យន្តការបរធនបាលកិច្ច នឹងជំរុញការវិនិយោគលើអចលនទ្រព្យប្រកបដោយទំនុកចិត្ត និងសុវត្ថិភាព
ភ្នំពេញ៖ ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ចនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានថ្លែងនៅក្នុងកម្មវិធីបណ្ដុះបណ្ដាលពីបរធនបាលកិច្ចដែលធ្វើឡើងនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នំា២០២៣ថា យន្តការបរធនបាលកិច្ចនឹងជំរុញការវិនិយោគលើអចលនទ្រព្យប្រកបដោយទំនុកចិត្ត និងសុវត្ថិភាព។
ការបណ្តុះបណ្តាលនេះ ធ្វើឡើងក្រោមប្រធានបទស្ដីពី «បរធនបាលកិច្ច៖ យន្តការសម្រាប់ការវិនិយោគលើអចលនទ្រព្យប្រកបដោយទំនុកចិត្ត» ក្នុងគោលបំណង ដើម្បីបញ្រ្ជាបការយល់ដឹងឱ្យបានកាន់តែស៊ីជម្រៅពាក់ព័ន្ធនឹងវិសាលភាព និងគុណប្រយោជន៍នៃយន្តការបរធនបាលកិច្ច សមាជិកសមាជិកានៃសមាគម អ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ដែលជាវិនិយោគិន និងធុរជនសក្ដានុពលក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា និងអាចទាញយកផលប្រយោជន៍អតិបរមាពីយន្តការបរធនបាលកិច្ចសម្រាប់ធុរកិច្ចរបស់ខ្លួន។
ឯកឧត្តម សុខ ដារ៉ា បានថ្លែងថា យន្តការបរធនបាលកិច្ចមានសារៈសំខាន់ ក្នុងការចូលរួមជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា ព្រោះជាយន្តការមួយដែលបង្កើតនូវថ្នាលទំនុកចិត្ត, មានភាពស្របច្បាប់, មានតម្លាភាព, ប្រសិទ្ធភាព និងគណនេយ្យភាព តាមរយៈការតាមដានត្រួតពិនិត្យការអនុវត្តរបស់ភាគីពាក់ព័ន្ធ។
ទាក់ទងនឹង ការផ្តល់សិទ្ធិដល់ជនបរទេសអាចទិញ និងកាន់កាប់អចលនទ្រព្យវិញ ឯកឧត្តម សុខ ដារ៉ា បានបញ្ជាក់ថា យោងតាមច្បាប់ ស្តីពីបរធនបាលកិច្ច ឆ្នាំ២០១៩ ជនបរទេសអាចទិញដីនៅកម្ពុជាបាន តាមរយៈក្រុមហ៊ុនបរធនបាលកិច្ច ដែលបច្ចុប្បន្នយន្តការនេះ ជាយន្តការដែលពេញនិយម និងមានតម្រូវការនៅក្នុងទីផ្សារ ជាពិសេសការវិនិយោគដោយប្រយោលលើវិស័យពាក់ព័ន្ធ រួមទាំងវិស័យអចនលទ្រព្យផងដែរ។
លោកបានបន្តថា បរធនបាលកិច្ច ដែលបានបង្កើត និងចុះបញ្ជីត្រឹមត្រូវតាមច្បាប់បានកើនដល់ចំនួន ៥៦៤ករណី ជាមួយនឹងទំហំបរធនជាង ១ ១០០ លានដុល្លារ ក្នុងរយៈពេលជាងមួយឆ្នាំមកនេះ ហើយរំពឹងថានឹង កើនឡើងដល់ ១ ៥០០ លាន ដុល្លារ នៅចុងឆ្នាំ២០២៣ នេះ។
អ្នកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បានឱ្យដឹងដែរថា ជំនួបរវាងសមាគម និងនិយ័តករបរធនបាលកិច្ច នាពេលនេះ វាស្របនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្តល់យន្តការពិសេសសម្រាប់ជនបរទេស ដែលមានបំណងចង់ទិញអចលនទ្រព្យនៅកម្ពុជា។
អ្នកឧកញ៉ាបានបន្ថែមថា រាជរដ្ឋាភិបាលអនុញ្ញាតឱ្យខាងវិស័យអចលនទ្រព្យធ្វើការជាមួយនឹងនិយ័តករបរធនបាលកិច្ច ដែលអាចអនុញ្ញាតឱ្យជនបរទេសទិញអចលទ្រព្យនៅកម្ពុជាបាន ដោយអនុវត្តតាមយន្តការបរធនបាលកិច្ចនេះ។
លោកបានបញ្ជាក់ថា ៖ «ការអនុវត្តន៍យន្តការនេះ នឹងធ្វើឱ្យវិស័យអចលនទ្រព្យកម្ពុជា មានលំនឹង និងបន្តដំណើរទៅមុខទៀតបាន ដើម្បីជំនះរាល់ឧបសគ្គ ដែលបាននិងកំពុងកើតមានសព្វថ្ងៃនេះ ដោយសារនិន្នាការសកល។ យើងដឹងហើយ បច្ចុប្បន្ននេះ បញ្ហាកើតឡើង៣ផ្ទួនៗគ្នាមាន កូវីដ១៩, សង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន និងសង្រ្គាមអ៊ីស្រាអែល និងក្រុមហាម៉ាស់»។
អ្នកឧកញ៉ាបានថ្លែងថា៖ «យើងសង្ឃឹម និងជឿជាក់ថា យន្តការ និងគោលនយោបាយថ្មីៗ ដែលរាជរដ្ឋាភិបាលបានដាក់ចេញនៅក្នុងជំនួបជាមួយវិស័យឯកជនម្សិលមិញនេះ (១៣ វិច្ឆិកា) នឹងធ្វើឱ្យវិស័យអចលនទ្រព្យកាន់តែប្រសើរឡើងថែមទៀត»។
សូមរំឮកដែរថា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជានាវេទិការាជរដ្ឋាភិបាល និងផ្នែកឯកជន លើកទី១៩ ដែលធ្វើឡើងកាលទី១៣ ខែវិច្ឆិកា បានលើកឡើងពីការបន្តការអនុគ្រោះក្នុងវិស័យសំណង់ និងវិស័យអចលនទ្រព្យមួយចំនួន។ នៅក្នុងលោកបានលើកទាក់ទងនឹងការផ្តល់សិទ្ធិដល់ជនបរទេសទិញលំនៅឋាន ។
សម្ដេចធិបតីបានបញ្ជាក់យ៉ាងច្បាស់ថា រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជានិងបទដ្ឋានគតិយុត្តពាក់ព័ន្ធមិនបានអនុញ្ញាតឱ្យជនបរទេស,ទាំងជារូបវន្តបុគ្គល, ទាំងជានីតិបុគ្គល, អាចក្លាយជាម្ចាស់កម្មសិទ្ធិលើដីធ្លី នោះឡើយ ពោលគឺ មានតែរូបវន្តបុគ្គល ឬនីតិបុគ្គល ដែលមានសញ្ជាតិជាខ្មែរទេ ទើបមានសិទ្ធិជាម្ចាស់កម្មសិទ្ធិលើដីធ្លី ។
សម្ដេចធិបតីបានអះអាងថា បន្ទាប់ពីធ្វើការសិក្សា និងពិនិត្យឡើងវិញនូវបទដ្ឋានគតិយុត្តដែលមានស្រាប់, កម្ពុជាក៏មានយន្តការដែលផ្តល់សិទ្ធិឱ្យជនបរទេសអាចទិញ និងកាន់កាប់អចលនទ្រព្យ ដោយមានសិទ្ធិស្ទើរតែដូច គ្នានឹងសិទ្ធិរបស់កម្មសិទ្ធិករដែរ តាមរយៈយន្តការចំនួនបី។
នៅក្នុងយន្តការមួយក្នុងចំណោមនេះ គឺយន្តការតាមរយៈក្រុមហ៊ុនបរធនបាល ដែលជនបរទេសអាចទិញដីនៅកម្ពុជាបាន តាមរយៈក្រុមហ៊ុនបរធនបាល ដែលបានចុះបញ្ជីបរធនបាលកិច្ចនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រឹមត្រូវ ពោលគឺជនបរទេសអាចទិញទ្រព្យសម្បត្តិ ដោយមានក្រុមហ៊ុនបរធនបាលដើរតួជាអ្នកគ្រប់គ្រងទ្រព្យសម្បត្តិនេះ តែក្រុមហ៊ុននោះគ្មានសិទ្ធិយកទៅលក់បន្តឡើយ ដរាបណាមិនមានការយល់ព្រមពីជនបរទេសដែលជាម្ចាស់ទ្រព្យ ៕ ដោយ៖ វណ្ណ សុជាតា