សមាគម និងអ្នកលក់ដូរតាមដងផ្លូវចង់ឱ្យរាជរដ្ឋាភិបាលពង្រីកវិសាលភាពប្រព័ន្ធគាំពារសង្គមដូចអ្នកក្នុងប្រព័ន្ធ
ភ្នំពេញ៖ សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ(IDEA)និងអ្នកលក់ដូរតាមដងផ្លូវបានស្នើឱ្យរាជរដ្ឋាភិបាលកម្ពុជាពង្រីកវិសាលភាពប្រព័ន្ធគាំពារសង្គមឱ្យដូចអ្នកនៅក្នុងប្រព័ន្ធ ដើម្បីជួយលើកកម្ពស់ជីវភាពរបស់អ្នកលក់ដូរតាមដងផ្លូវឱ្យកាន់តែប្រសើរឡើងថែមទៀត ។នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ របស់អង្គការអុកស្វាមនិងសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលបានសហការរៀបចំប្រារព្ធទិវាអន្តរជាតិអ្នកលក់ដូរតាមដងផ្លូវលើកទី១១ក្រោមប្រធានបទ «ប្រព័ន្ធគាំពារសង្គមសម្រាប់អ្នកលក់ដូរតាមផ្លូវនៅកម្ពុជា» ។
សេចក្ដីប្រកាសព័ត៌មានបញ្ជាក់ថា៖ «អ្នកលក់ដូរតាមដងផ្លូវ គឺជាកម្លាំងពលកម្មសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឬបុគ្គលស្វ័យនិយោជន៍ដែលបានចូលរួមចំណែកក្នុងការបង្កើនសេដ្ឋកិច្ចជាតិដ៏សំខាន់និងបានស្រូបយកកម្លាំងពលកម្មទូទាំងប្រទេស ជាពិសេសបានកាត់បន្ថយការចំណាកស្រុកដោយប្រថុយប្រថាន»។
ប្រភពដដែលថា ៖ «អ្នកលក់ដូរតាមដងផ្លូវក៏ដូចជាកម្មករដទៃដែរ ហេតុដូចនេះពួកគេក៏អាចមានសិទ្ធិទទួលបានការគាំពារសង្គមដ៏ពេញលេញ»។
អាជីវករលក់ចំណីអាហារចល័តនៅខណ្ឌដូនពេញ អ្នកស្រី ចាប ចិន្តា បាននិយាយថា អ្នកស្រីរីករាយដែលទទួលបានបណ្ណប.ស.ស. ដែលអាចជួយអ្នកស្រីទទួលបានសេវាថែទាំសុខភាព តែអីដែលអ្នកស្រីចង់បាននោះ បណ្ណនេះអាចគ្របដណ្តប់របបគាំពារសង្គមពេញលេញដូចអ្នកប្រកបមុខរបរក្នុងប្រព័ន្ធដែរ ដូចជា គាំពារមាតុភាព គ្រោះថ្នាក់ការងារ និងសោធនកាន់តែប្រសើរ។
ជាមួយគ្នានេះ លោក វន់ ពៅ ប្រធានIDEA បានថ្លែងឱ្យដឹងនៅថ្ងៃទី១៥ ខែវិច្ឆិកាថា សមាគម បាននិងបន្តធ្វើការចងក្រងផ្តល់ការបណ្តុះបណ្តាល ផ្សព្វផ្សាយ និងធ្វើយុទ្ធនាការគាំពារសង្គមជាមួយអ្នកលក់ដូរតាមដងផ្លូវ ដើម្បីទទួលបានប្រព័ន្ធគាំពារសង្គមសម្រាប់អ្នកលក់ដូរតាមដងផ្លូវឱ្យកាន់តែប្រសើរ។
លោកបន្តថា បច្ចុប្បន្ន សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានចងក្រងអ្នកលក់ដូរតាមដងផ្លូវបានចំនួន ២២ក្រុម ដែលរួមមានសមាជិកសរុប ២៩៩៤ នាក់ ហើយអ្នកលក់ដូរជាស្រ្តីមានចំនួន ២ ៣៧៨ នាក់ នៅតាមបណ្តារាជធានីភ្នំពេញ និងខេត្តចំនួន៦។
លោក វន់ ពៅ បានថ្លែងថា ៖ «អ្នកលក់ដូរតាមដងផ្លូវ គឺជាសរសៃឈាមនៃសេដ្ឋកិច្ចជាតិ ។ដូច្នេះយើងស្នើសុំរាជរដ្ឋាភិបាលបន្ត និងពង្រឹងការគាំពារដល់អ្នកលក់ដូរតាមដងផ្លូវឱ្យបានពេញលេញ ជាពិសេសស្ត្រី មិនត្រូវទុកចោលជាដាច់ខាត»។
ចំណែក លោកស្រី ភាណ សោភ័ណ នាយិការបស់អង្គការអុកស្វាម បានលើកឡើងដោយកោតសរសើរចំពោះកិច្ចអន្តរាគមន៍របស់រាជរដ្ឋាភិបាលក្នុងការឆ្លើយតបទៅនឹងតម្រូវការរបស់ស្វ័យនិយោជជន និងកម្មករនិយោជិតដែលបម្រើការនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ តាមរយៈការអនុវត្តគម្រោងរបបសន្តិសុខសង្គមលើប្រព័ន្ធថែទាំសុខភាពតាមរយៈការរួមចំណែកដោយស្ម័គ្រចិត្ត។
លោកស្រីថ្លែងថា ៖ «ខណៈពេលដែលកម្មវិធីនេះនឹងផ្តល់ការការពារដល់ផ្នែកសុខភាព យើងអំពាវនាវឱ្យរដ្ឋាភិបាលពន្លឿនការទទួលស្គាល់ផ្លូវច្បាប់ និងការការពារសុខុមាលភាព និងស្ថានភាពសេដ្ឋកិច្ចរបស់អ្នកលក់ដូរតាមដងផ្លូវ ជាពិសេសស្ត្រី»។
លោកស្រីបន្ថែមថា ហើយអង្គការអុកស្វាម ប្តេជ្ញាបន្តការងាររបស់ខ្លួនជាមួយរាជរដ្ឋាភិបាលកម្ពុជា និងអ្នកពាក់ព័ន្ធដទៃទៀតក្នុងការលើកកម្ពស់ និងធានាការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃកិច្ចគាំពារសង្គមប្រកបដោយបរិយាបន្ន។
យោងតាមការសិក្សារបស់អង្គការអុកស្វាម (Oxfam) នៅក្នុងឆ្នាំ ២០១៩ បានប៉ាន់ប្រមាណថា អ្នកលក់ដូរតាមដងផ្លូវក្នុងប្រទេសកម្ពុជាមានចំនួនរហូតដល់ ១,៦៧៣,៣៩០នាក់ ឬស្មើនឹង ១០ភាគរយនៃចំនួនប្រជាពលរដ្ឋសរុប។ ការសិក្សាដដែលបានឱ្យដឹងទៀតថា ក្នុងចំណោម ១០ភាគរយនេះ ក្នុងនោះមានអ្នកលក់ដូរតាមដងផ្លូវជាស្ដ្រីប្រមាណ ៧៥ភាគរយ៕
ដោយ៖ជា សុខនី

