ប្រជាពលរដ្ឋ បង្ហាញអារម្មណ៍រីករាយជាមួយ វត្តមានស្ពានកោះនរា ចូលរួមដោះស្រាយបញ្ហាស្ទះចរាចរណ៍មួយចំណែកធំនៅចំណុចស្ពានព្រះមុន្នីវង្ស

ភ្នំពេញ៖ ប្រជាពលរដ្ឋរាជធានីភ្នំពេញ និយាយជារួម និយាយដោយឡែកប្រជាពលរដ្ឋរស់នៅនិងធ្វើដំណើរឆ្លងកាត់ស្ពានព្រះមុន្នីវង្សឬស្ពានច្បារអំពៅ ដែលស្ថិតនៅក្នុងខណ្ឌចំការមន និងខណ្ឌច្បារអំពៅ ដែលពេលមុនធ្លាប់តែធ្វើដំណើរមកធ្វើការបំពេញការ ឬប្រកបរបរផ្សេងៗ មានបញ្ហាកកស្ទះចរាចរណ៍ ពិសេសនៅ ពេលព្រឹកនិងនៅពេលរសៀល លែងសូវលំបាកចិត្តរឿងកកស្ទះដូចមុនទៀតហើយ បន្ទាប់ពីមានវត្តមានស្ពានកោះនរាដ៏ថ្មីស្រឡាងដែលអាចបញ្ចៀសចរាចរណ៍បានមួយចំនួន។ វត្តមានស្ពានកោះនរា និងស្ពានភ្លោះ នេះគឺជាសម្មិទ្ធិផលថ្មីស្រឡាង និងរួមចំណែកយ៉ាច្រើនដល់ការធ្វើដំណើរ ការដឹកជញ្ជូនផ្សេងៗ ជំនួសឱ្យអ្នកធ្វើដំណើរដែលធ្លាប់តែប្រើប្រាស់ផ្លូវធ្វើដំណើរស្របពេលជាមួយគ្នា នៅត្រង់ចំណុចស្ពានព្រះមុន្នីវង្ស ខណៈដែលការសាងសង់សំណង់ស្ពានអាកាសបន្ថែមដើម្បីបញ្ចៀសចរាចរណ៍កំពុងមមារញឹក។

ប្រជាពលរដ្ឋរស់នៅខណ្ឌច្បារអំពៅ បានមានប្រសាសន៍ស្រដៀងគ្នាថា ពីមុនមកស្ពានច្បារអំពៅមានការកកស្ទះខ្លាំង ហើយចរាចរណ៍ណែនណាន់តាន់តាប់ តែក្រោយមានវត្តមានស្ពានកោះនរា មកកោះពេជ្រនេះបានដាក់ឱ្យប្រជាពលរដ្ឋធ្វើដំណើរបាន គឺមានការធូរស្បើយជាងមុន កាត់បន្ថយពេលវេលាធ្វើដំណើរ និងកាត់បន្ថយទៅលើការចំណាយប្រេងសាំងមួយចំណែកផងដែរ ។

ប្រជាពលរដ្ឋនៅតែលើកឡើងថា កត្តាសុខសន្តិភាព ទើបធ្វើឱ្យរាជរដ្ឋាភិបាល មានលទ្ធភាព និងពេលវេលាគ្រប់គ្រន់នៅក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ស្ពានថ្នល់ បម្រើដល់ការដឹកជញ្ជូន ទំនិញគ្រប់ប្រភេទ ក៏ដូចជាការដោះស្រាយបញ្ហាកកស្ទះចរាចរណ៍នៅតាមចំណុចសំខាន់ៗនៃរាជធានីភ្នពេញពិសេសគឺនៅច្រកចេញចូលតាមស្ពាន។

ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការ “ស្ពាននាគភ្លោះកោះនរា និងស្ពានបេតុងខ្សែកាប តភ្ជាប់តំបន់អភិវឌ្ឍកោះនរា និងតំបន់អភិវឌ្ឍកោះពេជ្រ” កាលពីរសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ កម្ពុជា បានថ្លែងថា សមិទ្ធផល «ស្ពាននាគភ្លោះកោះនរា និងស្ពានបេតុងខ្សែកាបតភ្ជាប់តំបន់អភិវឌ្ឍកោះនរា និងតំបន់អភិវឌ្ឍកោះពេជ្រ» គឺជាសមិទ្ធផលដ៏ថ្លៃថ្លាកើតចេញក្រោមគំនិតផ្ដួចផ្ដើមរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដីកម្ពុជា ដោយបានដាក់ចេញនូវយុទ្ធសាស្រ្ដ «ទីក្រុង ចិញ្ចឹមទីក្រុង និងស្លឹកត្នោតខ្ទប់ស្ករត្នោត»។សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ប្រជាពលរដ្ឋជាច្រើនម៉ឺននាក់ នឹងទទួលបានផលប្រយោជន៍ នៅតំបន់ស្ពាននាគភ្លោះកោះនរា និងស្ពានបេតុងខ្សែកាបតភ្ជាប់តំបន់អភិវឌ្ឍកោះនរានេះ។

សូមជម្រាបថា ស្ពានខ្សែកាបតភ្ជាប់រវាងតំបន់អភិវឌ្ឍន៍កោះនរា និងតំបន់អភិវឌ្ឍន៍កោះពេជ្រ បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២០ សាងសង់ដោយក្រុមហ៊ុន OCIC។ ស្ពានខ្សែកាបដ៏ថ្មីសន្លាងមួយនេះ មានប្រវែង ៨៤៤ ម៉ែត្រ និង ទទឹង២៤,៥០ម៉ែត្រ ចែកចេញជា ៤គន្លងរថយន្ត , ២គន្លងទោចក្រយានយន្ត និង ២គន្លង សម្រាប់ថ្មើរជើង៕

ដោយ ង៉ាន់ ទិត្យ វណ្ណលុក , រូបភាព៖ វ៉េង លីមហួត, សួង ពិសិដ្ឋ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner