ខេត្តមណ្ឌលគិរី ក្លាយជាខេត្តទី១៤ ដែលត្រូវបានប្រកាសជាខេត្តអស់មីន
ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន ដែលបានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីប្រកាសខេត្តមណ្ឌលគិរីជាខេត្តអស់មីនបានមានប្រសាសន៍ថា សម្តេចធិបតីនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានផ្តល់នូវអំណោយជាសមិទ្ធផលសកម្មភាពមីនសម្រាប់ចុងឆ្នាំ២០២៣ ជូនដល់ប្រជាជនខេត្តមណ្ឌលគិរី ឱ្យរួចចាកផុតពីគំរាមកំហែងដោយសារមីន។ ខេត្តមណ្ឌលគិរី គឺជាខេត្តទី១៤ ប្រកាសជាខេត្តអស់មីន ដែលបានបោសសម្អាតចាប់ពីឆ្នាំ២០០២ ដោយប្រតិបត្តិករចំនួនបី រួមមាន មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ,អង្គភាពស៊ីម៉ាក់ និងអង្គការម៉ែក ក្នុងទំហំផ្ទៃដីប្រមាណជា ១៧ ៨៨៦ ៥៦៤ ម៉ែត្រក្រឡា ដោយមានការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈ «មូលនិធិកម្ពុជាគ្មានមីនឆ្នាំ២០២៥» ប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍន៍។
ឯកឧត្តមបន្តថា នេះគឺជាស្នាដៃប្រវត្តិសាស្រ្តរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ប្រជាជនខេត្តមណ្ឌលគិរីទាំងមូល ឱ្យទទួលបាននូវសេរីភាពរួចចាកផុតពីការគំរាមដោយសារមីនដែលជាមរតកពីសង្រ្គាម ក្រោមម្លប់សន្តិភាពកើតចេញពីនយោបាយ ឈ្នះ ឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ដែលបានខិតខំប្រឹងប្រែងពលីស្វែងរកមកយ៉ាងលំបាក។
ឯកឧត្តម លី ធុជ មានប្រសាសន៍ថា ជាមួយនឹងផ្លែផ្កានៃសន្តិភាព ការងារបោសសម្អាតមីន ពិតជាបានរួមចំណែកធ្វើឱ្យមានភាពខុសប្លែកគ្នាយ៉ាងខ្លាំងចំពោះសុខសុវត្ថិភាព សន្តិសុខ និងជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា ដែលកំពុងរស់នៅក្នុងសហគមន៍ដែលរងផលប៉ះពាល់ដោយសារសំណល់ជាតិផ្ទុះពីសង្រ្គាម។ នេះគឺជាភាពជោគជ័យនៃការងារបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមរយៈពេលជាង ៣០ឆ្នាំនៅកម្ពុជា ដែលរាជរដ្ឋាភិបាលបានចំណាយថវិកាអស់ជាង ២០០ លានដុល្លារអាមេរិក ដើម្បីធានាសុខសុវត្ថិភាព និងសុខក្សេមក្សាន្តជូនប្រជាពលរដ្ឋទូទាំងប្រទេស។
សូមបញ្ជាក់ដែរថា នៅឆ្នាំ២០២៤ ខាងមុខនេះ កម្ពុជានឹងទទួលធ្វើជាប្រធាននៃអនុសញ្ញាអូតាវ៉ា ដោយសម្រេចជ្រើសយកខេត្តសៀមរាបជាទីកន្លែងសម្រាប់ធ្វើជាម្ចាស់ផ្ទះនៃ កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ដែលមានតំណាងមកពីរដ្ឋភាគី និងរដ្ឋអង្កេតការណ៍ប្រមាណជាង ២០០ប្រទេសចូលរួម។
យោងតាមរបាយការណ៍អាជ្ញាធរមីន បានឱ្យដឹងថា រយៈពេលជាង ៣០ឆ្នាំ កម្ពុជា បានរំដោះផ្ទៃដីពីការគំរាមដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមបានចំនួន ២ ៧៩៥ គីឡូម៉ែត្រក្រឡា ដោយបានរកឃើញ និងបំផ្លាញចោលមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះបានរាប់លានគ្រាប់ និងផ្តល់អត្ថប្រយោជន៍ជូនពលរដ្ឋជាង ១១លាននាក់។
រាជធានីខេត្ត ដែលប្រកាសអស់មីនចំនួន១៤នៅទូទាំងប្រទេសកម្ពុជា រួមមាន៖ រាជធានីភ្នំពេញ ខេត្តស្ទឹងត្រែង កែប ព្រៃវែង ព្រះសីហនុ ត្បូងឃ្មុំ កំពង់ចាម ស្វាយរៀង កំពង់ឆ្នាំង កណ្តាល តាកែវ ខេត្តកំពត ខេត្តកំពង់ស្ពឺ និងខេត្តមណ្ឌលគិរី៕ ដោយ៖ នាង សុគន្ធា