កម្ពុជា-អារ៉ាប៊ីសាអ៊ូឌីត នឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យអប់រំបន្ថែមទៀត

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ ព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រអារ៉ាប៊ីសាអ៊ូឌីត បានបង្ហាញពីឆន្ទៈរៀងៗខ្លួន ក្នុងការរឹតបន្តឹងចំណងមិត្តភាព តាមរយៈការបន្តពង្រឹង និងពង្រីកកិច្ចសហការរវាងប្រទេសទាំងពីរឱ្យកាន់តែប្រសើរឡើង ដោយផ្តោតជាសំខាន់ដើម្បីអភិវឌ្ឍវិស័យអប់រំបន្ថែមទៀត។

ការលើកឡើងរបស់ភាគីទាំងពីរ បានធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងឯកឧត្តម ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងលោក Mohammed Ismaeil A.Dahlwy ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រអារ៉ាប៊ីសាអ៊ូឌីតប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងហាណូយ ប្រទេសវៀតណាមកាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣។

ប្រភពក្រសួងអប់រំបញ្ជាក់ថា ក្នុងឱកាសនេះឯកអគ្គរាជទូតអារ៉ាប៊ីសាអ៊ូឌីតប្រចាំកម្ពុជាបានបង្ហាញពីឆន្ទៈក្នុងការរឹតបន្តឹងចំណងមិត្តភាព និងកិច្ចសហការរវាងប្រទេសទាំងពីរឱ្យកាន់តែប្រសើរបន្ថែមទៀត ដោយលោកបានអះអាងថា ៖ «ទូតអារ៉ាប៊ីសាអ៊ូឌីត បាននិងបន្តផ្តល់ព័ត៌មានពីអាហារូបករណ៍ជាច្រើន សម្រាប់សិស្សនិស្សិតខ្មែរដែលចង់ទៅបន្តការសិក្សានៅព្រះរាជាណាចក្រអារ៉ាប៊ីសាអ៊ូឌីត»។

ឆ្លើយតបនឹងការលើកឡើងនេះដែរឯកឧត្តម ហង់ជួន ណារ៉ុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះកិច្ចសហប្រតិបត្តិការនានា របស់ព្រះរាជាណាចក្រអារ៉ាប៊ីសាអ៊ូឌីត ដែលបានចូលរួមចំណែកអភិវឌ្ឍធនធានមនុស្សនៅកម្ពុជាកន្លងមក។

លោករដ្ឋមន្រ្តី បានថ្លែងបន្តថា ៖ «ក្រសួងអប់រំរីករាយបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការនេះឱ្យកាន់តែប្រសើរឡើងឈានទៅសម្រេចគោលដៅជាច្រើនបន្ថែមទៀត ពិសេសលើវិស័យអប់រំនៅកម្ពុជានាពេលខាងមុខ»។

លោក គង់ សំនៀង ប្រធានសហព័ន្ធសេវាអប់រំកម្ពុជា បានថ្លែងឱ្យដឹងផងដែរ នៅថ្ងៃទី១៤ ខែវិច្ឆិកា ថាប្រសិនបើអារ៉ាប៊ីសាអ៊ូឌីត ជួយពង្រីកកិច្ចសហប្រតិបត្តិការទៅលើវិស័យអប់រំកម្ពុជា តាងនាមឱ្យវិស័យអប់រំឯកជនលោកពិតជាសប្បាយរីករាយ ខណៈគ្រប់គ្នាដឹងហើយថា អារ៉ាប៊ីសាអ៊ូឌីត ជាប្រទេសដែលមានប្រព័ន្ធអប់រំ និងភាពរីកចម្រើននៃបច្ចេកវិទ្យាខ្លាំង។

សូមរំឭកដែរថា ក្នុងកិច្ចប្រជុំអាស៊ានក្រុមប្រឹក្សាសហប្រតិបត្តិការមហាឈូងសមុទ្រនាប្រទេសអារ៉ាប៊ីសាអ៊ូឌីត កាលពីថ្ងៃទី២០ ខែតុលា កន្លងទៅថ្មីៗនេះ សម្ដេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន ម៉ាណែត និងជាមួយព្រះអង្គម្ចាស់ Mohammed Bin Salman Bin Abdulaziz Al Saud រជ្ជទាយាទ និងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអ៊ូឌីត បានប្តេជ្ញាចិត្តរួមគ្នាក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគី បន្ថែមទៀតផងដែរ។

ក្នុងនោះថ្នាក់ដឹកនាំទាំងពីរ ក៏បានឯកភាពលើទិសដៅនៃការបង្កើតយន្តការទ្វេភាគី ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើវិស័យសក្តានុពលមួយចំនួន ដូចជា វិស័យពាណិជ្ជកម្ម, វិនិយោគ, វិស័យអប់រំ និងកីទ្បា, សុខាភិបាល និងគមនាគមន៍ជាដើម៕ ដោយ៖ បូរ ពេជ្រហ្សាលីន

ads banner