លោក បៃដិន និងលោក ស៊ី នឹងពិភាក្សាគ្នាលើបណ្ដាញទំនាក់ទំនងការប្រកួតប្រជែងអាមេរិក-ចិន ក្រៅកិច្ចប្រជុំកំពូល APEC សប្ដាហ៍នេះ
អាមេរិក៖ សេតវិមានបាននិយាយកាលពីថ្ងៃចន្ទថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងប្រធានាធិបតីចិន លោក ស៊ី ជិនភីង នឹងពិភាក្សាគ្នាអំពីការពង្រឹងបណ្ដាញទំនាក់ទំនង និងការគ្រប់គ្រងការប្រកួតប្រជែងក្នុងជំនួបក្រៅកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) នៅសប្តាហ៍នេះ។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
ជំនួបដោយផ្ទាល់នៅឆកសមុទ្រសានហ្រ្វង់ស៊ីស្កូនាថ្ងៃពុធនេះ នឹងក្លាយជាជំនួបលើកដំបូងរវាងលោក បៃដិន និងលោក ស៊ី ក្នុងរយៈពេលមួយឆ្នាំ ក្នុងគោលបំណងបន្ថយភាពតានតឹងរវាងប្រទេសមហាអំណាចពិភពលោកទាំង២។
ទីប្រឹក្សាសន្តិសុខជាតិរបស់សេតវិមានលោក ចេក ស៊ូលីវ៉ាន បានប្រាប់អ្នកយកព័ត៌មានថា លោក បៃដិនជឿថា ការជួបគ្នាពិភាក្សាការទូតដោយផ្ទាល់គឺជាជម្រើសសំខាន់បំផុតដើម្បីគ្រប់គ្រងទំនាក់ទំនងដ៏ស្មុគស្មាញ។
លោក ស៊ូលីវ៉ាន បាននិយាយដោយសម្អាងថា៖ «យើងរំពឹងថា មេដឹកនាំទាំង២នឹងពិភាក្សាអំពីធាតុជាមូលដ្ឋានសំខាន់បំផុតមួយចំនួនសម្រាប់ទំនាក់ទំនងទ្វេភាគី សហរដ្ឋអាមេរិក-ចិន រួមទាំងសារៈសំខាន់នៃការបន្តពង្រឹងបណ្តាញទំនាក់ទំនងបើកចំហ និងការគ្រប់គ្រងការប្រកួតប្រជែងប្រកបដោយការទទួលខុសត្រូវ ដើម្បីវាធ្លាក់ទៅជាជម្លោះ» ។
មន្រ្តីសេតវិមានដដែលបន្តថា៖ «វិធីដែលយើងសម្រេចបាននោះគឺតាមរយៈភាពខ្នះខ្នែងនៃការទូត។ នោះហើយជារបៀបដែលយើងជម្រះការយល់ខុស និងជៀសវាងការភ្ញាក់ផ្អើលផ្សេងៗ»។
បន្ថែមពីនេះ លោក ស៊ូលីវ៉ាន បាននិយាយថា អាមេរិកកំពុងស្វែងរកលទ្ធផលជាក់លាក់ពីកិច្ចប្រជុំ APEC ហើយសង្ឃឹមថានឹងឃើញវឌ្ឍនភាពក្នុងការបង្កើតទំនាក់ទំនងរវាងយោធានិងយោធាជាមួយប្រទេសចិនឡើងវិញ និងក្នុងការប្រយុទ្ធប្រឆាំងនឹងពាណិជ្ជកម្មថ្នាំហ្វេនតានីល (Fentanyl) ដែលបង្កគ្រោះថ្នាក់ដល់អាយុជីវិតពលរដ្ឋអាមេរិកជាច្រើន។
គួរបញ្ជាក់ថា ប្រទេសចិនបានកាត់ផ្តាច់ទំនាក់ទំនងយោធានិងយោធាជាមួយសហរដ្ឋអាមេរិកកាលពីឆ្នាំមុន ក្រោយអតីតប្រធានសភាអាមេរិកលោកស្រី ណាន់ស៊ី ប៉េឡូស៊ី ជម្នះធ្វើដំណើរទស្សនកិច្ចទៅកោះតៃវ៉ាន់ ដែលចិនទាមទារថាជារបស់ខ្លួន។ ភាពតានតឹងទំនាក់ទំនងអាមេរិក-ចិន កាន់តែកើនឡើងខ្លាំងថែមទៀត ពេលសហរដ្ឋអាមេរិកបានបាញ់ទម្លាក់បាឡុងចារកម្មចិនកាលពីខែកុម្ភៈដើមឆ្នាំនេះ។
ជុំវិញបញ្ហានេះ លោក ស៊ូលីវ៉ាន បានលើកឡើងថា ការប្រាស្រ័យទាក់ទងគ្នារវាងយោធា គឺជាមធ្យោបាយដើម្បីធានាថា ការប្រកួតប្រជែងមិនវិវត្តន៍ទៅជាជម្លោះ។
គេមើលឃើញថា ចាប់តាំងពីលោក បៃដិន ឡើងកាន់អំណាចក្នុងឆ្នាំ ២០២១ លោកបានធ្វើកិច្ចសន្ទនាជាមួយគ្នាប្រមាណប្រាំមួយដង។ នេះបើតាមរ៉យទ័រ។ ប៉ុន្តែធ្លាប់ជួបគ្នាតែម្ដងប៉ុណ្ណោះ រាប់ចាប់តាំងពីពេលនេះមក ខណៈលោក ស៊ី ខកខានធ្វើដំណើរទស្សនកិច្ចទៅអាមេរិករាប់តាំងពីឆ្នាំ ២០១៧ មកម្ល៉េះ។ អ្នកវិភាគនិយាយថា ជំនួបលើកនេះ នឹងពេញដោយបរិយាកាសសង្ស័យ ក៏ដូចជាភាពមិនប្រកដប្រជាចំពោះគ្នាទៅវិញទៅមក។
ក្រៅពីនេះផងដែរ ងាកទៅមើលកិច្ចប្រជុំ APEC ដែលនឹងប្រព្រឹត្តពីថ្ងៃពុធ ដល់ថ្ងៃសុក្រវិញ ក៏រំពឹងថានឹងគ្របដណ្តប់លើបញ្ហាសកល រាប់តាំងពីសង្គ្រាមអ៊ីស្រាអែល-ហាម៉ាស រហូតដល់ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន ទំនាក់ទំនងរបស់កូរ៉េខាងជើងជាមួយរុស្ស៊ី បញ្ហាតៃវ៉ាន់ សិទ្ធិមនុស្ស បញ្ញាសិប្បនិមិ្មត ក៏ដូចជាបញ្ហាទំនាក់ទំនងពាណិជ្ជកម្ម និងសេដ្ឋកិច្ចជាដើម៕ ប្រែសម្រួល៖ ហួន ឌីណា