ស្នងការនគរបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាឱ្យកម្លាំង តាមបណ្តាខណ្ឌ បង្រ្កាបក្មេងទំនើងឱ្យមានប្រសិទ្ធភាព

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ ឧត្តមសេនីយ៍ ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាឱ្យកម្លាំងអធិការដ្ឋាននគរបាលតាមបណ្តាខណ្ឌនីមួយៗក្នុងរាជធានីភ្នំពេញ ត្រូវមានវិធានការឱ្យបានម៉ឺងម៉ាត់បង្ការទប់ស្កាត់ និងបង្រ្កាបសកម្មភាពក្មេងទំនើងឱ្យមានប្រសិទ្ធភាព ខណៈមន្រ្តីសង្គមស៊ីវិល និងអ្នកជំនាញខាងអប់រំគាំទ្រនូវវិធានការនេះ តែត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់។

ឧត្តមសេនីយ៍ ជួន ណារិន្ធ បានដាក់បទបញ្ជាបែបនេះ ក្នុងកិច្ចប្រជុំសំណេះសំណាលជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅកាលពីរសៀលថ្ងៃទី១៣ ខែវិច្ឆិកា បន្ទាប់ពីមើលឃើញថាក្នុងរយៈពេលចុងក្រោយនេះក្មេងទំនើងបានចេញធ្វើសកម្មភាព ហាក់បីដូចជាកម្រើកឡើងវិញនៅតាមទីសាធារណៈ បន្ទាប់ពីមានភាពស្ងប់ស្ងាត់កន្លងមកដោយសារនៃការអនុវត្តយុទ្ធនាការបង្រ្កាបនាពេលកន្លងមក។

ប្រភពហ្វេសប៊ុករបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឧត្តមសេនីយ៍ ជួន ណារិន្ទ បានថ្លែងថា ក្មេងទំនើងអាចបង្កឱ្យមានការភ័យខ្លាចដល់ប្រជាពលរដ្ឋ និងប៉ះពាល់ដល់សុវត្ថិភាពសង្គមជាខ្លាំង។ ដូច្នេះត្រូវចាត់វិធានការនៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។ដោយឡែក ពាក់ព័ន្ធនឹងការងារបទល្មើសគ្រឿងញៀនកម្លាំងជំនាញត្រូវចេញស្រាវជ្រាវបង្រ្កាបមុខសញ្ញាប្រព្រឹត្តបទល្មើសគ្រឿងញៀនក្នុងមូលដ្ឋានដូចភ្លៀងរលឹម ដើម្បីផ្តល់ភាពកក់ក្តៅជូនប្រជាពលរដ្ឋ ព្រោះបទល្មើសគ្រឿងញៀនបានធ្វើឱ្យប្រជាពលរដ្ឋមានការភ័យខ្លាច និងប៉ះពាល់ដល់ការអនុវត្តន៍គោលនយោបាយភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព»។

បន្ថែមពីនេះ ឧត្តមសេនីយ៍ ជួន ណារិន្ទ ក៏បានណែនាំដល់កម្លាំងនគរបាលទាំងអស់ ត្រូវស្មោះត្រង់នឹងវិជ្ជាជីវៈជំនាញ ហើយកុំពាក់ព័ន្ធជាមួយនឹងបទល្មើសគ្រឿងញៀន និងបទល្មើសព្រហ្មទណ្ឌផ្សេងៗដែលជាបទល្មើសមានហានីភ័យដល់សង្គម។ ជាពិសេសត្រូវគោរពច្បាប់ និងវិន័យកងកម្លាំងនគរបាលជាតិឱ្យបានខ្ជាប់ខ្ជួន និងមានការគ្រប់គ្រងកម្លាំងឱ្យបានម៉ឺងម៉ាត់ជាមួយនឹងការប្រើប្រាស់កម្លាំងសរុប មធ្យោបាយសរុប ជំនាញសរុប និងការបែងចែកភារកិច្ចដល់មន្រ្តីអនុវត្កការងារតាមជំនាញផងដែរ។៕ ដោយ៖ គឹម យុត្ថារ៉ូ

ads banner