សហភាពអឺរ៉ុប និងអង្គការស្បៀង និងកសិកម្មនៃអង្គការសហប្រជាជាតិ គាំទ្រលើការកែលម្អកម្មវិធីសិក្សាផ្នែកជលផលនៅកម្រិតសាកលវិទ្យាល័យនៅកម្ពុជា

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ សហភាពអឺរ៉ុប (EU) និងអង្គការស្បៀង និងកសិកម្មនៃអង្គការសហប្រជាជាតិ (FAO) បានគាំទ្រលើការកែលម្អឱ្យមានទំនើបកម្មលើកម្មវិធីសិក្សានៅកម្រិតសាកលវិទ្យាល័យនៅកម្ពុជាពាក់ព័ន្ធផ្នែកជលផលឱ្យសមស្របតាមសភាពការណ៍ ដើម្បីបណ្តុះបណ្តាលអ្នកជំនាញវ័យក្មេងក្នុងវិស័យជលផល។

ការលើកឡើងរបស់ EU និងFAO នេះធ្វើឡើងតាមរយៈសិក្ខាសាលាស្តីអំពីការត្រួតពិនិត្យកម្មវិធីវិទ្យាសាស្រ្តជលផល ក្នុងខេត្តសៀមរាប ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលមានការចូលរួមពីរដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិនៅថ្ងៃទី១៤ ខែវិច្ឆិកា បានឱ្យដឹងថា អង្គការFAO និងរដ្ឋបាលជលផល (FiA) ដែលទទួលបានមូលនិធិពីសហភាពអឺរ៉ុប (EU) បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីការគាំទ្រទៅលើការធ្វើឱ្យប្រសើរឡើងនូវកម្មវិធីសិក្សាបរិញ្ញាប័ត្រវិទ្យាសាស្ត្រជលផលជាបន្តបន្ទាប់ជាមួយសាកលវិទ្យាល័យចំនួនបួន ដើម្បីកែលម្អការអប់រំផ្នែកជលផលនៅកម្ពុជា។

សាកលវិទ្យាល័យទាំងបួនរួមមាន សាកលវិទ្យាល័យភូមិន្ទកសិកម្ម វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប វិទ្យាស្ថានជាតិកសិកម្មកំពង់ចាម និងសាកលវិទ្យាល័យក្រចេះ។

សេចក្តីប្រកាសព័ត៌មានបានលើកឡើងថា ក្រៅពីការពង្រឹងសមត្ថភាពស្ថាប័នលើការអប់រំផ្នែកជលផល កម្មវិធីនេះក៏នឹងធានាបានថានិស្សិតដែលសិក្សានៅសាកលវិទ្យាល័យត្រូវទទួលបានចំណេះដឹងជំនាញ ក៏ដូចជាសមត្ថភាពដែលសមស្របបំផុតទៅនឹងតម្រូវការទីផ្សារការងារនាពេលបច្ចុប្បន្ន។

ថ្លែងក្នុងសិក្ខាសាលានោះដែរលោក អេរិច បារ៉េន(Eric Baran) អ្នកជំនាញស្រាវជ្រាវជលផលអន្តរជាតិនៃអង្គការ FAO កម្ពុជា បានលើកឡើងថា ៖ «យើងកំពុងឆ្លើយតបទៅនឹងតម្រូវការបច្ចុប្បន្នរបស់មហាវិទ្យាល័យដែលបង្រៀនផ្នែកវិទ្យាសាស្ត្រជលផល ដើម្បីជួយពិនិត្យ និងធ្វើបច្ចុប្បន្នភាពកម្មវិធីសិក្សាផ្នែកជលផល ដោយដាក់បញ្ចូលចំណេះដឹង និងបច្ចេកវិទ្យាបច្ចុប្បន្ន ព្រមទាំងសម្របខ្លួនទៅនឹងទីផ្សារការងារក្នុងស្រុក តំបន់ និងអន្ដរជាតិដែលកំពុងរីកចម្រើនក្នុងវិស័យជលផល។

លោក ហែម វីរៈ នាយកវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម ក៏បានថ្លែងស្វាគមន៍ចំពោះការគាំទ្រដ៏ពិសេសលើការកែលម្អ និងអភិវឌ្ឍន៍កម្មវិធីសិក្សា តាមរយៈការសម្របសម្រួលពិគ្រោះយោបល់ជាមួយសាស្ត្រាចារ្យមកពីសាកលវិទ្យាល័យផ្សេងៗផងដែរ។

ចំណែកអ្នកស្រី ផេន សុវត្ថិឌី ព្រឹទ្ធបុរសរងនៃមហាវិទ្យាល័យ វិទ្យាសាស្ត្រព្រៃឈើ ជលផល និងបរិស្ថាននៃវិទ្យាស្ថានជាតិកសិកម្ម ព្រែកលៀប ក៏បានស្វាគមន៍ចំពោះការគាំទ្រផងដែរ។

អ្នកស្រីបន្តថា ៖ «វាជាលើកទីមួយហើយ ដែលកម្មវិធីសិក្សាផ្នែកជលផលត្រូវបានរៀបចំដោយមានការសម្របសម្រួលរវាងសាកលវិទ្យាល័យទាំងបួនដូចនេះ»។

ក្នុងអំឡុងពេលសិក្ខាសាលាព្រឹទ្ធបុរស សាស្ត្រាចារ្យ អ្នកពាក់ព័ន្ធ និងតួអង្គសំខាន់ៗបានធ្វើការវាយតម្លៃលម្អិតពីលទ្ធផលរំពឹងទុកនៃមេរៀនសិក្សាសម្រាប់មុខវិជ្ជាជលផលដើម្បីធ្វើឱ្យកាន់តែពាក់ព័ន្ធទៅនឹងតម្រូវការនៃវិស័យនេះ និងតម្រូវការរបស់ឧស្សាហកម្ម។

សិក្ខាសាលាផ្តួចផ្តើមដំបូងនេះរៀបចំឡើងនៅខេត្តសៀមរាបដែលមានការចូលរួមពីតំណាង មកពីស្ថាប័ន រាជរដ្ឋាភិបាល និងសាកលវិទ្យាល័យចំនួន៤ ចំនួន៣០នាក់។

សូមបញ្ជាក់ដែរថា អង្គការ FAO កំពុងគាំទ្រកម្មវិធីការផ្លាស់ប្ដូរបទពិសោធរវាងរដ្ឋបាលជលផល និងសាកលវិទ្យាល័យទាំងបួនផងដែរ ដោយបញ្ជូននិស្សិតបរិញ្ញាបត្រវិទ្យាសាស្ត្រឆ្នាំទី៤ ទៅហាត់ការនៅខណ្ឌរដ្ឋបាលជលផលចំនួន២០ខេត្តក្រុងទូទាំងប្រទេស។

ខណ្ឌរដ្ឋបាលជលផលទទួលនិស្សិតចុះសិក្សាស្រាវជ្រាវសម្រាប់រយៈពេលប្រាំមួយខែ ដោយធ្វើនិក្ខេបបទស្រាវជ្រាវ លើប្រធានបទដែលពាក់ព័ន្ធទៅនឹងការងាររបស់ខណ្ឌរដ្ឋបាលជលផល។ បន្ទាប់មក និស្សិតចំណាយពេល៦ខែទៀតចុះហាត់ការដើម្បីជួយការងារនៅខណ្ឌរដ្ឋបាលជលផលពាក់ព័ន្ធការគ្រប់គ្រង ដោយទទួលបានបទពិសោធការងារវិជ្ជាជីរៈបន្ថែមទៀត៕ ដោយ៖ សំបាន ច័ន្ទដារ៉ា

ads banner