្ឆិកា ថា នេះជាព្រឹត្តិការណ៍មួយដ៏ល្អ ព្រោះវិស័យម្ហូបអាហារ ជាផ្នែកមួយក្នុងការទាក់ទាញអ្នកទេសចរ។ជាពិសេសគឺជាការទាក់ទាញអ្នកទេសចរជនជាតិអាមេរិក ក៏ដូចជាអ្នកទេសចរផ្សេងៗទៀត ដែលចង់ភ្លក់រសជាតិម្ហូបអាហាររបស់អាមេរិក ខណៈដែលខ្លួនកំពុងមកទស្សនាកម្សាន្តក្នុងប្រទេសកម្ពុជា៕ ដោយ៖ ជា សុខនី